កោះ​ព័រ​តូ​រី​កូ​ចង់​ទាមទារ​ឯករាជ្យ​ពី​សហរដ្ឋអាមេរិក​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-22-2016, 8:39 pm         472

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កោះ​ព័រ​តូ​រី​កូ​ចង់​ទាមទារ​ឯករាជ្យ​ពី​សហរដ្ឋអាមេរិក​​ប្រជាជន​កោះ​ព័រ​តូ​រី​កូ (Puerto Rico) រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ទាមទារ​ប្រកាស​ឯករាជ្យ​ពី​សហរដ្ឋអាមេរិក​។ ជាធម្មតា អនុលោម​តាមច្បាប់​អន្តរជាតិ ទឹកដី​នេះ​មានលទ្ធភាព​ប្រកាស​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ ប៉ុន្តែ​បញ្ហា​ត្រង់​ថា ទឹកដី​នេះ​មិនមាន​លទ្ធភាព​ទ្រទ្រង់​សេដ្ឋកិច្ច​និង​បង្កើត​ចំណូល​ផ្ទាល់ខ្លួន​បានឡើយ​បើ​គ្មាន​ជំនួយ​ពី​សហរដ្ឋអាមេរិក​។

​ក្រោយ​កោះ​អាមេរិក​ព័រ​តូ​រី​កូ ប្រឈម​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ និង​ប្រកាស​មិន​សងបំណុល​ទំហំ ៧៣ ពាន់​លាន​ដុល្លារ​អាមេរិក ប្រជាជន​ព័រ​តូ​រី​កូ​រាប់រយ​នាក់​បាន​ចេញមុខ​ទាមទារ​ប្រកាស​ឯករាជ្យ​ចេញពី​សហរដ្ឋអាមេរិក​ផង​។ ប្រជាជន​ព័រ​តូ​រី​កូ​យល់ថា វា​ជា​ពេលដែល​ពួកគេ​ត្រូវ​ចាកចេញ និង​គ្រប់គ្រង​កិច្ចការ​ជាតិ​ដោយ​ឯករាជ្យ​និង​មិនចាំបាច់​ពឹងពាក់​ជំនួយ​របស់​អាមេរិក​ទៀ​ត​ដើម្បី​ចៀសវាង​បញ្ហា​។ 

​តែ​វា​មិនមែន​ងាយស្រួល​ដូច​ការគិត​ឡើយ​។ បើតាម​ច្បាប់​អន្តរជាតិ​និង​ទ្រឹស្តី​រដ្ឋ វា​ប្រាកដ​ណាស់​ថា ទឹកដី ព័រ​តូ​រី​កូ មានលទ្ធភាព​ពេញលេញ​ក្នុងការ​ប្រកាស​ខ្លួន​ជា​រដ្ឋ​អធិបតេយ្យ​មួយ​។ ប៉ុន្តែ​បើ​ក្រឡេកមើល​បញ្ហា​សេដ្ឋកិច្ច​វិញ ព័រ​តូ​រី​កូ មិនអាច​រស់នៅ​បាន​ដោយ​គ្មាន​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក​ឡើយ​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​រុស្ស៊ី Sputnik អតីត​សមាជិកសភា​អាមេរិក​លោក Kenneth Klee បាន​ពន្យល់ថា ព័រ​តូ​រី​កូ ប្រឈម​បញ្ហា​ច្រើន​ជាពិសេស​បញ្ហា​សេដ្ឋកិច្ច ហើយ​វា​មិន​អនុញ្ញាត​ឲ្យ​ទឹកដី​នេះ​រស់នៅ​ដោយ​ឯករាជ្យ​ឡើយ​។ លោក​ពន្យល់​បន្ថែមថា ទោះបីជា​លុប​បំណុល​ដែល​ទឹកដី​នេះ​ជំពាក់​គេ​អស់ ក៏​ព័រ​តូ​រី​កូ មិនអាច​រក្សា​និរន្តរភាព​នៃ​សេដ្ឋកិច្ច និង​មិនមាន​លទ្ធភាព​បង្កើត​ចំណូល​ដើម្បី​រស់​ដោយ​ខ្លួនឯង​ដូច​រដ្ឋ​អធិបតេយ្យ​ឯទៀត​ឡើយ​។​

​ជាធម្មតា​ទឹកដី ព័រ​តូ​រី​កូ ត្រូវ​រៀបចំខ្លួន​ជាមុន​បើសិនជា​ទឹកដី​នេះ​ចង់​ប្រកាស​ឯករាជ្យ​។ នេះ​ក៏ដោយ​សារ​នៅពេល​ប្រកាស​ឯករាជ្យ ព័រ​តូ​រី​កូ នឹង​លែង​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​សហរដ្ឋអាមេរិក​ទៀត ហើយក៏​មិនបាន​ទទួល​ការគាំទ្រ​ពី​បណ្តា​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ដែរ​។  

​ជារួម អតីត​សមាជិកសភា​ខាងលើ​មិន​យល់ស្រប​ចំពោះ​ការ​ឈានទៅ​ប្រកាស​ឯករាជ្យ​របស់​ទឹកដី​នេះ​ទេ​។ ប៉ុន្តែ​លោក​ក៏​មើលឃើញ​ផងដែរ សហរដ្ឋអាមេរិក​អាចមាន​ប្រយោជន៍​ដែរ​នៅពេលដែល​ទឹកដី ព័រ​តូ​រី​កូ ក្លាយជា​រដ្ឋ​ឯករាជ្យ ព្រោះ​អាមេរិក​មិនចាំបាច់​ចំណាយ​កញ្ចប់​ហិរញ្ញវត្ថុ​ច្រើនសន្ធឹក​រាល់​ឆ្នាំ​ជួយ​ព័រ​តូ​រី​កូ ហើយ​បញ្ហា​លំហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍​មកកាន់​សហរដ្ឋអាមេរិក​ពី​ព័រ​តូ​រី​កូ​ក៏​លែងមាន​ទៀត​៕