​បណ្ឌិត​​សភា​ទេសចរណ៍​អ៊ឺរ៉ុប​ជ្រើស​តាំង ហ៊ុន​ សែន​ ជា​សមាជិក​​កិត្តិយស​

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ត្រូវបានបណ្ឌិត​សភា​ទេសចរណ៍​អឺរ៉ុប​ បោះឆ្នោតជ្រើសតាំង​ជា​«ឯកច្ឆ័ន្ទ» ឲ្យ​ក្លាយជាសមាជិក«កិត្តិយស» នៃស្ថាប័នមួយនេះ ក្នុងនាមជា«មេដឹកនាំពិភពលោក នៅក្នុង​វិស័យ​ទេសចរណ៍ និង​ការ​អភិវឌ្ឍន៍»។ មេដាយជាសមាជិកកិត្តិយសនេះ ទើបនឹងត្រូវបាន មេដឹកនាំ​បណ្ឌិត​សភា​ទេសចរណ៍​អ៊ឺរ៉ុប ប្រគល់​ជូន​លោក ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ។
​បណ្ឌិត​​សភា​ទេសចរណ៍​អ៊ឺរ៉ុប​ជ្រើស​តាំង ហ៊ុន​ សែន​ ជា​សមាជិក​​កិត្តិយស​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតហ្វេសប៊ុក)

ក្រោមការកោតសរសើរ ដែលបណ្ឌិតសភាទេសចរណ៍អ៊ឺរ៉ុប បានអះអាងទៅលើ ចក្ខុវិស័យរបស់លោក ហ៊ុន សែន ទាក់ទងនឹងការអភិវឌ្ឍន៍ផ្នែកវប្បធម៌ និងបេតិកភ័ណ្ឌ របស់ប្រទេសកម្ពុជានោះ បានធ្វើឲ្យបណ្ឌិតសភា ដែលជាផ្នែកមួយ នៃក្រុមប្រឹក្សាអ៊ឺរ៉ុប​សម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម (ECTT) អនុម័តបោះឆ្នោត ក្នុង​សម្លេងជា«ឯកច្ឆ័ន្ទ» ជ្រើសតាំងលោក ហ៊ុន សែន ឲ្យក្លាយជា«សមាជិកកិត្តិយស»របស់ខ្លួន។ នេះ បើយោង​តាម​លិខិត​ជាផ្លូវការមួយ ដែលបណ្ឌិតសភា​ទេសចរណ៍អ៊ឺរ៉ុប បានផ្ញើរជូននាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២៩០១៦កន្លងមក។

លិខិតនោះ បានសរសេរទៀតថា៖ «ចក្ខុវិស័យដ៏វិសេសវិសាលនេះ ត្រូវបានប្រែក្លាយ និងកំពុងប្រែក្លាយ ឲ្យ​ទៅ​ជា​នយោបាយមួយ ដែលមានលក្ខណៈទូទៅ និងត្រូវបានអនុវត្តន៍តាម នៅក្រោមការដឹកនាំរបស់លោក ដើម្បី​ជា​យន្ដការ​ពិភពលោកមួយ សម្រាប់ការអភិវឌ្ឍន៍ នៅក្នុង "World Conference on Tourism and Culture ឆ្នាំ​២០១៥" កន្លង​មក»។

នៅក្នុងពិធីប្រគល់មេដាយ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនានេះ ជាមួយនឹងការប្រកាសទទួលស្គាល់ ថា«កម្ពុជា​ជា​គោលដៅ​វប្បធម៌ ពេញនិយម​សម្រាប់​ឆ្នាំ​២០១៦»ផងនោះ លោក មើ​សៀ ខន​ស្តេ​នទី​ណឺ​ស្គូ ( Mircea Constantinescu) ​ប្រធាន​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប បាន​ថ្លែងពី​ជីវិត និង សកម្មភាព​របស់​លោក ហ៊ុន សែន ថាជា​បុគ្គល​ ដែលមាន​បុគ្គលិកលក្ខណៈ​ដ៏​អស្ចារ្យ​ម្នាក់​ ទាំង​ក្នុង​កម្រិត​ជាតិ និងអន្តរជាតិ។ លោកបាន​បន្ត​ទៀត​ថា ភាព​រស់រវើក និង សកម្មភាព​យ៉ាង​អស្ចារ្យ​ របស់នាយករដ្ឋមន្ត្រី​ជាង«បីទសវត្សន៍»​របស់កម្ពុជា បាន​រីក​សាយ​«​ជិត៥​ទសវត្សន៍»​ហើយ​ និងមាន​ទំនាក់ទំនង​ យ៉ាង​ជិតស្និត​ទៅនឹង​ប្រវត្តិសាស្ត្រ​របស់​ប្រជាជាតិ​កម្ពុជា និង ការតស៊ូ​ភាព​គង់វង្ស​ឋិតឋេរ និង ក្តីសង្ឃឹម​របស់​ប្រជាជន​កម្ពុជា។

