ប៉ះ​ទ​ង្គិច​គ្នា​រវាង​កង​ទាហាន​មួក​ខៀវ និង​ក្រុម​ប្រដាប់​អាវុធ​នៅ​រដ្ឋធានី​អាហ្វ្រិក​កណ្តាល​ស្លាប់​17​នាក់

យោង​តាម​តុល្យការ​មួយ​ផ្តល់​ដោយ​កាកបាទក្រហម​អាហ្វ្រិក​កណ្តាល និង​ប្រភព​ព័ត៌មាន​មន្ទីរពេទ្យ នា​ថ្ងៃ​ទី​២១ មិថុនា ថា យុទ្ធ​ជន​១៧​នាក់​នៃ​ក្រុម​ប្រដាប់​អាវុធ​មួយ​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ទីក្រុង​បាន​ហ្គី រដ្ឋធានី​អាហ្វ្រិក​កណ្តាល​បាន​ត្រូវ​ស្លាប់​ហើយ​ជាង​៣០​នាក់​ទៀត​រង​របួស ក្នុង​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​មួយ​ជាមួយ​កង​ទាហាន​មួក​ខៀវ​នៃ​បេសកកម្ម អ​.​ស​.​ប នៅ​អាហ្វ្រិក​កណ្តាល MINUSCA ។

ក្រុម​មួយ​នៃ​កងកម្លាំង អ​.​ស​.​ប បាន​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​កាលពី​រសៀល​ថ្ងៃ​ទី​២០ មិថុនា នៅ​ផ្លូវ PK5 ពេល​ក្រុម​នេះ​ចេញ​ធ្វើ​អន្តរាគមន៍​ប៉ុនប៉ង​ឱ្យ​ទទួល​បានការ​ដោះ​លែង​ប៉ូលិស​អាហ្វ្រិក​កណ្តាល​៦​នាក់ ដែល​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​ពេល​ល្បាត​កាលពី​ថ្ងៃ​ទី​១៨ មិថុនា នៅ​តំបន់​ពួក​អ៊ិ​ស្លា​ម និង​ជាទី​តាំងរបស់​អតីត​ក្រុម​ឧទ្ទាម SELEKA ដែល​កាន់​អំណាច​នៅ​ក្នុង​រដ្ឋធានី​ពី​ខែមីនា ឆ្នាំ​២០១៣ ដល់​ខែមករា ឆ្នាំ​២០១៤ ។

យោង​តាម​ប្រភព​មួយ​របស់​កាកបាទក្រហម​អាហ្វ្រិក​កណ្តាល​ថា សាកសព​សមាជិក​ក្រុម​ប្រដាប់​អាវុធ​១១​នាក់ ត្រូវ​បាន​ប្រមូល​ក្រោយ​ការ​ប៉ះទង្គិច​គ្នា រួច​មន្ទីរពេទ្យ​ក្រុង​បាន ហ្គី ទទួល​អ្នក​របួស​៣៦​នាក់ ក្នុង​នោះ​មួយ​ចំនួន​របួសធ្ងន់ ហើយ​អ្នក​របួស​៦​នាក់​ក្រោយមក​បាន​ស្លាប់ ។ ក្នុង​ជួរ​កងកម្លាំង អ​.​ស​.​ប មាន​សេចក្តីរាយការណ៍​ពី​អ្នក​របួស​ម្នាក់​ប៉ុណ្ណោះ​៕