សែង​ស្ត្រី​ឈឺពោះ​គ្រប់​ខែ​កាត់​ព្រៃ​ជ្រលង​ដងអូរ​ជាង​40​គ​.​ម

សែង​ស្ត្រី​ឈឺពោះ​គ្រប់​ខែ​កាត់​ព្រៃ​ជ្រលង​ដងអូរ​ជាង​40​គ​.​ម



ខេត្តក្រចេះ ៖ ដោយសារ​តែ​កា​រស់នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល​ក្នុង​ព្រៃ​ជ្រៅ​លើ​ចម្ងាយ​ផ្លូវ រាប់​សិប​គីឡូ​ម៉ែត្រ ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​គ្រប់​ខែ​ត្រូវ​សម្រាលកូន ពិបាក​បញ្ជូន​មក​មន្ទីរពេទ្យ ដោយ​ត្រូវ​អ្នក​ភូមិ​ធ្វើ​ស្នែង​អង្រឹង​សែង​ដើរ​បន្តាក់​គ្នា កាត់​ព្រៃ កាត់​អូរ កាត់​ស្រែ លើចម្ងាយ​ផ្លូវ​រាប់​សិប​គីឡូ​ម៉ែ​ត្រ​ចេញពី​ព្រៃ​សំដៅ​មក​កាន់​មាត់ទន្លេ ដើម្បី​រក​ទូក​ឆ្លង មក​រក​រថយន្ត​ដើម្បី​ទៅ​មន្ទីរពេទ្យ ។

ឆ្លងកាត់​ការ​ជួយ​សង្គ្រោះ​ស្ត្រី​ពោះធំ ដោយ​ឆ្លងកាត់​ផ្លូវ​ដ៏​លំបាក​នេះ បាន​បង្ហាញ​ថា ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ជនបទ នៅ​មាន​កម្រិត​នៅឡើយ ព្រោះ​ទម្រាំ​នាំ​ស្ត្រី​ពោះធំ​គ្រប់​ខែ​មក​ដល់​មន្ទីរពេទ្យ ត្រូវ​ចំណាយ​អស់​រយៈពេល​ជាង​១​ថ្ងៃ ។

ទោះបីជា​បែប​នេះ​ក្ដី នៅ​ពេល​នេះ ស្ត្រី​មាន​ផ្ទៃពោះ​រូប​នេះ ក៏​ត្រូវ​បាន​សម្រាលកូន​បាន​ដោយ​ជោគជ័យ ក្រោយ​ពី​បាន​មក​ដល់​មន្ទីរពេទ្យ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាន​ធ្វើការ​វះកាត់​រួចរាល់ ដោយ​សុវត្ថិភាព ។

នៅ​ក្នុង​រូបថត​ជា​ច្រើន​សន្លឹក ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម អំពី​សកម្មភាព របស់​អ្នក​ភូមិ ដែល​នាំ​គ្នា​សែង​ស្ត្រី​មាន​ផ្ទៃពោះ​ដេក​ក្នុង​អង្រឹងស្នែង កាត់​ស្រែ កាត់​ព្រៃ កាត់​អូរ ឆ្លង​ទឹកទន្លេ​មក​កាន់​ត្រើយម្ខាង ដើម្បី​រក​គ្រូពេទ្យ​ឱ្យ​ជួយ​សង្គ្រោះ ។ ដោយសារ​តែ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ម្នាក់​នេះ ពិបាក​នឹង​សម្រាលកូន​តាម​ធម្មជាតិ មើលទៅ​ពិតជា​ពិបាក​ភ្នែក​ពន់ពេក​ណាស់ ដែល​ទិដ្ឋភាព​ទាំងនេះ​អាច​ធ្លាប់​មាន​តែ​ក្នុង​រយៈពេល​ជាង​៣​ទស​វត្ស​មុន​ឯណោះ ។ ប៉ុន្តែ​ជា​ការ​ពិត​សម្រាប់​ទី​ជនបទ ផ្លូវ​គមនាគមន៍​មិន​សម្បូរ ហើយ​បើ​មាន​ក៏​លំបាក នោះ​ពិតជា​គ្មាន​ជម្រើស ក្រៅពី​ធ្វើ​បែប​នេះ​ឡើយ ។

