តុលាការ​កូរ៉េ​ខាងត្បូង​មួយ​ពិនិត្យ​លើ​ការ​រត់ចោលជួរ​របស់​នារី​កូរ៉េ​ខាងជើង​12​នាក់

ជម្លោះ​កូរ៉េ​នា​ថ្ងៃ​ទី​២១ មិថុនា ឈាន​ដល់​ការ​ប្រើ​នីតិវិធីតុលាការ​មិន​ធ្លាប់​មាន​ពី​មុន​មក​ជាមួយ​ការ​ពិនិត្យ​របស់​តុលាការ​កូរ៉េ​ខាងត្បូង​មួយ​លើ​កា​រត់ចោលជួរ​របស់​នារី​បម្រើ​ការងារ​ក្នុង​ភោជនីយដ្ឋាន​កូរ៉េ​ខាងជើង​១២​នាក់ ដែល​ក្រុង​ព្យុ​ង​យ៉ាង​ចាត់ទុកជា​ការ​ចាប់ពង្រត់ ។

កាលពី​ខែមេសា​កន្លង​មកនេះ នារី​បម្រើ​ការ​ក្នុង​ភោជនីយដ្ឋាន​កូរ៉េ​ខាងជើង​១២​នាក់ ក្លាយជា​កម្មវត្ថុ​នៃ​ការ​ចុះ​ផ្សាយ​ប្រើ​ចំណងជើង​ធំ​ៗ​ក្នុង​កាសែត​អន្តរជាតិ​ទាំងឡាយ​បន្ទាប់​ពី​ពួក​គេ​ចាក​ចេញពី​ប្រទេស​ចិន​ទៅ​កាន់​កូរ៉េ​ខាងត្បូង​។ ទីភ្នាក់ងារ​ស៊ើបការណ៍​ជាតិ​កូរ៉េ​ខាងត្បូង NIS ពេល​នោះ​និយាយ​ពី​ការ​រត់ចោលជួរ​ជា​សមូហភាព​ធំ​មួយ​របស់​ជនជាតិ​កូរ៉េ​ខាងជើង​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ។ ផ្ទុយ​ទៅ​វិញ ក្រុង​ព្យុ​ង​យ៉ាង​បាន​បរិហារ​ការ​រត់ចោលជួរ​នេះ​ថា ជា​ការ​ចាប់ពង្រត់​របស់ NIS ហើយ​ទាមទារ​ឱ្យ​បញ្ជូន​ពួក​គេ​ទៅ​ស្រុក​វិញ ។

ចាប់តាំងពី​ខែមករា​មក ក្រុង​ព្យុ​ង​យ៉ាង​បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដ៏​ខ្លាំង​មួយ ដោយ​ផ្សាយ​ជា​ពិសេស​វី​ដេ​អូ​ទាំងឡាយ​នៃ​គ្រួសារ​នារី​ទាំងនេះ ដែល​ស្នើ​សុំ​ជួប​ពួក​គេ​នៅ​ក្រុង​សេ​អ៊ូ​ល ។ សំណើ​បែប​នេះ​ត្រូវ​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​បដិសេធ​ដោយសារ​បញ្ហា​សន្តិសុខ ដោយ​និយាយ​ថា មនុស្ស​ទាំងអស់​ដែល​រត់ចោលជួរ​ត្រូវ​ស្ថិត​នៅ​កន្លែង​សម្ងាត់​មួយ​រយៈពេល ។ ដំបូង​ពួក​គេ​ត្រូវ​សួរ​ចម្លើយ​ដើម្បី​កំណត់​ថា ពួក​គេ​ជា ចារនារី ឬ​អត់ ? បន្ទាប់​មក​ពួក​គេ​រៀន​ទម្លាប់​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​សេរី ។

រឿង​នេះ​កាន់តែ​ស្មុ​គ្រ​ស្មាញ​ពេល​តុលាការក្រុង​សេ​អ៊ូ​ល​មួយ​លើកយក​មក​ពិនិត្យ​តាម​រយៈ​ការ​ទាមទារ​របស់​សមាគម​មេធាវី​កូរ៉េ​ខាងត្បូង​មួយ ដើម្បី​ឱ្យ​ពួក​នាង​ពន្យល់​ពី​សភាព​ការណ៍ ។ សវនាការ​នេះ​ប្រព្រឹត្ត​ទៅ​ជា​សម្ងាត់​ដោយ​គ្មាន​ទាំង​វត្តមាន​របស់​នារី​ទាំង​១២​នាក់ ។ តាម​ពិត NIS បាន​ប្រឆាំង​ដោយសារ​ពួក​នាង​ពុំ​ចង់​ធ្វើ​ជា​សាក្សី ហើយ​ត្រូវ​លាក់​ខ្លួន​ដើម្បី​ការពារ​ខ្លួន​ផ្ទាល់ ៕