គណបក្ស​ធំៗ​ទាំង​ពីរ​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន​ក្នុង​ការ​ចរចា​ដោះស្រាយ​វិបត្តិ​នយោបាយ

គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ប្រកាន់​ជំហរ​រៀងៗ​ខ្លួន​ជុំវិញ​ការ​ចរចា ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ។ បក្ស​ប្រឆាំង​បាន​បង្ហាញ​គោល​បំណង​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​បញ្ហា។ ផ្ទុយ​ទៅ​វិញ បក្ស​កាន់​អំណាច​យល់​ថា ប្រសិន​បើ​បក្ស​ទាំង​ពីរ​ផ្ដើម​ចរចា​នៅ​ពេល​នេះ នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​នីតិវិធី​របស់​តុលាការ​ក្នុង​សំណុំ​រឿង​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង។

គិត​មក​ដល់​ពេល​នេះ​ទៅ​ហើយ ពុំ​ទាន់​ឃើញ​មាន​ពន្លឺ​ណា​មួយ​ដែល​អាច​បញ្ជាក់​បាន​ថា បក្ស​នយោបាយ​ទាំង​ពីរ​ដែល​កំពុង​អង្គុយ​បែរ​ខ្នង​ដាក់​គ្នា អាច​វិល​មក​តុ​ចរចា​នៅ​ឡើយ។

វិបត្តិ​នយោបាយ​ដែល​ឈាន​ទៅ​ដល់​បិទ​ផ្លូវ​ចរចា​នេះ អ្នក​វិភាគ​មើល​ឃើញ​ថា ប្រសិន​បើ​ដូច​អ្វី​ដែល​គណបក្ស​គ្រប់គ្រង​រដ្ឋាភិបាល​អះអាង​ថា ឲ្យ​បញ្ចប់​នីតិវិធី​រួច​រាល់​ជា​មុន​សិន​តាម​ផ្លូវ​តុលាការ​នោះ មាន​ន័យ​ថា គឺ​ជា​ការ​ព្យាយាម​ស្ដារ​ប្រជាប្រិយភាព​ដែល​កំពុង​បាក់​ស្រុត​ប៉ុណ្ណោះ។

លោក មាស នី អ្នក​វិភាគ​ឯករាជ្យ​ចាត់​ទុក​ថា ប្រសិន​បើ​ការ​ចរចា​របស់​បក្ស​នយោបាយ​ទាំង​ពីរ ពុំ​បាន​លើក​ពី​របៀបវារៈ​អ្នក​ជាប់​ឃុំ​មក​និយាយ​ទេ បាន​ន័យ​ថា ជំនួប​ដែល​អាច​នឹង​កើត​ឡើង​នោះ វា​នៅ​តែ​មិន​ស្ងប់​ចិត្ត​ពី​ខាង​បក្ស​ប្រឆាំង។ លោក​បន្ត​ថា «បើ​សិន​ជា​មាន​ការ​ផ្លាស់ប្ដូរ​ផ្សេងៗ​មុន​ពេល​ដែល​តុលាការ​សម្រេច វា​ហាក់​បី​ដូចជា​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន ហ្នឹង​បាក់​មុខ ឬ​ក៏​ទទួល​រង​ការ​ទិតៀន​ថា អ្វីៗ​វា​កើត​ឡើង​សុទ្ធតែ​ជា​រឿង​នយោបាយ។ ខ្ញុំ​គិត​ថា ពេល​ខ្លះ​គណបក្ស​ប្រជាជន ចង់​ទុក​ពេល​ហ្នឹង​ស្ដារ​អ្វី​ដែល​វា​កើត​ឡើង​មក​ដល់​ថ្ងៃ​នេះ​ផង»

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​នៅ​ថ្ងៃ​ទី​២២ មិថុនា ថា គិត​មក​ដល់​ម៉ោង​នេះ​ទៅ​ហើយ សញ្ញា​ជា​វិជ្ជមាន​ណា​មួយ​និយាយ​អំពី​ការ​ចរចា គឺ​ពុំ​មាន​សោះ​ឡើយ។ លោក​បន្ត​ថា «ខ្ញុំ​មិន​ទាន់​ទទួល​បាន​អី​ពី​ខាង​គណបក្ស​ផ្សេង​ទេ»

