អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ការប្រែប្រួល​អាកាសធាតុ​

អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ការប្រែប្រួល​អាកាសធាតុ​



ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​សម្ដែង​ការ​ព្រួយបារម្ភ ពី​ការប្រែប្រួល​អាកាសធាតុ ធ្វើ​ឲ្យ​មាន​គ្រោះរាំង​ស្ងួត​អូស​បន្លាយ​ពេល​យូរ ដែល​រហូតមកដល់​បច្ចុប្បន្ន​ស្ទើរតែ​នៅ​គ្រប់​ខេត្ត​-​ក្រុង​ក្នុង​ទូទាំង​ប្រទេស មិន​ទាន់​មាន​ទឹក​ធ្វើស្រែ​នៅឡើយ។

នៅ​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៦ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ នា​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦​នេះ នៅ​ទីស្តីការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បាន​មានប្រសាសន៍ថា មកដល់ពេលនេះ តាម​ការពិនិត្យ​ជាទូទៅ​ឃើញ​ថា ឆ្នាំនេះ​មានការ​ខុសប្លែក​ជាង​ពី​ឆ្នា​មុខ ដោយសារ​ធម្មជាតិ​មានការ​ប្រែប្រួល​មិន​ទៀងទាត់ ធ្វើឱយមាន​គ្រោះរាំងស្ងួត​អូសបន្លាយ​ពេល​យូរ​។ រយៈពេល​ជាង ២​ខែ​មកនេះ ចាប់​តាំងពី​ថ្ងៃទី ២៦ ខែមេសា ដល់​ចុងខែ​ឧសភា រាជរដ្ឋា​ភិបាល​បាន​បញ្ចប់​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ លើ​ការងារ​ដោះស្រាយ​ទឹក​ជូន​ប្រជាពលរដ្ឋ ហើយ​នៅសល់​បន្តិចបន្តួច យើង​កំពុង​ធ្វើ​សកម្មភាព​បន្ត​។

ក្នុង​នោះ​យើង​បាន​ស្តារ និង​ជីក​អណ្ដូង​បាន​ជាង ១០០០​អណ្តូង ជីក​ស្រះ​ខ្នាត​ធំៗ​(១០០​ម​x ៥០​ម​)​បាន​ជាង​៣០០​ស្រះ​។ មកដល់ពេលនេះ​អណ្តូង​មាន​ទឹក​អស់ហើយ ប៉ុន្តែ​ស្រះ ប្រឡាយ មិនទាន់មាន​ទឹក​នៅឡើយ​ទេ ដោយសារ​សភាពការណ៍​ទឹកភ្លៀង​ដើមឆ្នាំ​នេះ​សង្កេតឃើញ​មិនបាន​ល្អ ភ្លៀង​ដូចជា​មិនត្រូវ​តាម​រដូវ​កាល​សម្រាប់​ប្រជាកសិករ ធ្វើឱយ​កសិករ​មានកា​រ​ពិបាក​ក្នុង​ចិត្ត​លើ​ការងារ​បង្ករ​បង្កើន​ផល​។ រហូតមកដល់​ពេលនេះ​ទូទាំង​ប្រទេស​ទើបតែ​ធ្វើ​ស្រូវពង្រោះ​បាន​ប្រមាណ ៤៥% ហើយ​កន្លែង​ខ្លះ​ក៏​នៅ​មិនទាន់មាន​ភ្លៀង​គ្រប់គ្រាន់ ដែល​ធ្វើឱយ​ការងារ​ភ្ជួរ​រាស់ សាប​ព្រួស​របស់​ប្រជាកសិករ​មាន​ល្បឿន​យឺត​។

