ដើមឆ្នាំ​២០១៦​នេះ ផ្ទះ​ជិត​១០០០​ខ្នង​រលំ និង​៤៥៩៨​ខ្នង​របើក​ដំបូល និពន្ធដោយ : ញឹក ស្រីល័ក្ខ       June-22-2016, 9:59 pm         123

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ដើមឆ្នាំ​២០១៦​នេះ ផ្ទះ​ជិត​១០០០​ខ្នង​រលំ និង​៤៥៩៨​ខ្នង​របើក​ដំបូល​ភ្នំពេញ​៖ គ្រោះមហន្តរាយធម្មជាតិ ដោយសារ​ខ្យល់​កន្ត្រក់ បណ្ដាល​ឲ្យ​ផ្ទះ​ចំនួន ៩៩១ ខ្នង​រលំ និង ៤៥៩៨ ខ្នង​របើក​ដំបូល សាលារៀន អាគារ​ផ្សេងៗ​ទៀត​ចំនួន ៥៣​អាគារ​រង​ការ​ខូ​ត​ខាត​។ គ្រោះធម្មជាតិ​ខ្យល់​កន្ត្រក់​នេះ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ៧​នាក់​ស្លាប់ និង​១០៦​នាក់​ផ្សេងទៀត​រងរបួស​ផងដែរ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ AKP​។​

​របាយការណ៍​នេះ​បានបង្ហាញ​ដោយ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ  ក្នុង​កិច្ចប្រជុំ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៦ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ញឹម វណ្ណដា អនុប្រធាន​ប្រចាំការ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​គ្រោះមហន្តរាយធម្មជាតិ ដោយសារ​ខ្យល់​កន្ត្រក់ សរុប​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៦ មាន​ចំនួន ១២៤ ករណី ដែល​កើតឡើង​នៅក្នុង​ស្រុក​-​ក្រុង​ចំនួន ៩៦ នៃ​ខេត្ត​ក្រុង​ចំនួន ២០​។ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៥​កន្លងទៅ មានការ​កើនឡើង ហើយ​ឥទ្ធិពល​នៃ​អាកាសធាតុ​ប្រែប្រួល​នេះ បណ្ដាលមកពី​ឥទ្ធិពល​អ៊ែ​ល​នី​ណូ ធ្វើ​ឲ្យ​កម្ដៅ​កើនឡើង​ខ្លាំង​។ ជាពិសេស​ក្នុង​ខែមេសា ដែល​សីតុណ្ហភាព​មាន​កម្រិត​៤២​អង្សា​សេ និង​បណ្ដាល​ឲ្យ​មាន​គ្រោះរាំងស្ងួត ដោយ​ការខ្វះ​ទឹក​ប្រើប្រាស់​រហូតដល់​ខែឧសភា​។​

​គួរបញ្ជាក់​ផងដែរ ចំពោះ​គ្រោះមហន្តរាយធម្មជាតិ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ និង​ខូ​ត​ខាត ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ មានការ​ជួយឧបត្ថម្ភ​ពី​សំណាក់​កាកបាទក្រហមកម្ពុជា ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ខេត្ត សប្បុរសជន និង​អង្គការ​ផ្សេង​នៅតាម​មូលដ្ឋាន បាន​បន្ត​ឧបត្ថម្ភ​ទៅតាម​លទ្ធភាព និង​សមត្ថភាព​៕