កម្មករ​ធ្វើ​ផ្លូវ​អភិវឌ្ឍន៍​យោធា ដេក​ស្លាប់​សង្ស័យ​គាំងបេះដូង

កម្មករ​ធ្វើ​ផ្លូវ​អភិវឌ្ឍន៍​យោធា ដេក​ស្លាប់​សង្ស័យ​គាំងបេះដូង



បាត់ដំបង ​៖ ​បុរស​ម្នាក់ ​ដែល​មាន​នាទី​ជា​កម្មករ​ធ្វើ​ផ្លូវ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ ថៃ​របស់​ក្រុមហ៊ុន ​យោធា​អភិវឌ្ឍន៍​ ​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ក្នុង​អង្រឹង​ ដោយ​គ្មាន​មូលហេតុ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន​របស់​ជំនាញ​សមត្ថកិច្ច​គឺ​អាច​បណ្ដាល​មកពី​រោគ​គាំងបេះដូង។

បញ្ហា​ខាង​លើ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣ រំលង​អធ្រាត្រ ស្ថិត​ក្នុង​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់ដំបង ​ ដោយសារ​តែ​មាន​កម្មករ​ដូចគ្នា​ ដែល​ស្នាក់នៅ​ត្រង់​ចំណុច​ខាងលើ​ជាមួយ​គ្នា ​បាន​​ឃើញ​ជនរងគ្រោះ​​​ស្លាប់​ទៅ​ហើយ នៅ​ក្នុង​អង្រឹង​របស់​គេ។

ជនរងគ្រោះ​មានឈ្មោះ តា​ត់ វណ្ណ​ថន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ស្រុក​កំណើត​ នៅ​ភូមិ​ខ្សុំ ​ឃុំ​បន្ទាយដែក​ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ​ បាន​មក​​ស្នាក់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ដោយមាន​នាទី ជា​កម្មករ​ធ្វើ​ផ្លូវ របស់​ក្រុមហ៊ុន អភិវឌ្ឍន៍​យោធា ពី​ភូមិ​បួរ​ ទៅ​កំ​ប្រង់ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​កំរៀង។

ក្រោយពេល​មានការ​ភ្ញាក់ផ្អើល​នេះ​ក៏មាន​សមត្ថកិច្ច​ជំនាញ បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​ព្រមទាំង​បាន​សន្និដ្ឋាន​ថា ជនរងគ្រោះ​អាច​ជា​មនុស្ស​ខ្សោយបេះដូង ហើយ​ការ​ស្លាប់​នេះ​គឺ​ដោយសារ​គាំងបេះដូង មូលហេតុ​ដេក​ក្នុង​អង្រឹង​តែ​ម្នាក់​ឯង​ដោយ​គ្មាន​អ្នកណា​នៅក្បែរ ទើប​មិន​អាច​មាន​អ្នកណា​ជួយ​ធ្វើ​ចលនា​ឲ្យ ​ខណៈ​ដែល​គេ​កំពុង​ណែន​ទ្រូង។

បច្ចុប្បន្ន​សព​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ ​ នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ៕