កម្លាំង​នគរបាល​បង្ក្រាប​បាន​មុខ​សញ្ញា​ប្រើប្រាស់ និង​ចែកចាយ ​គ្រឿងញៀន​ម្នាក់ ​នៅ​ស្រុក​អង្គរជ័យ

កម្លាំង​នគរបាល​បង្ក្រាប​បាន​មុខ​សញ្ញា​ប្រើប្រាស់ និង​ចែកចាយ ​គ្រឿងញៀន​ម្នាក់ ​នៅ​ស្រុក​អង្គរជ័យ



កំពត ​៖​ កម្លាំង​នគរបាល ការិយាល័យ​កណ្ដាល​ ប្រឆាំង​បទល្មើស​ខេត្ត​កំពត ​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី​ អ៊ិន ជីវ៉ា ស្នងការ​រង សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​អង្គរជ័យ ចុះទៅ​បង្ក្រាប និង​ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់ នៅ​​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០១៦ ​ត្រង់​ចំណុច​ភូមិ​ពោធិ៍ ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្តកំពត។

លោក​ឧត្ដមសេនីយ៍ត្រី អ៊ិន ជីវ៉ា ស្នងការ​រង និង​ជា​ប្រធាន ការិយាល័យ​កណ្ដាល ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន ​មានឈ្មោះ អ៊ុន សុផាន់​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ (​មិន​ពិតប្រាកដ​) រស់នៅ​ភូមិ ឃុំ កន្លែង​ចាប់ខ្លួន​ខាងលើ ។

ចំណែក​វត្ថុតាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​រួម​មាន​ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ​ចំនួន​៣​កញ្ចប់​តូច​(២​កញ្ចប់​ធំ និង​១​កញ្ចប់​តូច​), ជញ្ជីង​ថ្លឹង ចំនួន​០២​គ្រឿង​,​ថង់​តូច​ៗ​សម្រាប់​ច្រក​មួយ​ចំនួន និង​ម៉ូតូ​០២​គ្រឿង (១-​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ​ ស៊េរី​​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BW-0385 និង​ម៉ូតូ​ម៉ាក​ស្កូ​ពី ពណ៌​ស គ្មាន​ស្លាក​លេខ​)​។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​ខេត្ត កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

កម្លាំង​នគរបាល​បង្ក្រាប​បាន​មុខ​សញ្ញា​ប្រើប្រាស់ និង​ចែកចាយ ​គ្រឿងញៀន​ម្នាក់ ​នៅ​ស្រុក​អង្គរជ័យ