សម​មុខ​​ម្ចាស់​​ហើយ ត្រូវតែធ្វើបែបនេះ​!​​

រាជធានី​ភ្នំពេញ​ ៖ គោ​​មួយ​​ហ្វូង​មាន​​ចំនួន​១២​​ក្បាល ត្រូវ​​ម្ចាស់​លែង​​ចោលយ៉ាងអនាធិបតេយ្យ​ ​ដោយ​ឱ្យ​​ដើរ​ស៊ី​កាក​​សំណល់ នៅ​តាម​​ទីប្រជុំជន​សាធារណៈ ហើយ​ត្រូវ​​កម្លាំង​អាជ្ញាធរ​​សង្កាត់​ចោម​ចៅ ចាប់​​ប្រមូល​ទុក​នៅ​ក្នុង​សាលាសង្កាត់ ដើម្បី​ឱ្យ​​ម្ចាស់​ចេញ​មុខ ទៅ​​ធានា​យក​វិញ​ ដែល​ជា​​ពិសេសនោះ​ អាជ្ញាធរ​​ចង់​ដុស​ក្អែល​លើ​ម្ចាស់​គោ​ទាំង​នោះ​ចេញ​ម្ដង ។

ប្រភព​ពី​អាជ្ញាធរថា ដោយសារ​ម្ចាស់​គោ​​ពួក​គាត់​ម្នាក់​ៗ ហាក់​គ្មាន​​ឧត្តមគតិ​​បន្តិច​ណា​​សោះ កន្លង​មក​ទោះជា​មានការ​ផ្សព្វផ្សាយ​ឱ្យ​មាន​ការ​គ្រប់គ្រង​គោ​ឱ្យ​​បាន​ល្អ​ចង ឬ​ដាក់​ក្រោល​ឱ្យ​​ត្រឹមត្រូវ ក៏​ម្ចាស់​គោ​​ទាំងនោះ មិន​ព្រម​អនុវត្ត​តាម​ដែរ ។ គឺ​នៅ​តែ​បន្ត​លែង​គោ​ចោល​ឱ្យ​​ដើរ​អុកឡុកតាម​​ទីប្រជុំជន និង​ផ្លូវ​សាធារណៈ​​ដដែល និង​បង្ក​ឱ្យ​​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ជា​​បន្តបន្ទាប់​ទៀត​ផង ​។

អាជ្ញាធរ​បាន​​ចាប់​គោ​ទាំង​១២​ក្បាល​នោះ កាលពី​វេលា​ម៉ោង​៤​ជិត​ភ្លឺ​ថ្ងៃ​ទី​២២ ​មិថុនា ​​២០១៦ ខណៈ​ពេល​​ដែល​គោ​១​ហ្វូង​នោះ កំពុង​ដើរ ​និង​ស៊ី​កាក​​សំណល់ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ខាងលិចរង្វង់​មូល​ថ្នល់បំបែក ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

មន្ត្រី​សាលាសង្កាត់​ចោម​ចៅ​មួយ​រូប​បាន​ប្រាប់​ថា ហ្វូងគោ​ខាងលើ​ មាន​មេ​និង​កូន ហើយ​នៅ​មិន​ទាន់​ស្គាល់​ម្ចាស់​នៅឡើយ​ទេ ។ ពួក​វា​​តែងតែ​ដើរ​​យ៉ាង​អនាធិបតេយ្យ នៅ​តាម​ដងផ្លូវ​ និង​ស៊ី​កាក​សំណល់​ផ្សេង​ៗ​ដូចជាសំបក​ផ្លូវ​ឈើ បន្លែ​ស្អុយរលួយ កាក​អំពៅ ព្រមទាំង​កម្ទេច​បាយ​ជាដើម​ ដែល​គេ​ចោល​នៅ​តាម​គំនរសំរាម ។ ជា​ពិសេស​នៅ​តាម​ទីផ្សារ​មាន​ផ្សារ​ជម្ពូ​វ័ន ផ្សារ​ថ្នល់​បំបែក​​ចោម​ចៅ និង​ផ្សារ​អូរ​ដឹ​ម​ជាដើម ដែល​​បង្ក​ឱ្យមានការ​ប៉ះពាល់​ដល់សណ្ដាប់ធ្នាប់​ចរាចរ​ណ៍​យ៉ាង​ខ្លាំង ​។ ​

មួយ​រយៈពេល​នេះ គេសង្កេត​​បាន​បង្ក​​ឱ្យ​មានគ្រោះ​ថ្នាក់​ចរាចរ​ជា​ញឹកញាប់ មិនតែប៉ុណ្ណោះ​វា​បាន​ឡើង​ស៊ី​ស្មៅ និង​ដើម​ផ្កា​នៅ​លើ​សួនច្បារ​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ​ទៀត​ផង​ ។ ​