បុគ្គលិក​ក្រុមហ៊ុន​មួយ​នាំ​គ្នា​ចុះ​ជួសជុល និង​លាប​ថ្នាំ​សាលា​បឋម​សិក្សា​របោះ​អង្កាញ់

កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន បុគ្គលិក​ក្រុមហ៊ុន​ស្រាបៀរ​ ថៃហ្គ័រ បាន​ចុះ​ជួយ​ជួសជុល​ និង​លាប​ថ្នាំ​របង​សាលា​បឋម​សិក្សា​របោះ​អង្កាញ់​ ដោយមាន​ការ​ចូលរួម​ពី​លោក Roland Bala អគ្គនាយក​ក្រុមហ៊ុន​ស្រាបៀរ​ថៃហ្គ័រ, តំណាង​ការិយាល័យ​អប់រំ​ខណ្ឌ​ច្បារអំពៅ, មេ​ភូមិ​របោះ​អង្កាញ់, នាយក​សាលា និង​លោកគ្រូ-អ្នកគ្រូ​នៃ​សាលា​បឋម​សិក្សា​របោះ​អង្កាញ់។

 

បុគ្គលិក​ក្រុមហ៊ុន​មួយ​នាំ​គ្នា​ចុះ​ជួសជុល និង​លាប​ថ្នាំ​សាលា​បឋម​សិក្សា​របោះ​អង្កាញ់

 

លោក Roland Bala ថ្លែង​ថា៖ “សាលារៀន​មាន​សារៈសំខាន់​ណាស់​ ព្រោះ​ការ​អប់រំ​ល្អ​នឹង​ផ្ដល់​មូលដ្ឋាន​គ្រឹះ​ដ៏​ល្អ​សម្រាប់​អនាគត​របស់​សិស្សានុសិស្ស។ ការ​ទទួល​បាន​ការ​អប់រំ​ល្អ​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​បុគ្គលិក​យើង​ទាំងអស់​គ្នា​ទទួល​បាន​ជោគជ័យ​ដូច​បច្ចុប្បន្ន។

 

កន្លង​មក យើង​បាន​ជួយ​កែ​លំអ​សោភណភាព​សាលា​រៀន​នេះ ដោយ​ជួសជុល និង​លាប​ថ្នាំ​ អគារ​សិក្សា​២​ខ្នង បន្ទប់​ទឹក និង​អាង​ស្តុក​ទឹក និង​កសាង​របង​ព័ទ្ធ​ជុំវិញ ផ្លូវ​ថ្មើរជើង​ ព្រម​ទាំង​ផ្ដល់​សម្ភារៈ​សិក្សា​មួយ​ចំនួន។ តាម​រយៈ​សកម្មភាព​កែ​លំអ​ទាំង​នោះ បាន​ជំរុញ​ទឹក​ចិត្ត​អាណា​ព្យាបាល​កាន់​តែ​ច្រើន​ឲ្យ​បញ្ជូន​កូន​ពួកគាត់​មក​សិក្សា​នៅ​សាលា​រៀន​នេះ ដែល​ធ្វើ​ឲ្យ​ចំនួន​សិស្ស​ឆ្នាំ​សិក្សា​២០១៥‌-១៦ កើន​ឡើង​១៩% បើ​ធៀប​នឹង​ឆ្នាំ​សិក្សា​២០១២-១៣ គឺ​មុន​ពេល​ដែល​យើង​បាន​មក​ចុះ​ជួយ​សាលា​នេះ។ ដោយ​ហេតុ​នេះ​ ទើប​យើង​បន្ត​ចុះ​ជួយ​សាលា​នេះ​បន្ថែម​ទៀត​តាម​រយៈ​ការ​ជួស​ជុល​របង​ និង​លាប​ថ្នាំ​ជា​ថ្មី​នា​ថ្ងៃ​នេះ”។

 

លោក​បន្ត​ថា ក្រុមហ៊ុន​កំពុង​រៀបចំ​សាង​សង់​អគារ​ថ្មី​១​ខ្នង​មាន​ ៥ បន្ទប់ ជំនួស​អគារ​ចាស់​បច្ចុប្បន្ន​ ដែល​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ ហើយ​អគារ​នេះ​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

 

លោក អ៊ិត ស៊ាងហន នាយក​ស្ដី​ទី​សាលា​បឋម​សិក្សា​របោះ​អង្កាញ់ បាន​ថ្លែង​រៀប​រាប់​ពី​ផល​លំបាក​មួយ​ចំនួន​ ដែល​សាលា​រៀន​បាន​ជួប​ប្រទះ​មុន​ពេល​ក្រុមហ៊ុន​ស្រាបៀរ ថៃហ្គ័រ ចុះ​មក​ជួយ​កសាង និង​ជួស​ជុល​របង​ព័ទ្ធ​ជុំវិញ ថា មាន​ក្រុម​ស្ទាវ​ចូល​បរិវេណ​សាលា​បំផ្លិច​បំផ្លាញ​សម្ភារៈ និង​ប្រព្រឹត្ត​អំពើ​មិន​គប្បី​នានា, ប្រជាជន​មួយ​ចំនួន​ប្រើប្រាស់​បរិវេណ​សាលា​ជា​ផ្លូវ​ឆ្លង​កាត់​ដែល​ងាយ​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​សិស្ស និង​ពិបាក​គ្រប់​គ្រង​សិស្ស​ដែល​គេច​មិន​ចូល​រៀន​ជាដើម​។ បញ្ហា​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​អាណា​ព្យាបាល​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​កូន​របស់​ពួកគាត់​ ហើយ​ប្ដូរ​សាលា​រៀន​ ទោះ​បី​ជា​ឆ្ងាយ​ជាង​នេះ​ក្តី។

 

ក្រុមហ៊ុន​ស្រាបៀរ ថៃហ្គ័រ តែង​ចូលរួម​សកម្មភាព​នានា​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​ និង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​លើ​ការ​ប្រព្រឹត្ត​ខ្លួន​ជា​សហគ្រាស​មួយ​ដែល​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​សង្គម​ជាតិ​តាម​រយៈ​ពាក្យ​ស្លោក «យើង​រីក​ចំរើន​ជាមួយ​សហគមន៍»៕

 

អត្ថបទ៖ ពាណិជ្ជកម្ម