ជាង​ជួសជុល​រថយន្ត​២​នាក់​បើក​ឆាកប្រយុទ្ធ​យ៉ាង​ស៊ីសាច់ហុតឈាម

ខេត្តកណ្ដាល ៖ ជាង​ជួសជុល​រថយន្ត​២​នាក់​បាន​បើក​ឆាកប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់ហុតឈាម ដោយ​ម្នាក់​ប្រើ​ដែកឆាប ម្នាក់​ទៀត​ប្រើ​ដែក​ត្បែង បណ្ដាល​ម្នាក់​រង​របួសធ្ងន់ ចំណែក​ម្នាក់​ទៀត​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ដែល​ឆាកប្រយុទ្ធ​នេះ​ផ្តើម​ចេញពី​ទំនាស់​ពាក្យ​សំដី​គ្នា​តែ​ប៉ុណ្ណោះ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​យានដ្ឋាន​ជួសជុល​រថយន្ត ជាម ម៉េ​ង​ឈាង​១ ស្ថិត​នៅ​ភូមិ​ថ្មី​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ ឆ​ន មាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ស្រុក​កំណើត​នៅ​ភូមិ​បុណ្យ ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង  មុខរបរ ជាង​ជួសជុល​រថយន្ត ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ ព្រួញ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ ស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង  មុខរបរ​ជាង​ជួស​ជល់​រថយន្ត នៅ​យានដ្ឋាន​ជាមួយ​គ្នា ។ អ្នក​ទាំង​២​នាក់​ស្នាក់​នៅ​ក្នុង​យានដ្ឋាន​កើតហេតុ​ខាងលើ​ជាមួយ​គ្នា ។

សមត្ថកិច្ច​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា ជន​រង​គ្រោះ និង​ជនសង្ស័យ ស្នាក់​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា ។ នៅ​វេលា​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​រើ​ខោអាវ​របស់​ជនសង្ស័យ​ចេញ​ដើម្បី​យក​រ៉ូ​ឡូ​ភ្លើង​ដោត​កង្ហារ ពេល​នោះ​ជនសង្ស័យ​បាន​មក​ឃើញ​ក៏​បាន​ជេរ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ទាស់​ពាក្យ​សំដី​គ្នា​រហូត​ដល់​មានការ​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក ដោយពេល​នោះ​ជនសង្ស័យ​បាន​ប្រើ​ដែកឆាប រីឯ​ជន​រង​គ្រោះ​ប្រើ​ដែក​ត្បែង​វាយ​គ្នា​ទៅ​វាយ​មក ពេល​នោះ​ជនសង្ស័យ​បាន​ចាក់​ជន​រង​គ្រោះ​ត្រូវ​របួស​៤​កន្លែង ថ្ពាល់​ខាងស្តាំ ដើមដៃ​ខាងស្តាំ ស្មា​ខាងឆ្វេង និង​ម្រាមដៃ​ខាងឆ្វេង ។ ចំណែក​ជនសង្ស័យ​ត្រូវ​ជន​រង​គ្រោះ​វាយ​រង​របួស​ដៃ និង លើ​ផ្ទៃពោះ ។ ភ្លាម​ៗ​នោះ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​ខ្មៅ ដើម្បី​ធ្វើការ​សាកសួរ រួច​ក៏​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​បន្ត​នីតិវិធី ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