ធី សុវណ្ណ​ថា ថា​លោក កឹ​ម សុខា មិន​បាន​ជួយ​អភិវឌ្ឍន៍​សង្គម

ខេត្តបន្ទាយមានជ័យ ៖ ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា ក៍បាន​លើក​ឡើង​ចំ​ៗ​ថា​មាន​មនុស្ស​ខ្លះ​មិន​បាន​ជួយ​ចូក​ជួយ​ចែវ​ដល់​សកម្មភាព​អភិវឌ្ឍន៍​សង្គម​ជាតិ​ទេ ប៉ុន្តែ​បែរ​ជាយ​កជើង​យកដៃ​រាទឹក​ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​យល់​ច្រឡំ​ខំ​គាំទ្រ​តែ​ធាតុ​ពិត​មានរឿង​អាស្រូវ​គ្រប់​ទិស​ទី​ដូច​លោក​កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម ។

ការ​លើក​ឡើង​របស់ ធី សុវណ្ណ​ថា ចំពោះ​មុខ​ប្រជាពលរដ្ឋ​ប្រមាណ​១០០០​នាក់​ខាងលើ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ២០១៦ នៅ​សាលា​បឋម​សិក្សា​ជប់​វា​រី ស្ថិត​ក្នុងភូមិ​ជប់ ឃុំ​ជប់​វា​រី ស្រុក​ព្រះ​នេត្រ ។

នៅ​ក្នុង​វេទិកាសាធារណៈ​នា​ឱកាស​នោះ​ដែរ ធី សុវណ្ណ​ថា ក៍បាន​នាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ជួយ​ពិនិត្យ​ជំងឺ​ជូន​ពលរដ្ឋ​ដោយ​មិន​គិតថ្លៃ និង​បាន​ផ្តល់​ស្រះ​ទឹក​រួម​មួយ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ។ ក្រៅពី​នោះ​ក្នុង​នាម​ជា​នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា ក៍បាន​ទទួល​ពាក្យបណ្តឹង​មួយ​ចំនួន​ពី​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​វិវាទ​និង​បញ្ហា​ផ្សេង​ៗ ដើម្បី​ជួយ​សម្រប​ស្រួល​ផ្នែក​ច្បាប់​ផង​ដែរ ។

បើ​តាម​អតីត​ជា​យុវនារី​ម្នាក់​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​នយោបាយ​បម្រើ​ឲ្យ​គណបក្សប្រឆាំង​អំឡុង​មុន​និង​ក្រោយ​ពេល​បោះ​ឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​កាលពី​ឆ្នាំ​២០១៣​កន្លង​នេះ គោលបំណង​សំខាន់​នៃ​វេទិកា​ដែល​រៀបចំ​ដោយ​អង្គការ​របស់​កញ្ញា​នា​ពេល​នេះ គឺ​ដើម្បី​លើក​ឡើង​ពី​កា​រវិ​វត្ត​នៃ​ស្ថានការណ៍​នយោបាយ​នា​ពេល​បច្ចុប្បន្ន និង​ជួយ​ផ្តល់​អណ្តូងទឹក និង​កន្លែង​ស្នាក់​នៅ​រៀនសូត្រ​ដល់​សិស្សានុសិស្ស​ក្រីក្រ​តាម​មូលដ្ឋាន និង​ទទួលយក​សំណូមពរ​និង​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ជាដើម​។

ជុំវិញ​ការ​លើក​ឡើង​របស់​កញ្ញា ធី សុវណ្ណ​ថា ខាងលើ គិត​ត្រឹម​វេលា​ម៉ោង​២​និង​២៥​នាទី​រសៀល​ថ្ងៃ​ពុធ​ដដែល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ៕