ឃាត់ខ្លួន​ស្ត្រី​ជួញដូរ​គ្រឿងញៀន ព្រមទាំង​ថ្នាំញៀន​ជិត​៤០​គ្រាប់​

ឃាត់ខ្លួន​ស្ត្រី​ជួញដូរ​គ្រឿងញៀន ព្រមទាំង​ថ្នាំញៀន​ជិត​៤០​គ្រាប់​



បាត់ដំបង ៖ ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ជិត​៤០​គ្រាប់ ព្រមទាំង​មុខសញ្ញា​ជួញដូរ​ម្នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក ធ្វើការ​ឃាត់ខ្លួន​ បន្ទាប់ពី​ស្ត្រី​​រូប​នេះ កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ជាក់ស្ដែង​នៅ​ក្នុង​មូលដ្ឋាន។

លោក សារ៉េត វិ​សេដ្ឋ អធិការ​ង​ផ្នែក​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង ១ រសៀល កម្លាំង​បាន​ចេញ​ប្រតិបត្តិការ​ទៅកាន់​ចំណុច​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង បន្ទាប់ពី​បាន​ទទួល​នូវ​សេចក្ដីរាយការណ៍ ​ស្តីពី​ករណី​ចែកចាយ​គ្រឿងញៀន​រួចមក។

លោក​អធិការរង​បាន​បន្ត​ថា នៅ​ទីនោះ​កម្លាំង​ជំនាញ ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ រួម​ទាំង​វត្ថុតាង​ថ្នាំញៀន​មួយ​ចំនួន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន ​ដើម្បី​សាកសួរ ដែល​ស្ត្រី​រូប​នេះ​មានឈ្មោះ សួន វី ភេទ​ស្រី អាយុ ៣៤​ឆ្នាំ រស់នៅ ភូមិ ឃុំ ខាងលើ​ ហើយ​កម្លាំង​យើង​បាន​ដកហូត​នូវ​វត្ថុតាង​ គឺ​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​៣៤​គ្រាប់ ​ឧបករណ៍​សម្រាប់​ប្រើប្រាស់ និង​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន។

ក្រោយពី​ទទួល​បាន​នូវ​ចម្លើយ​សារភាព​រួចមក សមត្ថកិច្ច​យើង​កំពុង​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង​ទៅ​ការិយាល័យ​ជំនាញ​ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