ល្បែង​ហ្គេ​ម​បាញ់​ត្រី​កំចាត់​មិន​ចេះ​អស់

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​អភិបាល​ខណ្ឌដូនពេញ​បាន​ចេញ​មុខ​អះអាង​ថា នៅ​ក្នុង​ខណ្ឌដូនពេញ​ចាប់ពី​ពេល​នេះ​ទៅ​មិន​មាន​ល្បែង​គ្រប់​ប្រភេទ​បន្ត​អាជីវកម្ម​ទៀត​ឡើយ ក៏​ប៉ុន្តែ​ជាក់ស្តែង​នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦​ កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ដូន​បាន​ឆ្មក់​ចូល​ទីតាំង​ល្បែង​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ជា​លទ្ធផល​ឃាត់ខ្លួន​មេការ​ម្នាក់ និង ដកហូត​បាន​ទូ​ហ្គេ​ម​បាញ់​១​ទូ ។

មន្ត្រី​សាលា​ខណ្ឌដូនពេញ​ដែល​បាន​ចូលរួម​បង្ក្រាប​ទីតាំង​ល្បែង​បាញ់​ហ្គេ​ម​ខាងលើ​បាន​និយាយ​ថា នៅ​យប់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦ យោង​តាម​បទបញ្ជា​ពី​លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក ចាន់ បណ្ឌិត នាយករង​សាលា​ខណ្ឌដូនពេញ និង មាន​កិច្ចសហការ​ពី​ព្រះរាជអាជ្ញា​រង​សាលា​រាជធានី​ភ្នំពេញ​ បាន​ឆ្មក់​ចូល​ទីតាំង​បើក​ល្បែង​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​៣ សង្កា​ត្រ់ះ​ចក ខណ្ឌដូនពេញ ។ នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​សាលា​ខណ្ឌ​ដូនពេញ​បាន​ចុះ​បង្ក្រាប​ទីតាំង​បើក​ល្បែង​ហ្គេ​ម​បាញ់​ត្រី​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្រះ​ចក ដែល​ពួក​គេ​តែងតែ​លួច​បើក​លេង​នៅ​ពេល​យប់ ហើយ​មិន​ដែល​ឃើញ​អាជ្ញាធរ​សង្កាត់​ស្រះ​ចក​ចុះ​បង្ក្រាប​បាន​ម្តងណា​ឡើយ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្មាំ​២០១៦ សាលា​ខណ្ឌដូនពេញ​បាន​វាយ​កំទិច​ទូ​ហ្គេ​ម​ចំនួន​២៥​ទូ ក្នុង​នោះ​មាន​ទូ​ហ្គេ​ម​ប្រភេទ​បាញ់​ត្រី​ផង​ដែរ ៕