មិនធម្មតា! ឥណ្ឌាបង្ហោះផ្កាយរណប ចំនួន២០គ្រឿង ក្នុងបេសកកម្មតែមួយ បានដោយជោគជ័យ

ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ ប្រទេសឥណ្ឌា បានទទួលជោគជ័យ ក្នុងការបង្ហោះផ្កាយរណប ចំនួន២០គ្រឿង ក្នុងបេសកកម្មតែមួយ ដែលនេះគឺជា ការបង្ហោះផ្កាយរណប ច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្រ្ត នៃប្រទេសមួយនេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ផ្កាយរណបចំនួន ២០គ្រឿង ដែលបានបង្ហោះ នៅក្នុងប្រទេសឥណ្ឌានោះ មានរួមបញ្ចូលទាំង ផ្កាយរណបផែនទីឥណ្ឌាមួយគ្រឿង និង១៣គ្រឿង ជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ដែលក្នុងនោះ មានរបស់ក្រុមហ៊ុន Google មួយគ្រឿងផងដែរ ក្រៅពីនោះ គឺជាកម្មសិទ្ធិរបស់ ប្រទេសកាណាដា អាល្លឺម៉ង់ និងឥណ្ឌូនេស៊ី។

ការបង្ហោះផ្កាយរណបជាច្រើនគ្រឿងដ៏កម្រនេះ បានធ្វើឡើងនៅមជ្ឍមណ្ឌលអវកាស «Satish Dhawan Space Centre (SDSC)» ឬ «Sriharikota High Altitude Range (SHAR)» ដែលប្រតិបត្តិការ ដោយអង្គការស្រាវជ្រាវ អវកាសឥណ្ឌា «Indian Space Research Organisation (ISRO)» នៅកោះ Sriharikota ស្ថិតក្នុងរដ្ឋ Andhra Pradesh នៃប្រទេសឥណ្ឌា។

បើតាមក្រុមអ្នកស៊ើបការណ៍ បាននិយាយថា វាជាសញ្ញាបង្ហាញប្រាប់ថា ប្រទេសឥណ្ឌា កំពុងតែរីកចម្រើន និងជាប្រទេសដ៏ខ្លាំងក្លាមួយ នៅក្នុងទីផ្សារអវកាស ដែលមានតម្លៃ រាប់ពាន់លានដុល្លារ។

គួរបញ្ជាក់ផងដែរថា កំណត់ត្រានៃការបង្ហោះផ្កាយរណប ច្រើនបំផុត ក្នុងបេសកកម្មតែមួយ ក្នុងពិភពលោកនេះ គឺបានទៅលើប្រទេសរុស្ស៊ី ដោយកាលពីឆ្នាំ២០១៤ ប្រទេសរុស្ស៊ី បានបង្ហោះផ្កាយរណប រហូតដល់ទៅ ៣៧គ្រឿងឯណោះ ក្នុងបេសកកម្មតែមួយប៉ុណ្ណោះ។

យ៉ាងណាមិញ ការបង្ហោះផ្កាយរណបច្រើនគ្រឿង ក្នុងបេសកកម្មតែមួយ បែបនេះ គឺជួយកាត់បន្ថយការចំណាយ ខណៈប្រទេសឥណ្ឌា គឺជាកូនសោរដ៏សំខាន់ នៅក្នុងទីផ្សារអវកាសអន្តរជាតិ ដែលមានប្រសិទ្ធភាពខ្ពស់ ហើយចំណាយអស់តិច។

លោក Kiran Kumar ប្រធានអង្គការស្រាវជ្រាវ អវកាសឥណ្ឌា ISRO បានប្រាប់ឲ្យដឹង នៅមុនពេលបង្ហោះផ្កាយរណបថា «ការបង្ហោះផ្កាយរណប ចំនួន២០គ្រឿង ក្នុងបេសកកម្មតែមួយ គឺហាក់បីដូចជា ការប្រលែងសត្វចាបច្រើនក្បាល ឲ្យហោះហើរ ទៅលើអាកាសអីចឹង។ វត្ថុដែលហោះហើរ ទៅលើអាកាសទាំងនោះ នឹងអនុវត្តសកម្មភាពផ្ទាល់ខ្លួន របស់ពួកវា ហើយពួកវា នឹងរស់នៅជាមួយនឹង ជីវិតដ៏អស្ចារ្យ សម្រាប់រយៈពេលកំណត់ណាមួយ ដែលគេបានរចនាឡើង»៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិនធម្មតា! ឥណ្ឌាបង្ហោះផ្កាយរណប ចំនួន២០គ្រឿង ក្នុងបេសកកម្មតែមួយ បានដោយជោគជ័យ
មជ្ឍមណ្ឌលអវកាស Satish Dhawan Space Centre (SDSC) ឬ Sriharikota High Altitude Range (SHAR)

មិនធម្មតា! ឥណ្ឌាបង្ហោះផ្កាយរណប ចំនួន២០គ្រឿង ក្នុងបេសកកម្មតែមួយ បានដោយជោគជ័យ