​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​បញ្ជាក់​ការវិវត្ដន៍​នៃ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​

ក្រុមមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ពុធ ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​កណ្ដាល គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ធ្វើ​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីអំពី​ការវិវត្ដន៍​នៃ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​។ ការបន្ត​បញ្ជាក់​ការវិវត្ដន៍​នៃ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ក៏​ដោយសារតែ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មិនទាន់មាន​ស្ថិរភាព​នៅឡើយ​។​

យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅថ្ងៃនេះ​បានបញ្ជាក់​ថា​៖ ទី​១-​លោក ហុង សុខ​ហួរ នៅតែ​បន្ត​សុំ​នៅក្រៅ​ឃុំ នៅ​តុលាការ​កំពូល ទី​២-​ព្រឹកស្អែក​គណបក្ស​មាន​ប្រជុំ​ប្រធាន​អនុប្រធាន ក្រុមការងារ និង​គណៈកម្មាធិការ​ប្រតិ​ប​ត្ដិ ទាំង​២៥​រាជធានី​ខេត្ត​ទូទាំងប្រទេស ទី​៣-​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ បំពេញ​តួនាទី​ជា​អ្នកតំណាងរាស្ដ្រ​ជាធម្មតា ទី​៤-​គណបក្ស​នៅ​បន្ដ​តវ៉ា ដើម្បី​ការពារ​អភ័យឯកសិទ្ធិសភា និង​ទី​៥-​គណបក្ស​គាំទ្រ​ឲ្យ​មានការ​ប្រារព្ធ​ខួប​លើក ៥០​ឆ្នាំ នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ្សា​ល ឌី​ហ្គោល​(Charles de Gaulle) អតីត​ប្រធានាធិបតី​បារាំង និង​ការ​ប្រារព្ធ​ខួប​លើក​ទី​២៥​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ ខែតុលា ឆ្នាំ​១៩៩១​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ថ្មីៗ​នេះ បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្ត​បញ្ជាក់​ការវិវត្ដន៍​នៃ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា និង​ធ្វើ​ការតស៊ូ​ដោយ​អហិង្សា​រហូត​ទាល់តែ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុ​ជាមាន​ភាពប្រក្រតី​ឡើងវិញ​ដើម្បី​ធានា​ដល់​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​។ លោក អេង ឆៃអ៊ាង បាន​សង្កត់ធ្ងន់ថា បើ​ស្ថានភាព​នយោបាយ​ដូច​សព្វថ្ងៃ​នៅតែ​បន្ត​អូសបន្លាយ​បន្តទៀត នោះ​ការបោះឆ្នោត​នៅពេល​ខាងមុខ ក៏​មិនអាច​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌​បានដែរ​៕

13418804_1385611188122843_5845655773807290396_n