តាម​ការ​ស្រាវជ្រាវ​ឱ្យ​ដឹង​ថា ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​និង​ត្រូវ​សម្រាលកូន​រូប​នេះ​ឈ្មោះ នុ​ត ស្តើង អាយុ​១៩​ឆ្នាំ មាន​ប្តី​ឈ្មោះ រឿង រណ អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​តំបន់​ព្រៃ​ដាច់​ស្រ​យ៉ា​ល ចំណុច​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ នៅ​ត្រើយម្ខាង​នៃ​ស្រុក​សំបូរ និង​ក្បែរ​ព្រំប្រទល់​ខេត្តកំពង់ធំ ប្រកប​របរ​ធ្វើស្រែ​ចម្ការ​។

ការ​ឈឺពោះ​សម្រាលកូន​លើក​នេះ គឺជា​លើក​ទី​២ និង​សម្រាល​បានកូន​ប្រុស​ម្នាក់​ទៀត បន្ទាប់​ពី​កូនប្រុស​ច្បង​មាន​អាយុ​១៤​ខែ ។

នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តក្រចេះ ក្រុម​គ្រួសារ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​រូប​នេះ បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​បាន​ឈឺពោះ​គ្រប់​ខែ​សម្រាលកូន​តាំងពី​យប់​ថ្ងៃ​ទី​១៩ មិថុនា តែ​នាង​ពិបាក​នឹង​សម្រាល តាម​ធម្មជាតិ ហើយ​ការ​ឈឺពោះ​ក៏​កាន់តែ​ខ្លាំង ឡើង ក៏​ព្រោះតែ​តំបន់​នោះ​ដាច់​ស្រ​យ៉ា​ល​នៅ​ក្នុង​ព្រៃ មិនសូវ​មាន​អ្នក​ភូមិ​រស់នៅ ទើប​ស្ត្រី​រូប​នេះ ត្រូវ​អ្នក​ភូមិ​មួយ​ចំនួន​ដាក់​ស្នែង​ឫស្សី​សែង​ដើរ កាត់​ព្រៃ កាត់​ជ្រលង​ដងអូរ កាត់​ស្រែ បណ្តាក់​គ្នា​សែង​បញ្ជូន​នាង​មក​សង្គ្រោះ​បាន​ទាន់​ពេលវេលា ។

ទោះ​យ៉ាងណា ក្រោយ​ពី​ការ​ធ្វើ​ដំណើរ​សែង​ដោយ​ថ្មើរជើង លើ​ចម្ងាយ​ផ្លូវ​ជាង​៤០​គីឡូ​ម៉ែ​ត្រ​ចេញពី​ព្រៃ​មក​ភូមិ​សំដៅ​មក​មាត់​កំពង់ទឹក ដើម្បី​ជិះទូក​ឆ្លងទន្លេ​មក​កាន់​ទីប្រជុំជន​ស្រុក ស្វែងរក​រថយន្ត​ដឹក​មក​មន្ទីរពេទ្យ ក៏​បាន​មក​ដល់​ដូច​បំណង​នៅ​ព្រលប់​ថ្ងៃ​ទី​២០ មិថុនា ដោយ​ក្រុម​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​ភ្លាម​ៗ​រហូត​ទទួល​បាន​ជោគជ័យ ។

បើ​តាម​ក្រុម​គ្រូពេទ្យ​ផ្នែក​សម្ភព​បានឱ្យ​ដឹង​ថា ទារក​ក្នុង​ផ្ទៃ​របស់​ស្ត្រី​រូប​នេះ​មាន​ទម្ងន់​ធ្ងន់ ទើប​ធ្វើ​ឱ្យ​ម្តាយ​ពិបាក​នឹង​សម្រាល​តាម​ធម្មជាតិ ទើប​ចាំបាច់​ត្រូវ​វះកាត់ ។ ឆ្លង​តាម​ទិដ្ឋភាព​នេះ បាន​បង្ហាញ​ពី​ការ​រស់នៅ​ដែល​ខ្វះ​ចំណេះដឹង សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ មិន​ត្រូវ​គិត​ងាយ​ឱ្យ​ឆ្លងទន្លេ​ដោយ​ខ្វះ​ជំនួយ​ជាយថាហេតុ​ឡើយ ។

នេះ​ចាត់ទុកជា​សំណាង​ណាស់​ដែល​ឈឺពោះ​ឆ្លងទន្លេ​ស្ទើរ​ពេញ​១​ថ្ងៃ​ទើប​មក​ដល់​មន្ទីរពេទ្យ ចុះបើ​មាន​បញ្ហា​ពេល​នៅ​ក្នុង​អង្រឹង​កណ្ដាល​ព្រៃ​នោះ តើ​នឹង​មាន​អ្វី​កើតឡើង ៕