ភាព​តានតឹង​ផ្នែក​នយោបាយ​នេះ គេ​សង្កេត​ឃើញ​ថា ចាប់​ផ្ដើម​ក្រោយ​ពី​ព្រះរាជអាជ្ញា​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​លោក កឹម សុខា ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ។ ថ្វី​បើ​បក្ស​កាន់​អំណាច​អះអាង​ថា កម្ពុជា ពុំ​មាន​វិបត្តិ​នយោបាយ​ដូច​បក្ស​ប្រឆាំង​លើក​ឡើង គិត​មក​ដល់​ពេល​នេះ ទាំង​សហគមន៍​ជាតិ អន្តរជាតិ និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ផង សុទ្ធតែ​បង្ហាញ​ការ​ព្រួយ​បារម្ភ និង​កង្វល់​ចំពោះ​ចរន្ត​នយោបាយ​នៅ​កម្ពុជា ពេល​នេះ។

ក្នុង​រឿង​នេះ​ដែរ គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ជំហរ​ថា ការ​ជួប​សន្ទនា​ណា​មួយ​នៅ​ពេល​នេះ ដូច​ពុំ​ទាន់​គិតគូរ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិបាល​យល់​ឃើញ​ថា ការ​ពិគ្រោះ​យោបល់​បើក​ទ្វារ​ជានិច្ច ប្រសិន​បើ​បក្ស​ប្រឆាំង​ពិត​ជា​មាន​ឆន្ទៈ នោះ​គឺ​ការ​ចូល​អង្គុយ​ត​ទល់​គ្នា​នៅ​ក្នុង​រដ្ឋសភា។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២១ មិថុនា ថា ជំហរ​មុតមាំ​ចុង​ក្រោយ​របស់​បក្ស​កាន់​អំណាច គឺ​ការ​និយាយ​ទៅ​ដល់​ការ​ចរចា​ពី​បរិបទ​នយោបាយ ពុំ​អាច​កើត​ឡើង​បាន​ទេ​នៅ​ពេល​នេះ។ ផ្ទុយ​ពី​នេះ​វិញ ប្រសិន​បើ​សំណុំ​រឿង​ទាំង​តំណាង​រាស្ត្រ និង​សកម្មជន​របស់​បក្ស​ប្រឆាំង​ឆ្លង​ផុត​ពី​ដំណាក់​កាល​នៃ​យុត្តាធិការ​របស់​តុលាការ​ហើយ ប្រហែល​ជា​អាច​ពិចារណា​បាន​ខ្លះ។ លោក​បន្ត​ថា «បើ​សិន​ជា​រឿង​រួច​រាល់​ចំពោះ​ជន​ប្រព្រឹត្តិ​បទល្មើស​ទាំង​ប៉ុន្មាន​នាក់​ហ្នឹង​រួច​ហើយ យើង​នឹង​ពិនិត្យ​លទ្ធភាព​ធ្វើ​ការ​ចរចា​គ្នា។ ប៉ុន្តែ​ធ្វើ​ឡើង​នៅ​ក្រោម​លក្ខខណ្ឌ​មួយ មិន​អាច​ចរចា​ដើម្បី​ដោះ​អ្នក​ទោស​ជាប់​ពន្ធនាគារ​ទេ»

គិត​មក​ដល់​ពេល​នេះ គណបក្ស​ប្រឆាំង​មាន​មន្ត្រី​ជាន់​ខ្ពស់ និង​សកម្មជន​របស់​ខ្លួន​ចំនួន ១៩​នាក់​ហើយ​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។ ក្រៅ​ពី​នេះ នៅ​មាន​តំណាង​រាស្ត្រ​ចំនួន ៧​រូប​ផ្សេង​ទៀត​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ប៉ុន្តែ​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។