លោកស្រី មូ សុខ​ហួរ​៖ ការដាក់បន្ទុក​លើ​បក្សប្រឆាំង មិនមែនជា​ឆន្ទៈ​របស់​ចៅក្រម​ទេ​ និពន្ធដោយ : ម៉ៅ សុផា       June-22-2016, 5:07 pm         492

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោកស្រី មូ សុខ​ហួរ​៖ ការដាក់បន្ទុក​លើ​បក្សប្រឆាំង មិនមែនជា​ឆន្ទៈ​របស់​ចៅក្រម​ទេ​​ភ្នំពេញ​៖ ការសម្រេច​ឃាត់ខ្លួន​ឬ​ឃុំខ្លួន​អ្នកនយោបាយ​និង​សកម្មជន​បក្សប្រឆាំង មិនមែន​កើតចេញពី​ឆន្ទៈ​របស់​តុលាការ​ទាំងស្រុង​នោះទេ​។ ប៉ុន្តែ វាជា​វត្តមាន​របស់​អ្នកមានអំណាច ដែល​ឈរ​ពីក្រោយ​ខ្នង ដើម្បី​បង្គាប់​តុលាការ ឲ្យ​ធ្វើតាម​បញ្ជា​របស់ខ្លួន​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី មូ សុខ​ហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។

​តំណាងរាស្ត្រ​ប្រឆាំង​១​រូប លោកស្រី មូ សុខ​ហួរ អះអាងថា ចំណាត់ការ​របស់​តុលាការ​ទៅលើ​ភាគី​បក្សប្រឆាំង​កន្លងមក មាន​លក្ខណ​នយោបាយ​។ ដូច្នេះ លោកស្រី ជឿជាក់ថា ប្រសិនបើ​មាន​វិធានការ​តាមផ្លូវ​នយោបាយ នោះ​អ្នកនយោបាយ រួមទាំង​សកម្មជន​បក្សប្រឆាំង​ទាំងអស់ នឹងមាន​ឱកាស​រួចផុត​ពី​ការ​ឃុំឃាំង​ជាមិនខាន​។​

​លោកស្រី មូ សុខ​ហួរ បានបញ្ជាក់​បែបនេះ​ថា​៖«​រឿង​ហ្នឹង​ជា​រឿង​នយោបាយ​។ រឿង​នយោបាយ ត្រូវ​ដោះស្រាយ​តាមផ្លូវ​នយោបាយ ទើប​ចប់​។ យើងខ្ញុំ​មើលឃើញថា ការដាក់បន្ទុក​ធ្ងន់ធ្ងរ​នេះ មិនមែនជា​ឆន្ទៈ​របស់​ចៅក្រម​ទាំងអស់​ទេ តែ​ជា​បញ្ជា ដែលមាន​អត្ថន័យ​នយោបាយ​សុទ្ធសាធ​»​។

​ការ​ថ្លែង​របស់​លោកស្រី​បែបនេះ ធ្វើឡើង​ក្រោយពីតុលាការ​កំពូល​បញ្ចប់​ការប្រកាស​សាលដីកា លើ​សំណុំរឿង​របស់លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សម រង្ស៊ី​។ នៅ​ព្រឹក​ថ្ងៃទី​២២ មិថុនា​នេះ ហើយ​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍ ទុកជាបានការ​។

​សូមបញ្ជាក់ រហូតមកដល់​ពេលនេះ សមាជិក​ព្រឹទ្ធសភា និង​សមាជិក​រដ្ឋសភា ព្រមទាំង​សកម្មជន​បក្សប្រឆាំង​ទាំងអស់ មាន​ចំនួន​១៨​នាក់​ហើយ ដែល​កំពុង​ជាប់ឃុំ​។ អ្នក​ទាំងនោះ​គឺ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​, លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​, លោក ស៊ា​ង ចែត មេឃុំ​ស្រក​, លោក មា​ជ សុណ្ណ​រ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​បក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​១៤​នាក់​ផ្សេងទៀត​។ ក្រៅពី​អ្នក​១៨​រូប​ខាងលើ ឯកឧត្តម សម រង្សី និង​ឯកឧត្តម កឹម សុខា រួមទាំង​តំណាងរាស្ត្រ​២​រូប​ទៀត គឺ​លោក ពិន រតនា និង​លោក តុ វ៉ាន់​ចាន់ ក៏​កំពុងតែ​ស្ថិតនៅក្រោម​ចំណាត់​ការរបស់​តុលាការ ផងដែរ​៕