ចាន់ណា រ៉ូណាន៖ ខ្ញុំ​មិន​ខ្លាច​គេ​ថា​រឿង “កំណត់​ហេតុ​នាង​នាថ” ចម្លង​ពី​ថៃ​ទេ

អ្នក​ដឹក​នាំ​រឿង​វ័យ​ក្មេង រ៉ូណាន ចាន់ណា បាន​និយាយ​ថា រូប​គេ​មិន​ខ្លាច​ការ​រិះគន់​ថា រឿង “កំណត់​ហេតុ​នាង​នាថ” ចម្លង​ពី​ថៃ​នោះ​ទេ ព្រោះ​មាន​ការ​ច្នៃ​ប្រឌិត​ថ្មី។

 

ចាន់ណា រ៉ូណាន៖ ខ្ញុំ​មិន​ខ្លាច​គេ​ថា​រឿង “កំណត់​ហេតុ​នាង​នាថ” ចម្លង​ពី​ថៃ​ទេ

 

“ខ្ញុំ​អត់​ខ្លាច​ការ​រិះ​គន់​ថា ខ្ញុំ​ចំលង​ពី​ថៃ​ទេ​ ព្រោះ​ខ្ញុំ​មាន​គំនិត​ខ្លួន​ឯង​ច្នៃ​ប្រឌិត​​រឿង​នេះ​អោយ​ទៅ​ជា​រឿង​ថ្មី ចំណី​អារម្មណ៍​ថ្មី”។ អ្នក​ដឹក​នាំ​រឿង​រូប​នេះ​ថ្លែង​មក​កាន់ Sabay។ ចាងហ្វាង​ផលិតកម្ម “ឥន្ទ្រា​និមិត្ត” រូប​នេះ​បាន​បន្ត​ថា ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​រឿង​ជំនាន់​ក្រោយ​ម្នាក់ លោក​គ្រាន់​តែ​កែច្នៃ​រឿង​ព្រេង​ខ្មែរ ធ្វើ​ជា​ខ្សែ​ភាពយន្ត​ប៉ុណ្ណោះ​មិន​បាន​ចម្លង​ពី​ប្រទេស​ណា​មួយ​ឡើយ។

 

អតីត​ក្មេង​ពី​ជំរំ​ជន​ភៀស​ខ្លួន​រូប​នេះ​បាន​អះអាង​ថា រឿង “កំណត់​ហេតុ​នាង​នាថ” ជា​រឿង​ព្រេង​ខ្មែរ ដែល​ប្រទេស​ជិត​ខាង​បាន​យក​ទៅ​ថត​ជា​ភាពយន្ត​របស់​គេ ហើយ​នាំ​មក​ចាក់​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា​វិញ។ នេះ​ជា​ហេតុផល​មួយ​ធ្វើ​ឱ្យ​កូន​ខ្មែរ​ភ្លេច​អ្វី​ជា​របស់​ខ្លួន ដែល​មាន​តាំង​ពីយូរយារ​ណាស់​មក​ហើយ។

 

រ៉ូណាន សង្កត់​ធ្ងន់​ថា៖ “យើង​ត្រូវ​ចេះ​រក្សា ហើយ​ឱ្យ​តម្លៃ​ខ្មែរ និង​របស់​ដែរ​ខ្មែរ​មាន។ ប្រទេស​ជិត​ខាង​ថត​ ហើយ​ដាក់​ឱ្យ​ខ្មែរ​មើល​ដដែល​ទេ”។ អ្នក​ដឹក​នាំ​រឿង​វ័យ​ក្មេង​ខាង​លើ​បាន​អះអាង​ថា រូប​គេ​ក៏​កំពុង​ប្រមូល​រឿង​ព្រេង​ជា​ច្រើន​ទៀត ដើម្បី​ផលិត​ជា​ខ្សែ​ភាពយន្ត​បន្តបន្ទាប់​ទៀត ក្រោយ​ពេល​ភាពយន្ត​បែប​ព្រឺព្រួច​មួយ​នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង​លើ​ទីផ្សារ៕

 

អត្ថបទ៖ សំ ជំនាញ