ថ្ងៃនេះ​ចៅក្រម​តុលាការ​បន្ត​សាកសួរ​មន្ត្រី​អាដហុក​២​នាក់​ ដែល​ជាប់ចោទ​សូកប៉ាន់​សាក្សី

ថ្ងៃនេះ​ចៅក្រម​តុលាការ​បន្ត​សាកសួរ​មន្ត្រី​អាដហុក​២​នាក់​ ដែល​ជាប់ចោទ​សូកប៉ាន់​សាក្សី



ភ្នំពេញ ៖ ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ បាន​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស នាំ​ខ្លួន​មន្ត្រី​អាដហុក​២​នាក់​ មក​សាកសួរ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​សូកប៉ាន់​សាក្សី ដែល​បាន​ឆ្លង​រាលដាល​មកពី​រឿងរ៉ាវ​ស្នេហា​របស់​លោក កឹម សុខា ​ជាមួយ​ស្រីមុំ ។

លោក​ចៅក្រម ធា​ម ច័ន្ទ​ពិ​សិ​ដ្ផ ជា​ចៅក្រម​ស៊ើបសួរ​បាន​កំណត់​ឲ្យ​នាំ​ខ្លួន​លោក ណៃ វ៉ង់​ដា មាន​តួនាទី​ជា​អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​អង្គការ​អាដហុក​មក​តុលាការ​នៅ​ពេល​ព្រឹក​ព្រលឹម​ថ្ងៃទី ២១ ខែមិថុនា ហើយ​នៅ​ពេល​រសៀល​នេះ ​បាន​បង្គាប់​ឲ្យ​នាំ​ខ្លួន​លោក នី សុខា មក​ធ្វើការ​សាកសួរ​បន្ត​បន្ទាប់​គ្នា។

កាលពី​ថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០១៦ ចៅក្រម​ក៏បាន​ធ្វើការ​សាកសួរ​លោក នី ចរិយា អតីត​អគ្គលេខាធិការ​រង​គជប ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​pj​ភ្នំពេញ ។ បន្ទាប់មក កាលពី​វេលា​ម៉ោង ៨​និង​២០​នាទី ព្រឹក​ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៦ ចៅក្រម​តុលាការ​ក៏បាន​បង្គាប់​ឲ្យ​នាំ​ខ្លួន​លោកស្រី លឹម មុន្នី មន្ត្រី​អាដហុក​ដ៏​សកម្ម​មក​សាកសួរ​បន្ថែម​ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី​នេះ​ដែរ។

តុលាការ​បានសម្រេច​បញ្ជូន​មន្ត្រី​សិទ្ធិមនុស្ស ៣​រូប​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស ខណៈ មន្ត្រី​គ​.​ជ​.​ប​១​រូប ដាក់​ទៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ហៅ​កាត់​(PJ) ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុ​ផា​ណា ឲ្យ​ដឹង​ថា តំណាង​អយ្យការ​បាន​ចោទ​ប្រកាន់​មន្ត្រី​. សិទ្ធិមនុស្ស​អាដហុក (ADHOC) ៤​រូប រួមមាន​លោក នី សុខា លោក ណៃ វ៉ង់​ដា លោក យី សុខ​សាន និង​អ្នកស្រី លឹម មុន្នី ពី​បទ​សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ ចំណែក​អគ្គលេខាធិការ​រង គ​.​ជ​.​ប លោក នី ចរិយា និង​មន្ត្រី​អង្គការសហប្រជាជាតិ លោក សឺ​ន សាលី ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី តាម​មាត្រា​២៩ និង​មាត្រា ៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ។

មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ បញ្ជាក់​ថា បុគ្គល​ណា​ដែល​ប្រគល់​ឲ្យ​សាក្សី​ដោយ​ផ្ទាល់ ឬ​ប្រយោល នូវ​អំណោយ ជំនូន ការសន្យា ឬ​អត្ថប្រយោជន៍​អ្វីមួយ ដើម្បី​មិន​ធ្វើជា​សាក្សី ឬ​ផ្ដល់​សក្ខីកម្ម​ភូត​កុហក នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥ ដល់​១០​ឆ្នាំ។

ចំណែក​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ ស្ដីពី​និយមន័យ​នៃ​អ្នកសមគំនិត ត្រូវ​ចាត់​ទុក​ក្នុង​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ចំពោះ​បុគ្គល​ណា​ដែល​ជួយ​សម្រួល​ដោយ​ចេតនា ដល់​ការប៉ុនប៉ង ឬ​សម្រេច​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​នោះ ដោយ​ផ្ដល់​ជំនួយ ឫ​ការឧបត្ថម្ភ​របស់​ខ្លួន​។ អ្នកសមគំនិត​នឹង​អាច​ត្រូវ​ផ្ដន្ទាទោស​បាន​លុះត្រាតែ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ​ត្រូវ​បាន​សម្រេច ឬ​បាន​ប៉ុនប៉ង ហើយ​អ្នកសមគំនិត​នៃ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ត្រូវ​ផ្ដន្ទាទោស​ដូចគ្នា​នឹង​ចារី​ដែរ។

មន្ត្រី​សិទ្ធិមនុស្ស​៤​រូប និង​មន្ត្រី​គ​.​ជ​.​ប​១​រូប ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កោះហៅ​មក​សាក​សួរ​តាំងពី​ថ្ងៃទី​២៧ ២៨ ខែមេសា​កន្លងមក និង​ឈាន​ដល់​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃទី​២៨ ខែមេសា រួច​បញ្ជូន​មក​តុលាការ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែមេសា ពាក់ព័ន្ធ​នឹង​អំពើ​សូកប៉ាន់​សាក្សី ជុំវិញ​សំណុំ​រឿង​លោក កឹម សុខា និង​ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ហើយ​មេឃុំ​ម្នាក់​ក៏​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ផង​ដែរ​នៅ​ក្នុង​ការ​សូកប៉ាន់​សាក្សី​នេះ៕
ថ្ងៃនេះ​ចៅក្រម​តុលាការ​បន្ត​សាកសួរ​មន្ត្រី​អាដហុក​២​នាក់​ ដែល​ជាប់ចោទ​សូកប៉ាន់​សាក្សី