អ្នកនាំពាក្យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ប្រតិកម្ម​នឹង​របាយការណ៍​សិទ្ធិមនុស្ស UN និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       June-22-2016, 3:27 pm         160

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ្នកនាំពាក្យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ប្រតិកម្ម​នឹង​របាយការណ៍​សិទ្ធិមនុស្ស UNលោក Zaw Htay អ្នកនាំពាក្យការិយាល័យប្រធានាធិបតី​មន្ត្រី​មី​យ៉ាន់​ម៉ា បាន​ចេញមក​ប្រតិកម្ម​ភា្ល​មៗ បន្ទាប់ពី​មានការ​រិះគន់​ពី​ស្ថាប័ន​សិទ្ធមនុស្ស​អង្គការសហប្រជាជាតិ លើ​ករណី​រំលោភបំពាន​ធ្ងន់ធ្ងរ ចំពោះ​ជនជាតិភាគតិច​ទាំងឡាយ ដែល​រស់នៅ​លើទឹក​ដី​មី​យ៉ាន់​ម៉ា ជាពិសេស​ជនភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។ ស្ថាប័ន​សិទ្ធិមនុស្ស​ដដែល ចាត់ទុក​សកម្មភាព​ទាំងនោះ ថា អាច​ក្លាយជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ទៀតផង​។

​នៅ​សប្ដាហ៍​នេះ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បានចេញ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស នៅក្នុង​មី​យ៉ាន់​ម៉ា ដែល​រកឃើញថា មានការ​រើសអើង និង​ការរំលោភបំពាន​ជា​ប្រព័ន្ធ ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ យ៉ាងណាក្ដី អ្នកនាំពាក្យ​ប្រ​ធានា​ធិ​ប​តិ​មី​យ៉ាន់​ម៉ា បាន​ឆ្លើយតប​នឹង​ការរិះគន់​នេះ និង​ប្រាប់​ឲ្យ​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ យល់​ពី​ដំណើរការ​កែទម្រង់​នៅក្នុង​មី​យ៉ាន់​ម៉ា​។

​លោក Zaw Htay អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី បាន​ប្រាប់​សារព័ត៌មាន The Irrawaddy ថា UN និង​អង្គការ​អន្តរជាតិ គួរតែ​យល់​ពី​ដំណើរការ​ទៅមុខ​របស់​មី​យ៉ាន់​ម៉ា និង​ត្រូវ​ចេះ​បត់បែន​តាម​នយោបាយរ​បស់​រដ្ឋាភិបាល​ថ្មី​។ លោក​បន្តថា សហគមន៍​អន្តរជាតិ គួរតែ​ផ្ដល់​ការគាំទ្រ និង​ការលើកទឹកចិត្ត ចំពោះ​រឿងនេះ​។

​ដោយ​ទទួលស្គាល់​រឿងរ៉ាវ​ដែល​កើតឡើង អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា នេះ​ជា​ចំណុចខ្សោយ​ពី​អតីតកាល ហើយ​រដ្ឋាភិបាល​ថ្មី នឹង​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​ការគោរព​សិទ្ធិមនុស្ស​។ លោក​បន្ថែមថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បានដាក់​ចេញរួច​ហើយ នូវ​គោលនយោបាយ​ទាក់ទង​នឹង​បញ្ហា​នេះ ហើយ​របាយការណ៍​រប​ស់ UN គួរតែ​គិតពី​ការកែទម្រង់ របស់​រដ្ឋាភិបាល​ថ្មី​ផងដែរ​។​

​ចំណែកឯ តំណាង​មី​យ៉ាន់​ម៉ា ប្រចាំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្សលោក Thet Thinzar Htun ក៏បាន​រិះគន់​ការប្រើប្រាស់​ពាក្យ «​រ៉ូ​ហ៊ីង​យ៉ា​» ពី​សំណាក់​តួអង្គ​អន្តរជាតិ ដោយ​អះអាងថា «​ជាការ​ចាក់​សាំង​លើ​ភ្លើង​»​។ ជំនួស​មកវិញ​នោះ មី​យ៉ាន់​ម៉ា ចង់​ប្រើពាក្យ «​សហគមន៍​មូស្លីម​នៅ​រដ្ឋ Arakan» ព្រោះ​ពាក្យ​នេះ អាច​នាំមក​សុខដុមរ​ម​នីយកម្ម និង​ការទុកចិត្ត​គ្នា​ទៅវិញទៅមក រវាង​សហគមន៍​ពុទ្ធសាសនា និង​ឥស្លាម​។

​ជាមួយគ្នានេះ កាលពី​សប្ដាហ៍​កន្លងទៅ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក៏បាន​បង្កើត​គណៈកម្មាធិកា​រ​សម្រាប់​សន្តិភាព ស្ថិរភាព និង​អភិ​វ្ឍ​ន៍ ក្នុង​រដ្ឋ Arakan ដែលមាន​ទីប្រឹក្សា​រដ្ឋ លោកស្រី អ៊ុង​សាន ស៊ូ​ជី ជា​ប្រធាន​។ គណកម្មាធិការ​នេះ នឹង​ដោះស្រាយ​ការតាំង​ទីលំនៅ​ថ្មី ក៏ដូចជា សម្របសម្រួល​ជាមួយ​ទីភ្នាក់ងារ​នានា​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ ដែលមាន​បំណង​ចូលរួម​ក្នុងការ​ស្វែងរក​សន្តិភាព​ក្នុង​រដ្ឋ​មួយ​នេះ​៕