​ផ្លោះ​របង​ប៉ង​លួច​ទ្រព្យ មិនទាន់បាន​លួច​ផង​ម្ចាស់ផ្ទះ​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច

​កណ្តាល:
ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ផ្ទះចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ នៅពេលដែលជននេះផ្លោះរបងចូលក្នុងផ្ទះជនរងគ្រោះប៉ងលួចទ្រព្យសម្បត្តិហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ដីឥដ្ឋ​កោះ​ផុស​៣ ​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ។​

​ជនសង្ស័យ​ឈ្មោះ អូន សេង​ហៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ  មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ពោធិ៍​អណ្ដោ​ក ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ចំណែកម្ចាស់ផ្ទះឈ្មោះ សុខ ណេ​ត ភេទ​ប្រុសអាយុ៥៨ឆ្នាំមុខរបរកសិកររស់នៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ។​

​សមត្ថកិច្ច​បាន​ស្រង់​សម្តី​ម្ចាស់ផ្ទះ​មក​រៀបរាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​រូបគេ​បានឮ​សំឡេង​ខុសប្លែក​ពី​ធម្មតា ក៏​ក្រោកពីដំណេក​អង្គុយ​ចាំមើល ស្រាប់តែ​ឃើញ​ជនសង្ស័យ​ដើរ​នៅក្នុង​បរិវេណ​ផ្ទះ​របស់ខ្លួន​ដែលមាន​របង​ហ៊ុំព័ទ្ធ​ជុំវិញ ។ ភ្លាមៗ​នោះ​ក៏​ស្ទុះ​ចេញទៅ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ហើយ​ទំនាក់ទំនង​ប្រគល់​ឲ្យ​សមត្ថកិច្ច ដើម្បី​ចាត់ការ​តាមច្បាប់ ។​

ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថារូបគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់​ពិតមែន ដោយនៅ​មុនពេល​ចាប់ខ្លួន​រូបគេ​បាន​ដើរ​តាម​ដងផ្លូវ​ក្នុង​គោលបំណង​ដើរ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ខណៈ​ដើរ​ដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ផ្លោះ​របង​ចូលទៅ​ក្នុងផ្ទះ​ជនរងគ្រោះ ។ គ្រា​ដែល​មិនទាន់បាន​យក​ទ្រព្យសម្បត្តិ​បាន​ផង​នោះ ក៏ត្រូវ​ម្ចាស់ផ្ទះ​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ​តែម្តង ៕s/m