ដង្កូវ​ហ្វូង​នៅ​តែ​បន្ត​បំផ្លាញ​ស្រូវ​និង​ដំណាំ​កសិករ​នៅ​ខេត្ត​សៀមរាប​និង​ខេត្ត​ឧត្តរមានជ័យ

ដង្កូវ​ហ្វូង​នៅ​តែ​បន្ត​កើត​ឡើង​ក្នុង​ស្រុក​បន្ទាយស្រី នៃ​ខេត្ត​សៀមរាប ព្រម​ទាំង​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំងប្រាសាទ នៃ​ខេត្ត​ឧត្តរមានជ័យ បើ​ទោះ​បី​ជា​កន្លែង​ដែល​បាន​ផ្ទុះ​កាល​ពី​សប្ដាហ៍​មុន បាន​ថមថយ​ខ្លះៗ ដោយសារ​តែ​កសិករ​នាំ​គ្នា​ប្រើ​ថ្នាំ​ពុល​បាញ់​សម្លាប់​ពួក​វា​ក៏ដោយ។

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ថា រយៈពេល​មួយ​សប្ដាហ៍​នេះ សត្វ​ដង្កូវ​ហ្វូង​បាន​កើត​ច្រើន​នៅ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំងប្រាសាទ ដោយ​ស៊ី​បំផ្លាញ​ដំឡូងមី​អស់​ប្រហែល​ជាង ២​ពាន់​ហិកតារ ព្រម​ទាំង​ស៊ី​ស្រូវ​អស់​ប្រហែល ៥០​ហិកតារ​ទៀត។

មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ បាន​បញ្ជូន​មន្ត្រី​ជំនាញ​ជាច្រើន​រូប​ទៅ​កាន់​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំងប្រាសាទ នៅ​ថ្ងៃ​អង្គារ ទី​២១ ខែ​មិថុនា ដើម្បី​ចុះ​ទៅ​អប់រំ​ប្រជា​កសិករ ព្រម​ទាំង​ជួយ​បាញ់​ថ្នាំ​ពុល​សម្លាប់​សត្វ​ដង្កូវ​ហ្វូង ដែល​កំពុង​តែ​បំផ្លាញ​ដំណាំ ព្រម​ទាំង​ស្រូវ​អស់​ជាង ២​ពាន់​ហិកតារ​ទៅ​ហើយ​នោះ។

អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ គឺ​លោក គាំ វុទ្ធីធន។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២១ ខែ​មិថុនា ថា រយៈពេល​មួយ​សប្ដាហ៍​មក​ហើយ សត្វ​ដង្កូវ​ហ្វូង​បាន​កើត​ឡើង​នៅ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំងប្រាសាទ ចម្ងាយ​ជាង ១០០​គីឡូម៉ែត្រ​ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​ឧត្តរមានជ័យ។ មន្ត្រី​ដដែល​បញ្ជាក់​ថា រយៈពេល​មួយ​សប្ដាហ៍​មក​នេះ សត្វ​ដង្កូវ​ហ្វូង​បាន​ស៊ី​បំផ្លាញ​ដំឡូងមី​របស់​កសិករ​នៅ​ស្រុក​អន្លង់វែង អស់ ១.០៥០​ហិកតារ ចំណែក​នៅ​ឯ​ស្រុក​ត្រពាំងប្រាសាទ គឺ​សត្វ​ដង្កូវ​បាន​ស៊ី​ស្លឹក​ដំឡូងមី​អស់ ១​ពាន់​ហិកតារ ព្រម​ទាំង​ស៊ី​ស្រូវ​អស់ ៥០​ហិកតារ​ទៀត៖ «ប៉ុន្តែ​វា​មិន​មែន​បំផ្លាញ​ខូចខាត​ទាំង​ស្រុង​ទេ គឺ​វា​គ្រាន់​តែ​ប៉ះពាល់ ហើយ​យើង​អាច​ជួយ​សង្គ្រោះ​ដំណាំ និង​ស្រូវ​ទាំង​នោះ​បាន​ឡើង​វិញ»

ដង្កូវ​ស៊ី​ស្រូវ សៀមរាប ៨៥៥
ហ្វូង​ដង្កូវ​ស៊ី​ស្រូវ​ពង្រោះ​នៅ​ភូមិ​ស្លែង ឃុំ​ស្រណាល ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Hang Savyouth

កាល​ពី​សប្ដាហ៍​មុន ដង្កូវ​ហ្វូង​បាន​កើត​ឡើង​នៅ​ស្រុក​ចំនួន​៥ របស់​ខេត្ត​ព្រះវិហារ ដោយ​បំផ្លាញ​ដំណាំ​ល្ពៅ សណ្ដែកបាយ និង​ដំឡូងមី​អស់​ជាច្រើន​ហិកតារ។ ដំណាល​គ្នា​នោះ​ដែរ ដង្កូវ​ហ្វូង​ក៏​កើត​នៅ​ភូមិ​ស្លែង ឃុំ​ស្រណាល នៃ​ស្រុក​ក្រឡាញ់ ចម្ងាយ​ជាង ៤០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប ដោយ​ស៊ី​បំផ្លាញ​ស្រូវ​អស់​ជាច្រើន​ហិកតារ។ កសិករ​ជាច្រើន​នៅ​ភូមិ​ស្លែង កំពុង​នាំ​គ្នា​ទៅ​ទិញ​ថ្នាំ​ពុល ដើម្បី​បាញ់​សម្លាប់​ដង្កូវ​ទាំង​នោះ។

