ឥណ្ឌាបាញ់បង្ហោះផ្កាយរណបចំនួន​ ២០គ្រឿងក្នុងពេលតែមួយ ដោយជោគជ័យទៅកាន់ទីអ​វកាស

(ញូដេលី)៖ ប្រទេសឥណ្ឌាបានសម្រេចជោគជ័យដ៏ធំធេង គឺការបាញ់បង្ហោះគ្រាប់រ៉ុក្កែតមួយគ្រាប់ ដែលស្តុកផ្កាយរណប បានរហូតទៅដល់ ២០ គ្រឿងទៅកាន់ទីអវកាសក្នុងពេលតែមួយ ពីមជ្ឈមណ្ឌលអវកាស Sriharikota ស្ថិតនៅក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០១៦។

គ្រាប់រ៉ុក្កែត ដែលជួយដឹកនាំផ្កាយរណបទាំង ២០គ្រឿងនោះមានឈ្មោះថា Polar Satellite Launch Vehicle (PSLV) ត្រូវបានបាញ់បង្ហោះដោយជោគជ័យកាលពីព្រឹកថ្ងៃពុធ នេះ។ ផ្កាយរណបទាំង ២០គ្រឿងនោះ គឺបានមកពី ក្រុមហ៊ុន Cartosat, Terra Bella របស់ Google, និង ១៨គ្រឿងផ្សេងទៀតបានមកពីក្រុមហ៊ុនក្នុងនិងក្រៅស្រុក ដែលភាគច្រើនជាប្រភេទផ្កាយរណបដើម្បី អង្កេត និងសិក្សាលក្ខណៈជាទូទៅលើផែនដី។

គួរបញ្ជាក់ថាគ្រាប់រ៉ុក្កែត PSLV មានប្រវែង ៤៤,៤ម៉ែត្រ និងទម្ងន់ ៣២០តោន ត្រូវបានបាញ់ចេញកាលពីវេលាម៉ោង ៩៖២៦នាទីព្រឹកថ្ងៃពុធ ម៉ោងនៅទីក្រុងញូដេលី។ ដោយឡែកផ្កាយរណបចំនួន ២០គ្រឿងនោះសរុបមានទំងន់ ១,២៨៨ គីឡូក្រាម ដោយបានចំណាយពេល ២៦នាទី ទើបអាចបញ្ជូនទៅដល់គន្លងតារាវិថី។ រូបភាពពីផ្កាយរណប មួយចំនួន នឹងផ្តល់ផលប្រយោជន៍ដល់ផ្នែកគ្រប់គ្រង ភូមិសាស្ត្រ ធារាសាស្ត្រ និង ការអភិវឌ្ឍជនបទ៕

ប្រភពៈ freshnewsasia