ញាក់សាច់ ! យី​ឌុ​ប​បុក​កាម​រី​ឡើង​ខ្ទេច

ខេត្ត​ប៉ៃលិន ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​រន្ធត់​មួយ​រវាង​រថយន្ត​យី​ឌុ​ប​ដឹក​ទំនិញ​និង​រថយន្ត​កាម​រី​គូទ​ហើម​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​កាម​រី​គូទ​ហើម ស៊េរី​ឆ្នាំ​១៩៩៥ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2D-3155 ឈ្មោះ តាំង រតនា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បាន​គាប​ជាប់​ក្នុង​រថយន្ត រហូត​ជិត​១​ម៉ោង​ទើប​គាស់​យក​ចេញ​បាន និង​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​ប្រញាប់​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ ដើម្បី​សង្គ្រោះ​ជីវិត រីឯ​រថយន្ត​ខូចខាត​ទាំងស្រុង ។ ចំណែក​អ្នក​រង​របួស​២​នាក់​ទៀត​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។ ដោយឡែក​រថយន្ត​យី​ឌុ​ប ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ក​-6308 ភព​3 អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​មក​ពី​ក​ក្តា​មនុស្ស និង​បង្ក​ឡើង​ដោយ​រថយន្ត​ធុន​ធំ​បើកបរ​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​ផ្លូវ​កោង​ក៏​រេច​ង្កូ​ច​ទៅ​បុក​ជាមួយ​រថយន្ត​កាម​រី​គូថ​ហើម​ដែល​កំពុង​បើក​បរ​បញ្ច្រាស​ទិស​គ្នា​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្ត​ប៉ៃលិន​យក​មក​រក្សា​ទុក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