ឥណ្ឌូណេស៊ី​រិះគន់​ធ្ងន់ៗ​ទៅ​លើ​ចិន​ចំពោះ​ការ​អះអាង​ជា​ម្ចាស់​លើ​ដែន​នេសាទ

ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃម្សិលមិញបានរិះគន់ធ្ងន់ៗ ទៅលើការអះអាងជាម្ចាស់របស់ចិនទៅលើដែននេសាទនៅជិតកោះណាទូណារបស់ខ្លួននៅក្នុងជម្លោះថ្មីបំផុតរវាងប្រទេសទាំងពីរជុំវិញការចូលនេសាទខុសច្បាប់។

សារព័ត៌មាន Channel News Asia បានផ្សាយថាភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងកាន់តែខ្លាំង បន្ទាប់កងទ័ពជើងទឹកឥណ្ឌូណេស៊ីបានបាញ់ព្រមានទៅលើទូកនេសាទចិននៅដែនទឹកជិតកោះណាទូណា កាលពីថ្ងៃសុក្រសប្ដាហ៍មុននិងបានឃាត់ខ្លួននាវិកមួយចំនួន។

ក្រោយពីការប៉ះទង្គិចគ្នាកាលពីសប្ដាហ៍មុនក្រសួងការបរទេសចិនបានប្រកាសថាចិននិងឥណ្ឌូណេស៊ីសុទ្ធតែមានសិទ្ធិនិងផលប្រយោជន៍លើដែនទឹកត្រួតស៊ីគ្នានោះ។ កាលពីមុនចិនបានការពារទង្វើរបស់ខ្លួនដោយនិយាយថាខ្លួនធ្វើប្រតិបត្តិការនៅក្នុងដែននេសាទប្រពៃណីចិន។

រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រនិងនេសាទរបស់ឥណ្ឌូណេស៊ីលោកស្រី Susi Pudjiastuti បានប្រាប់អ្នកសារព័ត៌មានថាចិនបាននិយាយកាលពីមុនថាខ្លួនគ្មានបញ្ហាជាមួយឥណ្ឌូណេស៊ីទេ។ លោកស្រីបន្តថាសម្ដីរបស់ចិនបែបនេះមានន័យថាក្រុងប៉េកាំងបានគោរពអធិបតេយ្យភាពនិងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ឥណ្ឌូណេស៊ី។

យោងតាមរដ្ឋមន្ត្រីរូបនេះប្រទេសទាំងពីរពុំមានកិច្ចព្រមព្រៀងដែនទឹកសម្រាប់សហការជាមួយគ្នានោះឡើយ ហើយទូកនេសាទចិននឹងត្រូវអាជ្ញាធរឥណ្ឌូណេស៊ីអនុវត្តដូចទូកនេសាទខុសច្បាប់ដទៃទៀតដែរ។

អាជ្ញាធរឥណ្ឌូណេស៊ីបានចាប់ទូកនេសាទសរុប៥៧គ្រឿងនៅក្នុងដែនទឹករបស់ខ្លួនចាប់តាំងពីដើមឆ្នាំនេះក្នុងនោះភាគច្រើនជាទូកនេសាទខុសច្បាប់របស់វៀតណាម៕

ប្រភពៈ VOD