ក្រុមបឹងកេត មិនទាន់ហ៊ានកំណត់ពីជោគវាសនាពេលប៉ះក្រុមម្ចាស់ជើងឯក នៅថ្ងៃនេះ

​ក្រុម​សំបូរ​ដោយ​ធន​ធាន​កីឡាករ បឹងកេតអង្គរ ហាក់​មិន​ទាន់​ហ៊ាន​បង្ហាញ​ពី​ទំនុក​ចិត្ត​ខ្លាំង ក្នុង​ការ​ទម្លាក់​ក្រុម​ម្ចាស់​ជើង​ព្រះខ័ន​រាជស្វាយ​រៀង នោះ​ទេ ខណៈ​ក្រុម​ទាំង​២​ត្រូវវិល​មក​ជួប​គ្នា ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់​សម្តេច​ហ៊ុនសែន លើក​ទី១០ ឆ្នាំ​២០១៦ នៅ​រសៀល​​ថ្ងៃ​ពុធ​នេះ រីឯ​ក្រុមចំនួន៦​ទៀត ក៏​ត្រូវ​ប្រកួត​គ្នា ដើម្បី​រក​ក្រុម​ឈ្នះ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នោះ​ថ្ងៃ​នេះ​ដែរ។

hunsencupd1

​          លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្រុម​បឹងកេតអង្គរ បាន​និយាយ​ថា៖​«​នេះជា​ការ​ប្រកួត​លំបាក​មែន​ទែន ព្រោះ​ស្វាយ​រៀង ជា​ក្រុម​សំបូរ​​កីឡាករខ្មែរ​ល្អៗ មាន​ទាំង​ឈុត​យុវជន និង​ឈុតធំ ដែល​យើង​ពិបាក​នឹង​យក​ឈ្នះ​ពួក​គេ​ផង​ដែរ។ និយាយ​រួម​ខ្ញុំ​គិត​ថា ​ការ​ប្រកួត​នេះ អាច​នឹង​ឈាន​ដល់​ការ​ទាត់​បាល់​ប៉េណាល់​ទី ដើម្បី​កាន់​សេចក្តី​ការ​ចាញ់​ឈ្នះ ព្រោះ​បើ​ធ្វើ​ការ​ប្រៀប​ធៀប​ក្រុម​ទាំង​២​នេះ​មាន​ទម្រង់​លេង​ប្រហាក់​ប្រហែល​គ្នា។

ក្រុម​បឹង​កេត នឹង​ត្រូវ​​ប្រកួតជាមួយ​ក្រុម​ព្រះខ័ន​រាជស្វាយ​រៀង នៅ​ស្តាត​ចាស់​នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​ពុធ​នេះ ហើយនេះ​ជាប្រកួតកាត់​ក្តី​ដ៏​សំខាន់​បំផុត ព្រោះ​ការ​ពី​ឆ្នាំ​២០១៥ បឹង​កេត បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ ត្រឹម​វគ្គ​៨​ក្រុម​នេះ​ បន្ទាប់​ពី​ចាញ់​ណាហ្គាវើល ៣-០ ប៉ុន្តែ​​ព្រះខ័ន​រាជស្វាយ បាន​បន្ត​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ និង​បាន​យក​ឈ្នះ​ក្រុម​ណាហ្គាវើល ២-១ ទាំង​ចម្រូង​ចម្រាស ដើម្បី​លើក​ពាន​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​នៃ​កីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង។

ចំពោះ​ការ​​ប្រកួត​លើក​នេះ លោក សំ វ៉ាន់ដេត គ្រូ​បង្វឹក​ក្រុម​ព្រះខ័ន​រាជស្វាយ​រៀង ក៏​មាន​ការ​បារម្ភ​ចំពោះ​ការ​ជួប​ក្រុម​បឹង​កេត លើក​នេះ​ផង​ដែរ ដោយ​លោក​បាន​និយាយ​​ថា៖​«​នេះ​ជា​ការ​ប្រកួត​ដ៏លំបាក និង​​ស្វិតស្វាញបំផុត។ បឹង​កេត​ ជា​ក្រុម​ដែល​មាន​កីឡាករ​ល្អៗ ដែល​លេង​នៅក្នុង​ក្រុម​​ជម្រើស​ជាតិ​ច្រើន ហើយ​​ពួកគេ​នឹង​បង្ហាញ​ភាព​ខ្លាំង ក្នុង​ការ​ប្រកួត​ដ៏សំខាន់​នេះ ប៉ុន្តែ​យើង​ក៏​បាន​រៀបចំ​ខ្លួន​រួច​រាល់​ហើយ​ដែរ»។

hunsencupd2

ដោយ​ឡែក ក្រុម​ខេមបូឌានថាយហ្គឺរ ដែល​ទទួល​បាន​លេខ​៣ កាល​ពី​ឆ្នាំ​២០១៥ ត្រូវ​ប្រឈម​ជាមួយ​ក្រុមក្រសួង​ការពារជាតិ នៅ​កីឡដ្ឋាន​ RSN រសៀល​ម៉ោង ៣:៣០ ថ្ងៃ​ពុធនេះ​ដែរ ហើយ​លោក ហុក សុជីវ័ន គ្រូ​បង្វឹក​ក្រុមខេមបូឌានថាយហ្គឺរ បាន​ប្រាប់​ថា៖​«​យើង​មិន​អាច​កំណត់​លទ្ធ​ផល​ទុក​បាន​ទេ ព្រោះ​នេះ​ជា​ការ​ប្រកួត​ដ៏​លំបាក ដោយ​សារ​ក្រុម​ទាំង​២​​ត្រៀម​ខ្លួនបាន​ល្អ​ដូច​គ្នា»។

ផ្ទុយ​ពី​នេះ​​ក្រុម​ភ្នំពេញ​ក្រោន ដែល​ត្រូវ​ជួប​ក្រុម​សៀម​រាបអង្គរ នៅ​ពហុកីឡដ្ឋាន​ជាតិ នារសៀល​ម៉ោង ៣:៣០ ថ្ងៃ​នេះ​ដែរ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ពួក​គេ​អាច​នឹង​មាន​លទ្ធ​ភាព​ឈ្នះច្រើន ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​បន្ត ព្រោះ​សមត្ថ​ភាព​ប្រកួត​របស់​ក្រុម​មក​ពី​ខេត្ត សៀម​រាបអង្គរ ហាក់​នៅមាន​កម្រិត បើ​ប្រៀប​ធៀបជាមួយ​ភ្នំពេញក្រោន។

ចំណែក​​ក្រុម​ម្ចាស់​ជើង​ឯករង ណាហ្គាវើល ត្រូវ​ជួប​ក្រុម​មជ្ឈមណ្ឌល​កំចាត់​មីនកម្ពុជា​(ស៊ីម៉ាក់) នា​ល្ងាច​ម៉ោង​៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​នោះ​ដែរ ហើយ​ការ​ប្រកួត​គូ​នេះ​ក៏​មាន​ការ​ចាប់​អារម្មណ៍​ផង​ដែរ ខណៈគ្រូ​បង្គោល​របស់​ក្រុម​ទាំង​២ សុទ្ធ​តែ​មាន​ទំនុក​ចិត្ត ក្នុងការ​ដឹក​នាំ​​ក្រុម​ឡើង​ទៅកាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នោះ៕