អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ប្រកាស​ថា គ្មាន​ការ​ប្ដូរ​ឈ្មោះ​ឆ្នេរ​អូរ​ឈើទាល

ក្នុង​សេចក្ដី​ប្រកាស​ចុះថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ​២០១៦ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា គណៈ​កម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ខេត្ត និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពុំ​មាន​ផែនការ​កែប្រែ​ឈ្មោះ​ឆ្នេរ​អូរ​ឈើទាល​ឡើយ។

 

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ប្រកាស​ថា គ្មាន​ការ​ប្ដូរ​ឈ្មោះ​ឆ្នេរ​អូរ​ឈើទាល

 

ការ​ចេញ​សេចក្ដី​ប្រកាស​ខាង​​លើ​នេះ ធ្វើឡើង​បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ មាន​លេចឮ​ព័ត៌មាន ក៏ដូចជា​ការ​បង្ហោះ​ព័ត៌មាន​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា មាន​ការ​កែប្រែ​ប្ដូរ​ឈ្មោះ “ឆ្នេរ​អូរឈើទាល” ទៅ​ជា “ឆ្នេរ​សម្តេច​តេជោ” ដែល​នាំ​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង។ ការ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​​ខេត្ត​ព្រះសីហនុ ពិត​ជា​ចាប់​ផ្ដើម​ធ្វើ​មែន ប៉ុន្តែ​គ្មាន​គម្រោង​ប្ដូរ​ឈ្មោះ​ឆ្នេរ​នេះ​ឡើយ។

 

នៅ​ព្រឹក​​នេះ​ដែរ ឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ ក៏​បាន​បង្ហោះ​លើ Facebook ដែរ​ថា៖ “គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ សូមជូន​ព័ត៌មាន​ដល់​សាធារណជន​បាន​ជ្រាប​ថា គ្មាន​ឆ្នេរ​សមេ្តច​តេជោ ហ៊ុន សែន នៅ​ឆ្នេរ​អូរ​ឈើទាល​នោះ​ទេ”៕

 

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ប្រកាស​ថា គ្មាន​ការ​ប្ដូរ​ឈ្មោះ​ឆ្នេរ​អូរ​ឈើទាល
 

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ប្រកាស​ថា គ្មាន​ការ​ប្ដូរ​ឈ្មោះ​ឆ្នេរ​អូរ​ឈើទាល
 

អត្ថបទ៖ គង់ វិសាល