រដ្ឋាភិបាល​ចិន​កោតសរសើរ​ ចំពោះ​គោលជំហរ​យ៉ាង​មុតមាំ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

រដ្ឋាភិបាល​ចិន​កោតសរសើរ​ ចំពោះ​គោលជំហរ​យ៉ាង​មុតមាំ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​



ភ្នំពេញ ៖ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ដែល​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន កាលពី​ថ្ងៃ​អង្គារ ទី​២១ ខែមិថុនា ឆ្នាំ​២០១៦ និង​បាន​បញ្ជាក់​ថា មក​ដល់ពេលនេះ​មាន​ប្រទេស​ជាច្រើន​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ជំហរ​របស់​រដ្ឋាភិបាល​ចិន ទៅលើ​ជម្លោះ​ដែនសមុទ្រ​ចិន​ខាងត្បូង។

តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នា​យប់​ថ្ងៃ​អង្គារ ទី​២១ ខែមិថុនា ឆ្នាំ​២០១៦​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោកស្រី Hua Chunying បាន​ច្រានចោល​ព័ត៌មាន​មួយ​ចំនួន ដែល​បាន​ចុះផ្សាយ​ថា មាន​ប្រទេស​ចំនួន​តែ​៨​ប៉ុណ្ណោះ ដែល​បាន​គាំទ្រ​ចិន​លើ​បញ្ហា​សមុទ្រ​ចិន។ លោកស្រី​បញ្ជាក់​ថា “​ខ្ញុំ​បាន​ដឹង​ច្បាស់​ហើយ​ថា សារព័ត៌មាន​លោក​ខាងលិច​មួយ​ចំនួន ពេលខ្លះ​ពួកគេ​បាន​កែប្រែ​ពី ស​-​ខ្មៅ ប៉ុន្តែ​ខ្ញុំ​មិន​ខ្វល់​នឹង​ពួកគេ ដែល​មាន​បញ្ហា​ចំពោះ​ចំនួន​នៃ​ប្រទេស​គាំទ្រ​នោះ​ទេ។

លោកស្រី Hua Chunying អះអាង​ថា រដ្ឋាភិបាល​ចិន​បាន​សម្ដែង​ការ​កោតសរសើរ​គោលជំហរ​យ៉ាង​មុតមាំ និង​ដឹងគុណ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​បញ្ហា​ជម្លោះ សមុទ្រ​ចិន​ខាងត្បូង និង​ការ​មិន​ចូលរួម​ចេញ​សេចក្ដីថ្លែងការណ៍​គាំទ្រ​សាលដីកា​តុលាការ​ពាក់ព័ន្ធ​ជម្លោះ​សមុទ្រ​ខាងត្បូង ដែល​ហ្វីលីពីន​បាន​ប្តឹង​ជា​ឯកតោភាគី ទៅ​តុលាការអន្តរជាតិ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying ថ្លែង​យ៉ាង​ដូច្នេះ​។ លោកស្រី​បន្ត​ថា ប្រទេស​កាន់តែ​ច្រើន​ឡើងៗ​ហើយ បាន​សម្តែង​ការ​គាំទ្រ​របស់​ពួកគេ បន្ទាប់ពី​ពួកគេ​បាន​យល់​កាន់​តែច្បាស់​អំពី​បញ្ហា និង​ធម្មជាតិ​ នៃ​ការ​ធ្វើជា​អាជ្ញា​កណ្តាល​។ លោកស្រី​បាន​ប្រកាស​ដោយ​ចំហ​ថា ប្រទេស​ដូចជា ហ្សំ​ប៊ី​, កា​ម៉េ​រូ​ន​, អេ​ត្យូ​ពី​, និង ម៉ាឡាវី ជាដើម កាល​ពីពេល​ថ្មីៗ​នេះ​បាន​យល់ព្រម​គាំទ្រ​ជំហរ​របស់​ប្រទេស​ចិន ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ទៅ​ហើយ។

បន្ថែម​ពី​នេះ​ទៀត កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ ប្រទេស​ចិន និង​ស៊ែ​ប៊ី បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួមគ្នា​ថា ជម្លោះ​ដែនសមុទ្រ​ចិន​ខាងត្បូង គួរតែ​ត្រូវ​ធ្វើ​ការ​ដោះស្រាយ ដោយ​ភាគី​ពាក់ព័ន្ធ​ផ្ទាល់​តាមរយៈ​កិច្ចចរចា និង​សម្របសម្រួល​ជា​លក្ខណៈ​មិត្តភាព​។ លោកស្រី Hua បាន​បន្ត​ថា ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ គួរតែ​គោរព​ចំពោះ​កិច្ច​ព្រមព្រៀង​ទ្វេភាគី និង​សេចក្តីប្រកាស​នៃ​ភាគី​ពាក់ព័ន្ធ​បញ្ហា សមុទ្រ​ចិន​ខាងត្បូង (DOC) ខណៈដែល​មានការ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី។

