ថៃបញ្ជូន​មកទៀតហើយ លើក​នេះជាង​១០០នាក់​

ខេត្តបាត់ដំ​បង ៖ យោង​តាម​សេចក្ដី​រាយ​ការ​ណ៍​ពី​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​​ខុសច្បាប់​ជាង​១០០​នាក់ ​​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​​ជា​បន្តបន្ទាប់ កាលពី​​រសៀល​ថ្ងៃ​ទី​២១​ មិថុនា​ តាម​ច្រក​ទ្វា​រ​អន្តរជាតិ​ «​ដូង» ក្នុង​ស្រុក​កំ​រៀង និង​ច្រក​តំបន់​​ «​ភ្នំ​ដី»​ ក្នុងស្រុក​សំពៅ​លូន​ ។

​ពលករ​​ចំនួន​១៣៥​នាក់ ក្នុង​នោះ​ស្ត្រី​ចំនួន​​៣៧​នាក់ ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​តាម​ច្រក​អន្តរជាតិ​ «​ដូង» ក្នុង​ស្រុក​កំ​រៀង កាលពី​វេលា​​ម៉ោង​០៣ និង៤០​នាទី​រសៀល ។ រីឯ​ចំនួន​១៤​នាក់​​ទៀត ក្នុង​នោះ​ស្ត្រី​៥​នាក់ ​ដែល​មាន​ទាំង​ក្មេង​តូច​ៗ​ផង ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​តាម​ច្រក​តំបន់ «​ភ្នំ​ដី​» ស្រុក​សំពៅ​លូន នៅ​ម៉ោង​០៥​ល្ងាច​​ថ្ងៃ​ដដែល​ ។

បើ​តាម​មន្ត្រី​ព្រំដែន​ខ្មែរ​​បាន​បញ្ជាក់​​​ថា ពលករ​ខ្មែរ​ទាំង​អស់​នោះ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​​បញ្ជូន​ត្រឡប់​មក​ស្រុក​ខ្មែរ​​វិញ ដោយសារ​ឆ្លង​ដែន​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ ។ ក្រោយ​ពី​ប​ញ្ជូន​​ចូល​មក​ដល់​ដី​ខ្មែរ ពលរ​ដ្ឋ​ចំណាកស្រុក​ទាំងនោះ​ បាន​វិល​ត្រឡប់​​ទៅ​កាន់​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​អស់​ហើយ​ ។