ចិន​សរសើរ​លោក​ហ៊ុន សែន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

រដ្ឋាភិបាលចិនកាលពីថ្ងៃអង្គារម្សិលមិញ បានថ្លែងកោតសរសើរចំពោះជំហររបស់រដ្ឋាភិបាលកម្ពុជាក្នុងជម្លោះ សមុទ្រចិនខាងត្បូង ដែលកំពុងតែតានតឹងខ្លាំងឡើងៗរវាងដៃគូជម្លោះ។ ការកោតសរសើរនេះ គឺបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាបដិសេធមិនគាំទ្រយុត្ថាធិការ របស់តុលាការអន្តរជាតិ ដែលហ្វីលីពីន បានប្តឹងចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង។

មួយថ្ងៃភ្លាមក្រោយការបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលទីក្រុងភ្នំពេញ ប៉េកាំងដែលជាភាគីជម្លោះធំមួយ បានកោតសរសើរត្រង់ៗដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនរបស់កម្ពុជា។ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាន បានបញ្ជាក់ថា“យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះការកត់សម្គាល់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន”។

លោកនាយករដ្ឋមន្ត្រី ដែលបានប្រកាសជំហរចំនួនបីចំណុចសំខាន់ៗ។ ទី១គឺ កម្ពុជាបានស្នើឱ្យអាស៊ាន និងចិនត្រូវគោរពសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានចិន ដែលបានចុះហត្ថលេខាព្រមព្រៀងកាលពីឆ្នាំ២០០២ ដើម្បីពង្រីកសន្តិភាព មិត្តភាព និងសុខដុម។ ទី២ គឺសើ្នឱ្យគ្រប់ភាគីទាំងអស់ត្រូវគោរពក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលតម្រូវឱ្យគូជម្លោះ គោរពច្បាប់អន្តរជាតិ ពង្រឹងស្ថិរភាព និងសន្តិភាព។ និងទី៣ គឺការចរចាទ្វេភាគីនៃដៃគូជម្លោះ។ បន្ថែមពីលើនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសមិនគាំទ្រចំពោះសាលក្រមនៃតុលាការអន្តរជាតិចំពោះបណ្តឹងហ្វីលីពីន ដែលបានប្តឹងចិនក្នុងជម្លោះដែនទឹកនេះ។

ចិនខ្លួនឯង ក៏បានប្រកាសមិនទទួលស្គាល់យុត្ថាធិការរបស់តុលាការនេះឡើយ ហើយជំរុញឱ្យគ្រប់គូភាគីទាំងអស់ដោះស្រាយជម្លោះដោយផ្អែកលើការពិតនៃប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ។ ប្រទេសអាស៊ាន ដែលជាដៃគូជម្លោះ រួមមានវៀតណាម ហ្វីលីពីន ប្រ៊ុយណេ និងម៉ាឡេស៊ី។ ប្រទេសទាំងនោះ បានទាមទារកាន់កាប់តំបន់ ដែលនៅជិតប្រទេសខ្លួន ប៉ុន្តែចិនមិនព្រម ហើយបច្ចុប្បន្ននេះ ចិនបាននឹងកំពុងសាងសង់កំពង់ផែសិប្បនិមិ្មតមួយក្នុងតំបន់ជម្លោះ។ សូមកត់សម្គាល់ថាក្នុងជម្លោះសមុទ្រចិនខាងត្បូងនេះ បន្ថែមពីប្រទេសនៅតំបន់អាហ្វ្រិកមួយចំនួនដូចជាCameroon Zambia និង Ethiopia ជាដើម កម្ពុជាក៏បានប្រកាសគាំទ្រប្រទេសចិន ដើម្បីដោះស្រាយដោយយន្តការចរចាទ្វេភាគីជាមួយប្រទេសពាក់ព័ន្ធ៕

ប្រភពៈ RFI