Ford សម្ពោធ​អណ្ដូង​ទឹក​ស្អាត​ឲ្យ​ប្រជាជន​ប្រើប្រាស់​នៅ​ខេត្ត​កំពត

ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ បាន​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​អណ្តូង​ទឹក​ស្អាត​ចំនួន ៨ ដែល​អាច​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ជាង ១០០ គ្រួសារ នៅ​ស្រុក​ស្រែ​សំរោង ស្រែខ្នង និង​ស្រែ​ចេង ខេត្ត​កំពត។

 

Ford សម្ពោធ​អណ្ដូង​ទឹក​ស្អាត​ឲ្យ​ប្រជាជន​ប្រើប្រាស់​នៅ​ខេត្ត​កំពត

 

ក្រុមហ៊ុន ​ទាំង​ពីរ​បាន​ចំណាយ ២០.០០០​ដុល្លារ ក្រោម​ជំនួយ​ឧបត្ថម្ភ​នៃ​មូលនិធិ​អភិរក្ស និង​ការពារ​បរិស្ថាន​ក្នុង​កម្ពុជា និង​ផ្ដល់​ធនធាន​ទឹក​ស្អាត ដែល​អនុវត្ត​គម្រោង​ដោយ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ-កម្ពុជា ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​ បាន​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។

 

ក្រុមហ៊ុន Ford បាន​សាងសង់​អណ្តូង​ទឹក​ស្អាត​ជាង ៧០ អណ្តូង សម្រាប់​សហគមន៍​ជន​បទ​តាំង​ពី​ឆ្នាំ ២០១២ បន្ទាប់ពី​មាន​ការ​ផ្ដួចផ្ដើម​ដោយ​អនុ​ប្រធាន​ក្រុមហ៊ុន Ford Elena Ford ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា។

 

លោក Thanabodee Kulthol ប្រធាន​ផ្នែក​ទីផ្សារ ផ្នែក​លក់ និង​ផ្នែក​សេវាកម្ម​​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ថ្លែង​ថា “យើង​ពិត​ជា​មាន​មោទនភាព​ក្នុង​ការ​ប្រកាស​ការ​បញ្ចប់​សាងសង់​អណ្តូង​ទឹក​ ស្អាត​ក្នុង​ខេត្ត​កំពត។ មូលនិធិ​អភិរក្ស និង​ការពារ​បរិស្ថាន គឺ​ជា​កម្មវិធី​មួយ​ដែល​ក្រុមហ៊ុន Ford ចូល​រួម​ចំណែក​ជួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​ប្រជាជន​ក្នុង​សហគមន៍​ដែល​យើង ​កំពុង​តែ​ប្រកប​អាជីវកម្ម”។

 

Ford សម្ពោធ​អណ្ដូង​ទឹក​ស្អាត​ឲ្យ​ប្រជាជន​ប្រើប្រាស់​នៅ​ខេត្ត​កំពត

 

មូលនិធិ ​អភិរក្ស និង​ការពារ​បរិស្ថាន​របស់​ក្រុមហ៊ុន Ford នៅ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៣ ហើយ​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​ ប៉ាស៊ីហ្វិក​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​អភិរក្ស និង​ការពារ​បរិស្ថាន​របស់​ក្រុមហ៊ុន Ford។

 

គម្រោង​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៨៣ ដើម្បី​លើក​ទឹក​ចិត្ត និង​គាំទ្រ​ដល់​សកម្មភាព​របស់ បុគ្គលិក និង​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ទទួល​បាន​នូវ​គោលដៅ​តែ​មួយ​សម្រាប់​ អនាគត។ ចាប់​តាំង​ពី​ការ​បង្កើត​គម្រោង​នេះ​មក ក្រុមហ៊ុន Ford បាន​អនុវត្ត​គម្រោង​រាប់​រយ​គម្រោង​នៅ​ជាង ៦០​ប្រទេស​ជុំវិញ​ពិភព​លោក។

 

សម្រាប់ ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នេះ ក្រុមហ៊ុន Ford តែង​អនុវត្ត​គម្រោង​មូលនិធិ​អភិរក្ស និង​ការពារ​បរិស្ថាន​នៅ​កម្ពុជា និង​មូលនិធិ​គាំពារ​សហគមន៍​ជា​សកល ជា​រៀងរាល់​ឆ្នាំ​នៅ​ម៉ាឡេស៊ី ហុងកុង ឡាវ មីយ៉ាន់ម៉ា ម៉ុងហ្គូលី តាហីទី និង ហ្វីជី៕

 

Ford សម្ពោធ​អណ្ដូង​ទឹក​ស្អាត​ឲ្យ​ប្រជាជន​ប្រើប្រាស់​នៅ​ខេត្ត​កំពត

 

Ford សម្ពោធ​អណ្ដូង​ទឹក​ស្អាត​ឲ្យ​ប្រជាជន​ប្រើប្រាស់​នៅ​ខេត្ត​កំពត

 

អត្ថបទ៖ ពាណិជ្ជកម្ម