កំលោះម្នាក់ ត្រូវនាងក្រមុំ​បោក​បាន​ថ្លៃ​ទឹក​ដោះ​២០០០​ដុល្លារ​ រួចដាក់​មេ​ប្រូច​បាត់

កំលោះម្នាក់ ត្រូវនាងក្រមុំ​បោក​បាន​ថ្លៃ​ទឹក​ដោះ​២០០០​ដុល្លារ​ រួចដាក់​មេ​ប្រូច​បាត់



ភ្នំពេញ​ ៖​ ​​យុវជន​ម្នាក់ ​បន្ទាប់ពី​​​​​​​​​ស្គាល់​​នារី​ម្នាក់​បាន​មួយ​ខែ​លង់​ស្នេហ៍​នាង​ពេក ​ក៏​ប្រាប់​ម៉ែ​ និង​បង​ប្អូន​ឲ្យ​ចូល​ដណ្ដឹង​​​ ដោយ​​​​​គេ​ទារ​ថ្លៃទឹកដោះ​២០០០​ដុល្លារ​ មិន​ទាន់​បាន​រៀបការ​ផង ​នាង​រត់ចោល​បាត់​ ហើយ​ក៏​មក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ឲ្យ​​ជួយ​អន្តរាគមន៍​កាលពី​ព្រឹក​ថ្ងៃ​ទី ​២២​ ខែ​មិថុនា​ឆ្នាំ​២០១៦​នេះ។

យុវជន​រងគ្រោះ​នោះ​មានឈ្មោះ អ៊ុត ឆែត ភេទ​ប្រុស​អាយុ ២៦ ឆ្នាំ​មាន​មុខរបរ​រត់​ម៉ូតូឌុប ​ស្នាក់នៅ​បន្ទប់​ជួល​ផ្លូវ​លេខ​៥៩៨ ​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ​មាន​ស្រុកកំណើត​នៅ​ភូមិ​អូលុង ឃុំ​ព្រែក​ប្រសព ស្រុក​ព្រែកប្រសព ខេត្ត​ក្រចេះ។ ចំណែក​ឯ​នារី​ជា​គូរ​ដណ្ដឹង​នោះ​មាន​ឈ្មោះ មិ​ត សុខ​ឃឿន អាយុ​៣១ មាន​មុខ​របរ​លក់​សាច់​គោ​អាំង​ស្នាក់នៅ​បន្ទប់​ជួល​ ជាមួយគ្នា​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ភ្ងា​ម ឃុំ​រោងដំរី ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង។

តាម​យុវជន​រងគ្រោះ​បាន​ឲ្យ​ដឹងថា រូបគេ​និង​នារី​នោះ​ស្គាល់គ្នា​តាមរយៈ​បងប្អូន​ណែនាំ​ឲ្យ​ជួប​គ្នា។ បន្ទាប់ពី​ជួប​គ្នា​បាន​មួយ​ខែ​ រូបគេ​បាន​មានចិត្ត​ស្រឡាញ់​នាង​ខ្លាំង​ បាត់​មុខ​មិនបាន ក៏​រំអុក​ម្តាយ ​និង​បងប្អូន​ទៅ​ចូល​ដណ្តឹង​នាង​នៅ​ក្នុង​អំឡុង​ខែ​មីនា​ ឆ្នាំ​២០១៦​ ដោយ​សន្យា​ថា​នឹង​រៀបការ​នៅ​ថ្ងៃ​ទី ១៥ ខែ​ឧសភា​ ឆ្នាំ​ដដែល។ លុះដល់​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ថ្ងៃ​ទី​១៤ ​ខែ​មេសា​ម្តាយ​ខាង​ស្រី​បាន​ទាមទារ​ថ្លៃទឹកដោះ​ចំនួន​២០០០​ដុល្លារ​ មុន​ដើម្បី​យក​ទៅ​កក់​អីវ៉ាន់​ និង​រោងការ។ ក្រោយមក​រូបគេ​បានប្រគល់​ប្រាក់​ចំនួន​២០០០​ដុល្លារ​ទៅ​ឲ្យ​ខាង​ស្រី​​​ ​ហើយ​​រូបគេ​ទាំង​២​នាក់​បាន​នាំគ្នា​មក​រួមរស់​ជាមួយគ្នា​នៅ​ផ្ទះ​ជួល​រហូតដល់​ថ្ងៃ​កំណត់​រៀបការ ​ពុំ​ឃើញ​ខាង​ស្រី​រៀបចំ​កម្មវិធី​មង្គលការ​ដូច​ការកំណត់​សោះ​ ធ្វើ​ឲ្យ​រូបគេ​ចេះតែ​សួរ​នាំទៅ​នាង​ជា​គូ​ដណ្ដឹង​ជា​ញឹកញាប់ ​រហូតដល់​ថ្ងៃ​ទី​១៧​ខែ​ឧសភា​ឆ្នាំ​ដដែល​នាង​បាន​លួច​រត់​ចេញពី​បន្ទប់​ផ្ទះ​ជួល​ចោល​រូបគេ​បាត់​ ដោយ​បន្សល់​ទុក​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង។ រយៈពេល​ជាង​មួយ​ខែ​ហើយ ​ពុំ​ឃើញ​នាង​ត្រឡប់​មក​ផ្ទះ​ជួល​វិញ​សោះ​ ហើយ​នៅ​ពេល​រូបគេ​តេ​ទូរស័ព្ទ​ចូល​ទៅ​លេខ​ទូរស័ព្ទ​នាង​ ដោយ​សួរ​ថា​ថ្ងៃ​ណា​ត្រឡប់​មក​ផ្ទះ​វិញ​ នាង​បាន​និយាយ​ថា​នាង​មិន​ត្រឡប់​ទៅវិញ​ទេ ​ហើយ​លុយ​ដែល​ថ្លៃទឹកដោះ​ចំនួន​២០០០​ដុល្លារ​នោះ​ចាំ​រូប​នាង​យក​សង​វិញ។ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា​ ឆ្នាំ​២០១៦​ យុវជន​នោះ​មាន​ការ​ភិតភ័យ​បាន​ជិះ​ម៉ូតូ​ដែល​នារី​ខាងលើ​​​ទុក​ឲ្យ​រូបគេ​នោះ​ មក​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​ ក៏ប៉ុន្តែ​សមត្ថកិច្ច​មិន​ហ៊ាន​ទទួល​ពាក្យបណ្តឹង​ទេ ​ដោយ​ឲ្យ​យុវជន​ខាងលើ​ទៅ​ប្តឹង​នៅ​ឯ​ស្រុកកំណើត​នារី​ជា​គូ​ដណ្តឹង​តែម្តងទៅ៕

កំលោះម្នាក់ ត្រូវនាងក្រមុំ​បោក​បាន​ថ្លៃ​ទឹក​ដោះ​២០០០​ដុល្លារ​ រួចដាក់​មេ​ប្រូច​បាត់