នារី​វ័យក្មេង​ម្នាក់​ជិះ​ម៉ូតូ​បុក​សសរថ្ម​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម

ខេត្ត​ព្រះ​សីហ​នុ ៖ នារី​វ័យក្មេង​ម្នាក់​បាន​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​បន្ទាប់​ពី​បើកបរ​ម៉ូតូ​យ៉ាង​លឿន​ចេញពី​ក្លិប​កំសាន្ត​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​សសរថ្ម​ការពារ​ហាម​រថយន្ត​ធំ​បើកបរ​ឆ្លងកាត់​មួយ​កន្លែង​ត្រង់​ចំណុច​ផ្លូវបត់​ចុះ​ទៅ​ក្លឹ​ប​កំសាន្ត LV ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

តាម​ការ​រៀបរាប់​របស់​មិត្តភក្តិ​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ ។ នារី​រង​គ្រោះ​មានឈ្មោះ ស សុ​ខឿន អាយុ​២៩​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​នៅ​ភោជនីយដ្ឋាន​បរទេស មានស្រុក​កំណើត​ភូមិ​ព្រែក​តា​រ័​ត្ន ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង ។ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្រោយ​ក្លឹ​ប​កំសាន្ត LV ក្នុង​សង្កាត់​លេខ​៤ ក្រុង ព្រះ​សីហ​នុ ខេត្ត​ព្រះ​សីហ​នុ ។

មិត្តភក្តិ​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពេល​ចប់​ម៉ោង​ធ្វើការ នារី​រង​គ្រោះ​រួម​ជាមួយ​មិត្តភក្តិ​ធ្វើការ​ជាមួយ​គ្នា​៤-៥​នាក់​បាន​បបួល​គ្នា​ជួបជុំ​ផឹកស្រា​នៅ​ក្លឹ​ប​កំសាន្ត​១​កន្លែង ។ បន្ទាប់​ពី​ស្រវឹង​រៀង​ៗ​ខ្លួន​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​មក​ផ្ទះ​វិញ ដោយឡែក​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក ស្កុប​ពី ស៊េរី​ឆ្នាំ​២០១៥ តែ​ម្នាក់ឯង បើកបរ​ចេញពី​ក្លឹ​ប​កំសាន្ត​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​សសរ​ខាងលើ​ពេញទំហឹង​បណ្តាល​ឲ្យ​នាង​បាក់​ក​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

មិត្តភក្តិ​នារី​រង​គ្រោះ​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ មិត្តភក្តិ​ដែល​ធ្វើការ​ជាមួយ​គ្នា​បាន​ដឹក​យក​សព​ទៅ​បូជា​នៅ​វត្ត​ឥន្ទ​ញាណ ហៅ​វត្ត​ក្រោម ដើម្បី​យក​ធាតុ​ទៅ​បញ្ចុះ​នៅ​ឯ​ស្រុក​កំណើត ៕