កូរ៉េ​ខាងជើង​បាញ់​មី​ស៊ី​ល​រយៈ​មធ្យម​2​គ្រាប់

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ថា ប្រទេស​កូរ៉េ​ខាងជើង​នា​ថ្ងៃ​ទី​២២ មិថុនា បាន​បាញ់​មី​ស៊ី​ល​២​គ្រាប់​ប្រហែលជា​មី​ស៊ី​ល​ធុន MUSUDAN រយៈ​មធ្យម​ដែល​អាច​វាយប្រហារ​លើ​បណ្តា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​ប៉ា​ស៊ី​ហ្វិ​ក ។

ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​ថា ការ​បាញ់​លើក​ទី​មួយ​មុន​ម៉ោង​៦​ព្រឹក​ម៉ោង​ក្នុងស្រុក​បន្តិច ហាក់ដូចជា​ត្រូវ​បរាជ័យ ។ ក្រសួង​នេះ​ពុំ​បាន​ប្រកាស​ភ្លាម​ៗ​ពី​ការ​បាញ់​មី​ស៊ី​ល​ទី​២​ឡើយ ។

YONHAP រាយការណ៍​ថា មី​ស៊ី​ល​បាលី​ស្ទិ​ក​ដំបូង​បាញ់​ចេញ​នា​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា នៅ​ជិត​វ៉ុ​ន​សាន​អាច​ហោះ​បាន​ចម្ងាយ​ប្រមាណ​ជា​ពី​១៥០​ទៅ​១៦០​គីឡូម៉ែត្រ បន្ទាប់​មក​ក៏​ផ្ទុះ​ក្នុង​អាកាស ។ នេះ​ជា​ការ​បាញ់​មី​ស៊ី​ល​សាកល្បង​លើក​ទី​៥​របស់​កូរ៉េ​ខាងជើង​ចាប់តាំងពី​ថ្ងៃ​ទី​១៥ មេ​សា មក ។ មន្ត្រី​ម្នាក់​នៃ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​អះអាង​ថា មី​ស៊ី​លអាច​ជា​មី​ស៊ី​ល MUSUDAN ពេល​បាញ់​ចេញ​បាន​ហោះហើរ​ប្រមាណ​ជា​ជាង​១៥០​គីឡូម៉ែត្រ រួច​ផ្ទុះ​បែក​ជា​បំណែក​ជា​ច្រើន​ពេល​កំពុង​ហោះហើរ ។ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន ទស្សនាការ​បាញ់​បង្ហោះ​នេះ​នៅ​នឹង​កន្លែង ។

តាម​សេចក្តីថ្លែងការណ៍​មួយ​នា​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា របស់​គណៈកម្មាធិការ​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​ថា កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ដំបូង​ចេញពី​ឆ្នេរសមុទ្រ​ខាង​កើត​របស់​ប្រទេស​ឆ្ពោះទៅ​កាន់​សមុទ្រ​ខាងកើត​ហៅ​សមុទ្រ​ជប៉ុន​នា​វេលា​ម៉ោង​៥​និង​៥៨​នាទី បន្ទាប់​មក​បាញ់​មី​ស៊ី​ល​ទី​២​មួយទៀត ។

ជប៉ុន​ក៏​អះអាង​ដែរ​ពី​ការ​បាញ់​មី​ស៊ី​ល​នេះ ។ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ន ហ្សូ​អា​បេ យល់​ថា ជា​ប្រការ​មិន​អាច​អត់ឱន​ឱ្យ​បាន​ចំពោះ​ការ​សាកល្បង​ថ្មី​នេះ ហើយ​អះអាង​ពី​ចេតនា​ពង្រីក​ទំនាក់ទំនង​ជាមួយ​ប្រជាជាតិ​ឯទៀត​ៗ​ប្រឈម​មុខ​នឹង​របប​ក្រុង​ព្យុ​ង​យ៉ាង ។

កូរ៉េ​ខាងជើង​ដែល​មាន​មហិច្ឆតា​ចង់បាន​កងកម្លាំង​វាយប្រហារ​នុយក្លេអ៊ែរ​មួយ​ដែល​អាច​វាយប្រហារ​ដល់​ដែនដី​អា​មេ​រិ​ក​នោះ នា​ឆ្នាំ​នេះ​បាន​បាញ់​សាកល្បង​មី​ស៊ី​ល MUSUDAN ៤​លើក​រួច​មក​ហើយ ៕