ជិះ​ជ្រែ​​បាន​​ល្អណាស់​ នាំ​ទៅយករង្វាន់​នៅស្នង​​ការ​​ខេត្ត​

​ខេត្ត​បាត់ដំបង ៖ ជន​​ទំនើង​២​នាក់​​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ផ្នែក​បង្ការ​បង្ក្រាប​​ឃាត់​ខ្លួន​ យក​ទៅ​កាន់​ស្នងការ​ខេត្ត កាលពី​វេលា​ម៉ោង​១០ និង១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ​មិថុនា ២០១៦ បន្ទាប់​ពី​ពួក​គេ​ជិះ​ម៉ូតូ​ដោយ​ប្រើ​ជើង​​ទប់​​ចង្កូត​បែប​ទំនើង​​ជ្រែគេ​​ពេញ​​ផ្លូវ​ជាតិ​​លេខ​៥៧ ត្រង់​ចំណុច​​ភូមិ​វត្ត​គរ សង្កាត់​​វត្ត​គរ ក្រុង​បាត់ដំបង​ ។

សមត្ថកិច្ច​​ឱ្យ​ដឹង​​ថា ជន​ទំនើង​ម្នាក់​​ឈ្មោះ​ឆាយ រស្មី ​​អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​​-​សង្កាត់​ខាងលើ ​(ជា​អ្នក​ឌុ​ប) និង​ម្នាក់​ទៀត​មិន​ទាន់​​ស្គាល់ឈ្មោះ​​ទេ​ ។ ​

ប្រភព​បន្តថា ឈ្មោះ​ឆាយ រស្មី នេះ​ បាន​ជិះ​ម៉ូតូឌុប​មិត្តភក្ដិ ដោយ​យក​ជើង​ទាំង​២​ទប់​ចង្កូត​ជំនួស​​ដៃ ហើយ​ជិះ​ជ្រែ​ពេញ​ផ្លូវ​ បង្ក​ការ​ភ្ញាក់ផ្អើល​​ដល់​អ្ម​ក​ដំណើរ ខណៈ​នោះ​​ក៏មាន​​កម្លាំង​​​កំពុង​​ជិះ​ម៉ូតូ​​ល្បាត​ផង ក៏​ប្រទះ​ឃើញ​​តាម​ស្ទាក់​​​នាំ​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​ធ្វើការ​​អប់រំ ​។

សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ដែរ​​ថា សកម្មភាព​ជន​ទំនើង​របស់​ជន​ទាំង​២​នាក់​​នេះ  អាច​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត​ ដល់​ខ្លួនឯង​​ និង​អ្នក​ដំណើរ​​តាម​ផ្លូវ ដូច្នេះ​ហើយ ​ទើប​លោកស្នងការ​បញ្ជា​ឱ្យ​ឃាត់​នាំ​យក​ទៅ​អប់រំ ។