អា​ហ្ស​ង់​ទី​ន​មិន​ទុក​មុខ​ឱ្យ​ម្ចាស់ផ្ទះ​មុន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ

ការ​ប្រកួត Copa America វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​ម្ចាស់ផ្ទះ​អា​មេ​រិ​ក និង​ក្រុម​អា​ហ្ស​ង់​ទី​ន​ត្រូវ​បាន​បញ្ចប់​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ដោយ​អា​ហ្ស​ង់​ទី​ន​បំបាក់​ម្ចាស់ផ្ទះ​ក្នុង​លទ្ធផល​៤-០​។

ការ​ប្រកួត​នៅ​ក្នុង​តង់​ទី​១​ចាប់ផ្តើម​ត្រឹមតែ​៣​នាទី​ប៉ុណ្ណោះ ក្រុម​ភ្ញៀវ​ដែល​មាន​រហស្សនាម​ពពក​ស បាន​កៅឆាយ​ម្ចាស់ផ្ទះ​១​គ្រាប់​ទាំង​ព្រឹក​ដោយ​កីឡាករ Ivan Lavezzi និង​នៅ​នាទី​ទី​៣១​ខ្សែប្រយុទ្ធ​មុត​ស្រួច Messi បាន​បន្ថែម​១​គ្រាប់​ទៀត​ដោយ​ការ​ស៊ុត​បាល់​ពិន័យ Free-Kick ជាមួយនឹង​កម្លាំង​ជើង​ឆ្វេង​ដ៏​ខ្លាំង​របស់​ខ្លួន ធ្វើ​ឱ្យ​អ្នកចាំទី​ក្រុម​អា​មេ​រិ​ក​លោត​ចាប់​មិន​ទាន់​ជួយ​ឱ្យ​អា​ហ្ស​ង់​ទី​ន​នាំមុខ​អា​មេ​រិ​ក​បណ្ដោះអាសន្ន​២-០​ក្នុង​តង់​ទី​១​។

នៅ​តង់​ទី​២​ក្រុម​ភ្ញៀវ​ពពក​ស​មិន​អស់ចិត្ត​ក៏​បន្ថែម​២​គ្រាប់​ទៀត​ដោយ​កីឡាករ Hguain នៅ​នាទី​ទី​៥០ និង​នៅ​នាទី​ទី​៨៥ ។ ចប់​ការ​ប្រកួត​ក្រុម​អា​ហ្ស​ង់​ទី​ន​ឈ្នះ​ម្ចាស់ផ្ទះ​Copa America ក្នុង​លទ្ធផល​៤-០ ដែល​អាច​ឱ្យ​ក្រុម​នេះ​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​មុនគេ​រង់ចាំ​គូប្រកួត ។ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៧​មិថុនា ខាង​មុខ​នេះ៕