ក្រសួងការបរទេស​ចិន បាន​ប្រកាស​យ៉ាងច្បាស់​លាស់​ថា ប្រទេស​ចិន នឹងមិន​ទទួល ឬក៏​ចូលរួម​នៅ​ក្នុង​ការ​ទទួលយក​ការសម្រេច​ណាមួយ ដែល​ស្នើ​ឡើងជា​ឯកតោភាគី ដោយ​ប្រទេស​ហ្វីលីពីន​នោះ​ឡើយ​។ គ្មាន​នរណា​ម្នាក់​អាច​ទាមទារ​ឲ្យ​ចិន ទទួលយក​លទ្ធផល​ណាមួយ ដែល​បាន​មកពី​តុលាការ ដែល​មិន​ស្របច្បាប់ និង​អយុត្តិធម៌​នោះ​ឡើយ។ ជំហរ​ចិន គឺ​ជួយ​ការពារ​សេចក្តី​ថ្លៃថ្នូរ​ និង​សិទ្ធិ​អំណាច​នៃ​ច្បាប់​អន្តរជាតិ។

សរុប​សេចក្ដី​មក​ប្រទេស​ចិន​បាន​និយាយ​ថា ខ្លួន​នឹង​បន្ត​ដោះស្រាយ​ជម្លោះ​ជាមួយនឹង​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ដោយ​ឈរ​លើ​មូលដ្ឋានគ្រឹះ​នៃ​ការ​គោរព​សច្ចភាព​នៃ​ប្រវត្តិសាស្ត្រ និង​អនុ​ឡោម​ទៅតាម​ច្បាប់​អន្តរជាតិ។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦ ក្នុងឱកាស​អញ្ជើញ​ចែក​សញ្ញាប័ត្រ ដល់​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល ដែល​ធ្វើឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានលើកឡើង​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ និង​បាន​ប្រកាស​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹងមិន​ចូលរួម​ការចេញ​សេចក្តីថ្លែងការណ៍​ណាមួយ​ទាំងអស់ គាំទ្រ​ការចេញ​សាលដីកា​របស់ តុលាការ ពាក់ព័ន្ធ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដោយ​កម្ពុជា​ប្រកាន់​ជំហរ​អព្យាក្រឹត្យ ហើយ​អំពាវនាវ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ជម្លោះ ជាមួយ​ភាគី​ចិន ជួបចរចា​គ្នា ដើម្បី​ដោះស្រាយ កុំ​ឲ្យ​កម្ពុជា​ចេញមុខ​ចរចា​។

ការលើកឡើង​នូវ​សារ​នយោបាយ​លើ​បញ្ហា​សមុទ្រ​ចិន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ចោទ​ប្រកាន់​ថា កម្ពុជា​បាន​បំផ្លាញ​ការ​ចេញ​សេចក្តីថ្លែងការណ៍​រួម​របស់​អាស៊ាន​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា កម្ពុជា​បាន​ដើរតួនាទី​យ៉ាង​ល្អ ក្នុងការ​សម្របសម្រួល​កិច្ចការ​សមុទ្រ​ចិន​ខាងត្បូង រវាង​ចិន និង​ប្រទេស​ក្នុង​តំបន់ ហើយ​សូម​ធ្វើការ​អំពាវនាវ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​រឿង​សមុទ្រ​ចិន​ខាងត្បូង ជួបចរចា​គ្នា​ដើម្បី​ដោះស្រាយ កុំ​ឲ្យ​កម្ពុជា​ចេញមុខ​ចរចា​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “​ខ្លួនឯង​ទាស់​គ្នា​ដណ្តើម​ដី​គ្នា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មក​ចោទ​តែ​កម្ពុជា​ជា​អ្នក​បំផ្លាញ សុំ​ប្រទេស​ដែលមាន​បញ្ហា​ចេញមក​ចរចា​ដោយ​ខ្លួន​ទៅ កម្ពុជា​សុំ​ធ្វើជា​ប្រទេស​អ​ព្យា​ក្រឹត្យ​លើ​បញ្ហា​នេះ​, កម្ពុជា​មិន​ធ្វើ​អាយ៉ង​របស់​អ្នកណា​នោះទេ​» លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។

សម្ដេច​តេ​ជោ​បាន​លើកឡើង​ទៀតថា កាលពី​ប្រហែល​ជាង​មួយខែ​មុន មាន​មន្ត្រីការទូត​របស់​ប្រទេស​មួយ សុំ​មិន​បញ្ចេញ​ឈ្មោះ បានមក​បញ្ចុះបញ្ចូល​ឲ្យ​កម្ពុជា​ចូលរួម​ចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​ការចេញ​សាលដីកា​របស់​តុលាការ​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ខាងត្បូង ហើយ​សម្តេច​បាន​ហៅ​ការ​បញ្ចុះ​បញ្ចូល​នេះ ថា​ពួកគេ​បានដឹង​យ៉ាងច្បាស់​អំពី​ការចេញ​សាលដីកា​របស់​តុលាការ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ គេ​បាន​ទំនាក់ទំនង​ជាមួយ​តុលាការ​រួចហើយ មុន​ចេញ​សាលដីកា​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ដូច្នេះ​តុលាការ​ក៏​មិន​យុត្តិធម៌​ដែរ ដូច្នេះ​កម្ពុជា​ប្រកាស​មិន​គាំទ្រ​នោះ​ទេ ហើយ​សម្តេច​តេ​ជោ​បាន​អំពាវនាវ​ប្រទេស​ខាងក្រៅ​អាស៊ាន កុំ​លូកដៃ​ចូល​កិច្ចការ​របស់​អាស៊ាន លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង៕
រដ្ឋាភិបាល​ចិន​កោតសរសើរ​ ចំពោះ​គោលជំហរ​យ៉ាង​មុតមាំ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​