កសិករ​ឈ្មោះ យិន យ៉េង ដែល​កំពុង​បាញ់​ថ្នាំ​សម្លាប់​ដង្កូវ​នៅ​ក្នុង​ស្រែ មាន​ប្រសាសន៍​ថា គាត់​ព្រួយ​បារម្ភ​លើ​បញ្ហា​ខ្វះ​ស្បៀង​នៅ​ឆ្នាំ​ក្រោយ ដោយសារ​តែ​គាត់​មាន​ស្រែ​តិចតួច ហើយ​ត្រូវ​សត្វ​ដង្កូវ​ស៊ី​បំផ្លាញ​ស្រូវ​ពង្រោះ​អស់​ជាច្រើន៖ «បើ​គេ​បាញ់​ថ្នាំ​ថ្លៃ​ជាង ៤​ម៉ឺន​រៀល ហាក់​ដូចជា​បាត់​ដង្កូវ។ ដល់​ខ្ញុំ​យក​ថ្នាំ​សម្លាប់​ក្ដាម​មក​បាញ់ ដូចជា​មិន​ងាប់​ដង្កូវ​សោះ»

កសិករ​ម្នាក់​ទៀត លោក សឿន សីហា មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា បើ​ទោះ​ជា​លោក​ប្រើ​ថ្នាំ​ពុល​បាញ់ ក៏​សត្វ​ដង្កូវ​ខ្លះ​មិន​ងាប់ ដោយសារ​វា​ចូល​ទៅ​ក្នុង​រន្ធ​ដី ហើយ​ពង​ញាស់​កូន​ជា​ថ្មី​ទៀត៖ «វា​ពួន​ក្រោម​ដី រួច​យើង​បាញ់​តែ​លើ។ ដល់​យើង​បាញ់​ថ្នាំ គឺ​បាញ់​វា​មិន​ត្រូវ។ ដល់​ហើយ ដង្កូវ​នោះ​វា​ញាស់​កូន​ចេញ​មក​ទៀត»

មន្ត្រី​ជំនាញ​ខាង​កសិកម្ម ធ្លាប់​ពន្យល់​ថា ដង្កូវ​ហ្វូង​នេះ គឺ​កើត​ឡើង​ដោយសារ​តែ​មេ​អំបៅ​ព្រៃ​ម្យ៉ាង ដែល​វា​ពង​ចោល​នៅ​ក្នុង​ដី រួច​ហើយ​ញាស់​ចេញ​ជា​ដង្កូវ។ វិធី​កម្ចាត់​ដង្កូវ​ទាំង​នេះ គឺ​ត្រូវ​ជីក​ចង្អូរ​ជ្រៅ​កុំ​ឲ្យ​ដង្កូវ​ឆ្លង​កាត់ ឬ​ក៏​ដាក់​ថង់​ប្លាស្ទិក​បាំង ហើយ​ជីក​រណ្ដៅ​ជ្រៅ​ឲ្យ​ដង្កូវ​ធ្លាក់​ជាដើម។ ក៏ប៉ុន្តែ​កសិករ​យក​វិធី​បែប​នេះ​ទៅ​អនុវត្ត ហើយ​មិន​មាន​ប្រសិទ្ធភាព​ច្រើន​ទេ។

អភិបាល​រង​ខេត្ត​សៀមរាប លោក គឹម ឆៃហៀង មាន​ប្រសាសន៍​ថា បន្ទាប់​ពី​កើត​មាន​សត្វ​ដង្កូវ​នៅ​ឃុំ​ស្រណាល ស្រុក​ក្រឡាញ់ មក គឺ​វា​កំពុង​ឆ្លង​រាលដាល​ទៅ​ឃុំ​រោងគោ ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​នេះ។ ចំណែក​នៅ​ឯ​ឃុំ​ខ្នារសណ្ដាយ នៃ​ស្រុក​បន្ទាយស្រី ក៏​មាន​កើត​សត្វ​ដង្កូវ​ហ្វូង ដោយ​បាន​ស៊ី​បំផ្លាញ​ដំណាំ​សណ្ដែកបាយ​អស់​ប្រហែល ១០​ហិកតារ។

អាជ្ញាធរ​ខេត្ត​សៀមរាប និង​មន្ត្រី​មន្ទីរ​កសិកម្ម កំពុង​រួម​គ្នា​លុប​បំបាត់​សត្វ​ដង្កូវ​នេះ ព្រម​ទាំង​ត្រៀម​ទុក​គ្រាប់​ពូជ ដើម្បី​ជួយ​ឲ្យ​កសិករ​ដែល​ខូចខាត​ដំណាំ​ដោយសារ​ដង្កូវ​ស៊ី​នោះ បាន​ដាំ​ដុះ​ឡើង​វិញ​នៅ​ពេល​ខាង​មុខ​ផង៕








កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។