មួយ​ផ្នែក​ទៀត​ទន្ទឹម​ពេលខ្លះ​មាន​ភ្លៀង​ធ្លាក់ លាយ​លំ ដោយ​រន្ទះ ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ ធ្វើឲ្យ​ប៉ះពាល់​ខូចខាត​អាយុជីវិត ទ្រព្យសម្បត្តិ​ប្រជាជន​យ៉ាង​ច្រើន​។ បើ​តាម​តួរ​លេខ​ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំនេះ មាន​ផ្ទះ​ជាង ១៣០០​ខ្នង ត្រូវ​រលំ​ខូច និង​ជាង​៥៧០០​ខ្នង​ទៀត​របើក​ដំបូល អាគារ​សាលារៀន​ជាង ៤០​ខ្នង​ត្រូវ​ខូច ប្រជាជន​ស្លាប់​ដោយសារ​រន្ទះបាញ់​ចំនួន ៧០​នាក់ របួស ៧២​នាក់ និង​ស្លាប់​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន ៩​នាក់ របួស ១៣៩​នាក់​។ ចំណែក​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ ក្នុង​ខេត្ត​ចំនួន​៨​ខេត្ត ជួប​បញ្ហា​ដង្កូវ​ស៊ី​។ តាម​ការស្រាវជ្រាវ​រប​ស់​ក្រសួងកសិកម្ម​ដង្កូវ​នេះ ខ្លះ​វា​កើត​ចេញពី​ដី ខ្លះ​មកពី​កណ្តូប ដូចជា​នៅ​ខេត្តព្រៃវែង ស្ទឹងត្រែង ព្រះវិហារ​ជាដើម ដោយសារ​គ្រោះរាំងស្ងួត​។

លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បាន​បញ្ជាក់​ថា កិច្ចប្រជុំ​ថ្ងៃនេះ ក្នុងនាម​យើង​ជា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​សម្របសម្រួល ការតាមដាន សភាព​ការណ៍​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ការងារ​បង្កបង្កើនផល ការងារ​មុខសញ្ញា​ផ្សេងៗ​ទៀត សហ​ការ​ជាមួយ​ក្រសួង​ជំនាញ ក្នុង​បំណង​ជួយ​គ្នា​ឱយបាន​ទាន់ពេលវេលា ជាពិសេស​ត្រៀម​លក្ខណៈ​សម្បត្តិ​ឲ្យ​បាន​ល្អ​ទាំង​នៅ​ថ្នាក់​ជាតិ ថ្នាក់ក្រោម​ជាតិ ពេល​មាន​បញ្ហា​អី​កើតឡើង​ជួយ​ដោះស្រាយ​គ្នា​ឲ្យ​បាន​ភ្លាមៗ​។ លោក​បន្ថែម​ថា ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក​យើង​មិន​បដិសេធ​ទេ ពីព្រោះ​វិទ្យាសាស្ត្រ​បាន​ដើរ​ជឿនលឿន ក៏​ប៉ុន្តែ​យើង​ក៏​ត្រូវ​យកចិត្តទុកដាក់​ផង​ដែរ ទៅលើ​បញ្ហា​ជាក់ស្តែង ត្រៀម​បំរុង​ជាមុន កែច្នៃ​ការងារ​ទៅតាម​សភាពការណ៍​ជាក់​ស្តែង ទៅតាម​ការប្រែប្រួល​អាកាសធាតុ​។ ព្រោះថា​ការប្រែប្រួល​អាកាសធាតុ​មិន​ថា​នៅ​កម្ពុជា​ទេ ពិភពលោក​ក៏មាន​ការព្រួយបារម្ភ​ខ្លាំង​ណាស់ដែរ មានតែ​ការត្រៀម​បំរុង ការប្រុងប្រយ័ត្ន ការតាមដាន ការប្រើប្រាស់​វិធានការណ៍​សរុប កម្លាំង​សរុប​ទេ​ទើប​អាច​ដោះស្រាយបាន​។​

លោក​បញ្ជាក់​បន្ថែមទៀត​ថា ទោះបីជា​យ៉ាងណាក៏ដោយ​យើង​មិនទាន់​អស់សង្ឃឹម​ទេ បើសិន​ជាមាន​ភ្លៀង​មក​ដូច​ក្រសួង​ធនធាន​ទឹកបាន​ព្យាករ ប្រជាកសិករ​លោក​នឹង​ខិតខំ​ភ្ជួរ​រាស់​ដក​ស្ទូង បាន​ទាន់ពេលវេលា​៕
អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ការប្រែប្រួល​អាកាសធាតុ​