ថ្លែង​នៅក្នុងឱកាសនោះដែរ លោក ហ៊ុន សែន បានអះអាងដោយមោទនភាព ពីការវាយតម្លែងនេះ ថាវា«ពិត»​ជា​ឆ្លុះ​បញ្ចាំង​យ៉ាងច្បាស់​ ពី​សភាពការណ៍​ពិត​របស់​កម្ពុជា​ នាពេល​បច្ចុប្បន្ន​។ នាយករដ្ឋមន្ត្រីកម្ពុជា បាន​បន្ត​ថា ​អច្ឆរិយ​ភាព​នៃ​កម្ពុជា ដែល​ជា​គោលដៅ​ទេសចរណ៍ «​វប្បធម៌ និង​ធម្មជាតិ​» បាន​កំពុង​ក្លាយជា​បេះដូង​ និង​​ជា​គោល​ដៅ​​ទេសចរណ៍​ថ្មី​មួយ ​នៃ​តំបន់​ឤ​ស៊ី​ និង​ឤ​ស៊ី​ឤ​គ្នេ​យ៍ ដែលជា​តំបន់​កំពុងមាន​និន្នាការ​រីកលូតលាស់​ខ្លាំង​ ខាង​​ផ្នែក​ទេសចរណ៍​ ដោយ ផ្អែកលើ​សក្តានុពល វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ ហើយ​កម្ពុជា​បាន និង​កំពុង​​ដើរ​តួនាទី​​ជា​គន្លឹះ​ ក្នុង​ការតភ្ជាប់​ខ្សែ​ទស្សនកិច្ច​ទេសចរណ៍​ តំបន់​ប្រកបដោយ​ភាព​ទាក់ទាញ​ខ្ពស់​មួយ។

បណ្ឌិតសភាពទេសចរណ៍អ៊ឺរ៉ុប ជានរណា?

សូមជម្រាបជូនដែរថា ការផ្ដល់ជូនទៅលោក ហ៊ុន សែន ឲ្យក្លាយជាសមាជិកកិត្តិយស របស់ស្ថាប័នបណ្ឌិត​សភា​​ទេសចរណ៍​អ៊ឺរ៉ុប មិនមែនជា«សញ្ញាបត្រកិត្តិយស» ដូចការផ្សព្វផ្សាយរបស់ស្ថាប័នរដ្ឋ ឬសារព័ត៌មាន​ក្នុង​ប្រទេសកម្ពុជា​មួយចំនួននោះទេ។ ហើយស្ថាប័នបណ្ឌិតសភាទេសចរណ៍អ៊ឺរ៉ុប ឬក្រុមប្រឹក្សាអ៊ឺរ៉ុប​​សម្រាប់​​វិស័យ​ទេសចរណ៍ និងពាណិជ្ជកម្ម (ECTT) ក៏មិនមែនជាសេនាធិការមួយ របស់សហភាពអ៊ឺរ៉ុបដែរ តែជា​អង្គការ​​អន្តរជាតិ​​​មួយ​​ដាច់​​ដោយ​ឡែក មានស្នាក់ការកណ្ដាល នៅរដ្ឋធានីប៊ូការ៉េស (Bucharest) ប្រទេសរ៉ូម៉ានី និង​គ្រាន់​​តែ​​មាន​សរសេរ ដាក់​ឈ្មោះ «អ៊ឺរ៉ុប»។ អង្គការក្រៅរដ្ឋាភិបាលមួយនេះ មានសមាជិក មកពីសហភាព​ទេសចរណ៍​​នៃ​​បណ្ដា​ប្រទេស​អ៊ឺរ៉ុប​ ទាំង២៧។ សូមអានការពន្យល់​ពីស្ថាប័ននេះ ជាភាសាអង់គ្លេស​ដូចខាង​ក្រោម៖

The European Council on Tourism and Trade (ECTT) is an international and non-profit organization with its headquarters in Bucharest.

Its members are from 27 European Union Tourism Organizations , whose role is to market and promote tourism and investment opportunities outside the European Union in general, and to individual countries in particular.

European Council on Tourism and Trade (ECTT) is the greatest European and regional tourism organization representing a market of 800 millions costumers from all around Europe with members and delegations in 27 countries.

មកដល់ពេលនេះ គេមិនបានរកឃើញថា ស្ថាប័នអ៊ឺរ៉ុបខាងលើនេះ មានគេហទំព័រផ្លូវការរបស់ខ្លួន ក្រៅតែ​ពី​គេហទំព័រ​ដែលមានលក្ខណៈជា «Blog» នៅទីនេះ និងទីនេះឡើយ៕