អ្នក​នៅផ្ទះ​រួមគ្នា​​​ជាជនជាតិចិនប្រាំនាក់​​​ត្រូវ​​​ជំនុំ​​​ជម្រះ​​​ពីបទ​​​​​​ឃាតកម្ម​​​

ជនជាតិចិនប្រាំនាក់ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់ស្ត្រីនៅផ្ទះរួមគ្នាម្នាក់ ដែលគេប្រទះឃើញកាប់និងចាក់រហូតដល់ស្លាប់នៅក្នុងផ្ទះល្វែងពួកគេនៅក្រុងភ្នំពេញត្រូវតុលាការក្រុងភ្នំពេញបើកសវនាការជំនុំជម្រះនៅថ្ងៃអង្គារ។ អ្នកស្រី ចិន ហួយិង អាយុ២៥ឆ្នាំត្រូវគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ដេកនៅក្នុងផ្ទះល្វែងនៅបុរីញូវថោន ក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា។ ប៉ូលិសបានបង្ហាញអត្តសញ្ញាណស្ត្រីម្នាក់ក្នុងចំណោមស្រី្តពីរនាក់ដែលស្នាក់នៅរួមបន្ទប់ជាមួយអ្នកស្រីចិន ថាជាឃាតករ ដោយផ្អែកលើការសារភាពថា នាងបានលួចយកកំាបិតពីរពីស្រី្តផ្សេងទៀត ដែលជាចុងភៅក្នុងក្រុម ដើម្បីចាក់សម្លាប់។ វានៅតែមិនច្បាស់លាស់កាលពីថ្ងៃម្សិលមិញ ថាហេតុអ្វីអ្នកទាំងប្រាំនាក់នោះត្រូវបានតុលាការចោទប្រកាន់នោះទេ។ លោក លី លីបម៉េង ចៅក្រមជំនុំជម្រះបានចាត់ទុកពួកគេជាចុងចោទ ក្នុងពេលដែលសវនាការបានចាប់ផ្តើម។ លោក លីបម៉េង បាននិយាយតាមទូរស័ព្ទថា “ប៉ូលិសគ្រាន់តែសន្និដ្ឋានទេ ហើយតុលាការមានហេតុផលរបស់ខ្លួន”។ ចៅក្រមរូបនេះបដិសេធមិនអត្ថាធិប្បាយបន្តទៀតទេ។ យោងតាមតុលាការ ចុងចោទទាំងប្រាំនាក់រួមមានឈ្មោះ យ៉ាង ប៉ី ប៉ី អាយុ២៥ឆ្នាំ ចីង វីនហ្ស៊ន អាយុ៥៣ឆ្នាំ ចាវ ជុនហ្ស៊ី អាយុ៥១ឆ្នាំ ស៊ូ ហ្វូជូ អាយុ៥៨ឆ្នាំ និងលូ សាយស៊ុនអាយុ៤៤ឆ្នាំ ត្រូវបានគេឃុំខ្លួនអស់រយៈពេលប្រាំបីយប់នៅឯអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែពួកគេត្រូវបានដោះលែងវិញ ដោយសារតែខ្វះភ័ស្តុតាង។ នៅពេលនោះ លោក ខាំ សុភរី ព្រះរាជអាជ្ញារងបាននិយាយថា ចៅក្រមស៊ើបសួរនៅតែបន្តស្វែងរកភ័ស្តុតាងដើម្បីភ្ជាប់ពួកគេទៅនឹងឃាតកម្មរបស់អ្នកស្រី ចិន។ អំឡុងពេលផ្តល់សក្ខីកម្មនៅថ្ងៃទីមួយ ចៅក្រម លីបម៉េង បានសួរអ្នកស្រី យ៉ាង អំពីសកម្ម ភាពរបស់អ្នកស្រីក្នុងរយៈពេលប៉ុន្មានម៉ោងមុននឹងការស្លាប់របស់អ្នកស្រី ចិន ដែលអ្នកស្រីបានរស់នៅរួមបន្ទប់ជាមួយគ្នានៅក្នុងផ្ទះល្វែងមានច្រើនជាន់។ អ្នកស្រី យ៉ាង បាននិយាយថា “ពេលព្រឹកខ្ញុំបានចុះទៅជាន់ក្រោម ដើម្បីញ៉ាំអាហារពេលព្រឹកនៅក្នុងផ្ទះបាយ ហើយ [អ្នកស្រី ចិន] មិនមកជាមួយខ្ញុំទេ”។ អ្នកស្រី យ៉ាង បាននិយាយថា នៅម៉ោងប្រហែល៦ល្ងាច អ្នកស្រីបានត្រឡប់មកពីផ្សារជាមួយអ្នកនៅរួមផ្ទះពីរនាក់ផ្សេងទៀត ហើយពួកខ្លួនបានបង្ខំចិត្តធាក់ទ្វារចូល ពីព្រោះអ្នកស្រី ចិន មិនបើកទ្វារ។ អ្នកស្រីបាននិយាយថា “ខ្ញុំបានស្រែកហៅមិត្តខ្ញុំឱ្យបើកទ្វារឱ្យខ្ញុំ តែគាត់មិនបើកឱ្យទេ។ អ៊ីចឹងយើងក៏ធាក់ទម្លុះទ្វារចូលទៅខាងក្នុង”។ ក្រោយមក អ្នកស្រីក៏បានឃើញសាកសពរបស់អ្នកស្រី ចិន នៅលើឥដ្ឋ។ សវនាការនឹងបន្តនៅថ្ងៃទី១ ខែកក្កដា៕មាំ វិបុល © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post អ្នក​នៅផ្ទះ​រួមគ្នា​​​ជាជនជាតិចិនប្រាំនាក់​​​ត្រូវ​​​ជំនុំ​​​ជម្រះ​​​ពីបទ​​​​​​ឃាតកម្ម​​​ appeared first on The Cambodia Daily.