ស្ត្រី​ម្នាក់​ផឹក​ស្រា​ស្រវឹង​បើក​ម៉ូតូ​លឿន​​បុក​បង្គោល​ខ្លោងទ្វារ​ក្លិប​កម្សាន្ត​ របួសធ្ងន់​ ហើយ​ស្លាប់​នៅ​មន្ទីរពេទ្យ

ស្ត្រី​ម្នាក់​ផឹក​ស្រា​ស្រវឹង​បើក​ម៉ូតូ​លឿន​​បុក​បង្គោល​ខ្លោងទ្វារ​ក្លិប​កម្សាន្ត​ របួសធ្ងន់​ ហើយ​ស្លាប់​នៅ​មន្ទីរពេទ្យ



ព្រះសីហនុ ​៖​ ស្ត្រី​ម្នាក់​​​ផឹក​​ស៊ី​នៅ​ហាង​បារាំង​ជាមួយ​មិត្តភ័ក្ដិ​​រហូត​​​ស្រវឹង​ រួច​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង​កាច់ចង្កូត​មិនទាន់​ជ្រុល​ទៅ​បុក​​បង្គោល​​ស្លាក​ខ្លោងទ្វារ​ចូល​ក្លិប​កម្សាន្ត​ អិ​ល​វី​ បណ្ដាល​ឲ្យ​បែក​មុខ​បែក​មាត់​រង​របួស​ធ្ងន់ ក្រោយ​មក​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​បើកបរ​ក្នុង​អាការៈ​ស្រវឹង​ស្រា​នេះ​ បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ​៣​​​​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែ​​មិថុនា​ នៅ​លើ​វិថី​ឯករាជ្យ​កែង​តុលាការ​ចាស់​ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​៤​ក្រុង​​ ​ខេត្ត​ព្រះសីហនុ។

ក្រុម​គ្រួសារ​សព​បាន​ឲ្យ​ដឹង​ថា​ សព​ស្ត្រី​រងគ្រោះ​មានឈ្មោះ​សរ សុខឿន ​​​​អាយុ​២៩​ឆ្នាំ ​មាន​មុខរបរ​បុគ្គលិក​នៅ​ហាង​ជនបរទេស ស្នាក់នៅ​ក្រោយ​ក្លិប​កំសាន្ត​អិ​ល​វី និង​មាន​ស្រុកកំណើត​រស់នៅ​ភូមិ​ព្រែ​កតា​រ័ត្ន ​ឃុំ​កំពង់​ប្រា​ង​ ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមាជិក​ក្រុម​គ្រួសារ​សព​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​មុន​ពេល​កើតហេតុ​ស្ត្រីជន​រងគ្រោះ​រួម​ជាមួយ​​មិត្តភ័ក្ដិ​​ ​បាន​នាំគ្នា​ទៅ​ផឹក​​ស៊ី​នៅ​ហាង​បារាំង​មួយ​កន្លែង​នៅ​ជិត​តោ​២។ លុះ​ផឹក​យូរៗ​ទៅ​ពួកគាត់​ម្នាក់ៗ​បាន​ស្រវឹង​ស្រា​ ហើយ​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ។ ប៉ុន្តែ​ពេល​ជិះ​ម៉ូតូ​មកដល់​កន្លែង​កើតហេតុ ​ស្ត្រី​រងគ្រោះ​បាន​បត់​ម៉ូតូ​ចូល​តាម​ក្រោម​ស្លាក ​អិល​វី​ តែ​ដោយសារ​ម៉ូតូ​លឿន​ពេក​ជនរងគ្រោះ​កាច់ចង្កូត​មិនទាន់​ ក៏​ជ្រុល​ទៅ​បុក​​បង្គោល​ស្លាក​បណ្ដាល​ឲ្យ​ដួល​រង​របួស​ធ្ងន់​បន្ទាប់​មក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ។

មន្ត្រី​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ​ក្រោយ​កើតហេតុ​ម៉ូតូ​ជនរងគ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​ដើម្បី​យក​ទៅ​ជួសជុល​ប្រើការ​វិញ ​ព្រោះថា​នេះ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង៕

ស្ត្រី​ម្នាក់​ផឹក​ស្រា​ស្រវឹង​បើក​ម៉ូតូ​លឿន​​បុក​បង្គោល​ខ្លោងទ្វារ​ក្លិប​កម្សាន្ត​ របួសធ្ងន់​ ហើយ​ស្លាប់​នៅ​មន្ទីរពេទ្យ