មានការ​អំពាវនាវ​ឲ្យ​បញ្ចប់​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង

កន្លងមក​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​របស់​ក្រុមហ៊ុន​ចិន​នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ​គួរ​ឲ្យ​ព្រួយបារម្ភ​។ ជាពិសេស​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​ចូលទៅ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ក្នុង​តំបន់​នោះ ត្រូវ​រណ្ដៅ​ដី​បាក់​សង្កត់​ស្លាប់​ជា​បន្តបន្ទាប់​គួរ​ឲ្យ​សោកស្ដាយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត​បាត់ដំបង ក៏ដូចជា​ក្រសួង​រ៉ែ​និង​ថាមពល បញ្ចប់​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ចិន​នៅក្នុង​ភ្នំព្រឹក​ជាបន្ទាន់ និង​ត្រូវ​ទប់ស្កាត់​អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ​ពី​ពលរដ្ឋ​មួយចំនួន​ផងដែរ​។

ជុំវិញ​បញ្ហា​ខាងលើនេះ​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល បាន​អះអាង​កាលពីពេល​ថ្មីៗ​នេះ​ថា អាជ្ញាប័ណ្ណ​រុករក​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ ភូ​យ៉ាង​(PHU YANG Cambodia Co.Ltd) ក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបាន​សម្រេច​ព្យួរ​ជា​បណ្ដោះអាសន្ន​។ ការអះអាង​របស់លោក ស៊ុយ សែម បែបនេះ​កើតឡើង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជុំវិញ​សកម្មភាព​ជីក​រ៉ែ​នៅ​ស្រុក​ភ្នំព្រឹក ក្នុង​សាលាខេត្ត​បាត់ដំបង កាលពី​រសៀល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦​។ ការសម្រេច​របស់​ក្រសួង​រ៉ែ​និង​ថាមពល​បែបនេះ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំព្រឹក គាំទ្រ​ហើយ​សង្ឃឹមថា​ក្រសួង​នឹង​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​រ៉ែ​មាស​ក្នុងស្រុក​ភ្នំព្រឹក ប្រកបដោយ​ប្រសិទ្ធភាព​ជាមិនខាន​។

កន្លងមក​បទល្មើស​បំផ្លាញ​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​យ៉ាងខ្លាំង​ក្លា ព្រោះ​ក្រុមហ៊ុន​ចិន​បាន​ប្រើ​សារធាតុ​គីមី​ចម្រាញ់​យក​រ៉ែ​មាស ហើយ​សារ​ធាតុគីមី​ទាំងនោះ​ត្រូវគេ​បង្ហូរ​ចូលទៅក្នុង​ទឹកអូរ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​។ អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នាពេល​កន្លងមក ត្រូវបាន​គេ​ដឹងថា​គឺ​លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង ព្រមទាំង​អភិបាលស្រុក​ភ្នំព្រឹក ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ដូច្នេះ​ការដែល​ក្រសួង​រ៉ែ​និង​ថាមពល ប្រកាស​ព្យួរ​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ ភូ​យ៉ាង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រីករាយ​យ៉ាងខ្លាំង ហើយ​សង្ឃឹមថា​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ណា​ផ្សេងទៀត​មក​រុករក​រ៉ែ​មាស​ក្នុងស្រុក​ភ្នំព្រឹក​ឡើយ​៕

fn-2016-06-21-14-51-05-0លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល