ហេតុអ្វី​អន្តរាគមន៍​យោធា​ទម្លាក់ លោក​អាសាដ មិនអាច​កើតឡើង​? និពន្ធដោយ : សៅ ផលនិស្ស័យ       June-22-2016, 9:19 pm         916

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ហេតុអ្វី​អន្តរាគមន៍​យោធា​ទម្លាក់ លោក​អាសាដ មិនអាច​កើតឡើង​?​លោក ច​ន ឃែ​រី បាន​ជួប​ជាមួយ​តំណាង​ក្រុម​អ្នកការទូត​ដែល​ចេញ​កំណត់ហេតុ​ស្នើ​ឲ្យ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ប្តូរ​យុទ្ធសាស្ត្រ​ត្រលប់​ទៅប្រើ​ប្រាស់​កម្លាំង​ទម្លាក់​លោក បា​សា អាល់​អាសាដ​។ គេ​មិនដឹងថា វា​មានការ​សម្រេច​បែបណា​ឬ​អត់​ក្នុងជំនួប​ឬ គ្រាន់តែ​ជាការ​ពិភាក្សា​ធម្មតា​ទេ ។ ការស្នើសុំ​ប្រើប្រាស់​កម្លាំង​ប្រឆាំង​លោក អាសាដ នេះ​មិនមែនជា​រឿង​ថ្មី​ឡើយ ហើយ​វា​ជាការ​លំបាក​បំផុត​សម្រាប់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​ប្រើប្រាស់​ទ័ព​នៅ​ចុង​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នេះ​។ ម្យ៉ាង​ទម្លាក់​លោក អាសាដ​មិនមែនជា​ដំណោះស្រាយ​បញ្ចប់​ជម្លោះ ហើយ​អាមេរិក​ក៏​មិនអាច​លូកដៃ​ជ្រៅ​រហូតដល់​ប៉ះទង្គិច​ជាមួយ​រុស្ស៊ី​ដែល​កំពុង​ជ្រោមជ្រែង​រដ្ឋាភិបាល អាសាដ​ឡើយ​។ 

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ចាប់តាំងពី​មានការ​បែកធ្លាយ​ព័ត៌មាន​ថា មន្ត្រី​ទូត​ក្រសួងការបរទេស​អាមេរិក​៥១​នាក់​ដាក់​កំណត់ហេតុ​ផ្ទៃក្នុង​ស្នើ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ប្រើប្រាស់​កម្លាំង​ទ័ព​កម្ទេច​រដ្ឋាភិបាល​អាសាដ​ដើម្បី​បញ្ចប់សង្គ្រាម គេ​ឆ្ងល់​ថា​តើ​អាមេរិក​នឹង​ប្តូរ​ចំណាត់ការ​ក្នុង​ការជួយ​ដោះស្រាយ​វិបត្តិ​ស៊ី​រី​ឬ​អត់​? មានមតិ​រិះគន់​ច្រើន​ដែរ​ពី​សំណាក់​អ្នកជំនាញ​ចំពោះ​សំណើរ​នេះ ព្រោះ​វា​ហាក់បីដូចជា​មិន​ជួយ​ស្តារ​ស្ថានការណ៍​ឲ្យ​ប្រសើរឡើង​ឡើយ​។

​តាមពិតទៅ សំណើរ​របស់​មន្ត្រី​ទូត​អាមេរិក ធ្វើឡើង​ស្របពេល​ដែល បទ​ឈប់​បាញ់​ដែល​បង្កើតឡើង​ដោយ​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ម៉ូស្គូ ត្រូវ​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ បំពារបំពាន​ជា​ញឹកញាប់​នោះ​។ អ្នកការទូត​ទាំងនោះ​ជឿជាក់ថា ការប្រើប្រាស់​កម្លាំង​ទ័ព នឹង​ជួយ​បញ្ចប់​បញ្ហា​បាន​ដាច់ស្រេច និង​បញ្ចប់​ទង្វើ​ព្រៃផ្សៃ​របស់​ទាហាន​អាសាស្ម័គ្រ​របស់លោក អាសាដ​។ ចុងក្រោយ​ជម្លោះ​នឹង​ចប់ ហើយ​ស៊ី​រី​ក៏​លែង​រងទុក្ខវេទនា​ដោយ​ភ្លើងសង្គ្រាម​រ៉ាំរ៉ៃ​ដូច​បច្ចុប្បន្ន​ដែរ​។​

​រហូតដល់​ថ្ងៃ​អង្គារ​ទី ២១ ម្សិលមិញ តំណាង​មន្ត្រី​ទូត​ទាំង​នោះបាន​ជួបពិភាក្សា​ជាមួយ​ប្រមុខ​ការទូត​អាមេរិក​ផ្ទាល់​ពាក់ព័ន្ធ​កំណត់ហេតុ​ផ្ទៃក្នុង​នេះដែរ​។ បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ជំនួប​រវាង​លោក ឃែ​រី ជាមួយ​មន្ត្រី​ទូត​ទាំងនោះ​មាន​រយៈពេល​កន្លះ​ម៉ោង ប៉ុន្តែ​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​កិច្ចពិភាក្សា​មិនត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ឡើយ​។

​ពាក់ព័ន្ធ​បញ្ហា​នេះ អនុ​ប្រធានាធិបតី​អាមេរិក លោក  Joe Biden បានបញ្ជាក់​រួចទៅហើយ​ថា វា​មិនមែនជា​លើកទីមួយ​ទេ​ដែល​សេត​វិមាន​បាន​ត្រួត​ពិនិត្យមើល​សំណើរ​ស្រដៀងៗ​គ្នា​នេះ ប៉ុន្តែ​ចុងក្រោយ​គេ​ឃើញថា យុទ្ធសាស្ត្រ​ប្រភេទ​នេះ​មិន​ផ្តល់​ផ្លែផ្កា​សម្រាប់​អាមេរិក​ឡើយ​។ សូម្បីតែ​ប្រមុខ CIA និង​នាយសេនាធិការ​ចម្រុះ​ក៏​យល់ថា ការប្រើប្រាស់​កម្លាំង​ទ័ព​មិនមាន​ប្រសិទ្ធភាព​ដែរ​។​

​គេ​អាច​វាត​ម្លៃ​បាន​ថា វា​គ្រាន់តែ​ជា​ជំនួប​បម្លាស់ប្តូរ​យោបល់​ធម្មតា ហើយ​វា​ក៏​មិន​ប៉ះពាល់​ឬ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នយោបាយ​ការបរទេស​ឬ​យុទ្ធសាស្ត្រ​យោធា​អាមេរិក​នៅ​ស៊ី​រី​ឡើយ​។​

១.​មន្ត្រី​ទូត​អាមេរិក​មិន​គាំទ្រ​នយោបាយ​ការបរទេស​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​?
​អាច​ថា​វា​ជា​រឿង​ធម្មតា​សម្រាប់​សង្គម​អាមេរិក​ដែល​អ្នកបច្ចេកទេស​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​បញ្ចេញ​មតិយោបល់​ប្រឆាំង យល់ស្រប ផ្តល់​ប្រឹក្សា​និង​អាច​បដិសេធ​ធ្វើការ​អ្វីដែល​ខ្លួន​គិតថា​មិន​ត្រឹមត្រូវ​។​ប៉ុន្តែ​កំណត់ហេតុ​ផ្ទៃក្នុង​ដែលមាន​ហត្ថលេខា​មន្ត្រី​ទូត​ស្ថិតក្នុង​កម្រិត​មធ្យម​និង​ជាន់ខ្ពស់ ៥១ នាក់​ស្នើ​ឲ្យ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្តូរ​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​ស៊ី​រី​នេះ ហាក់បីដូចជា​លក់​មុខ​រដ្ឋាភិបាល​អាមេរិក​បន្តិច​ដែរ​។ ព្រោះ​វា​បង្ហាញថា​អ្នកការទូត​ទាំងនោះ​មិន​គាំទ្រ​នយោបាយ​ដែល​រដ្ឋបាល​អាមេរិក​កំពុង​ប្រើប្រាស់​នៅ​ស៊ី​រី​។ ក្រុម​អ្នកការទូត​ចេញ​កំណត់ហេតុ​ផ្ទៃក្នុង​នេះ​ក៏​រិះគន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ផ្តោត​សំខាន់​តែ​លើ​ការ​កម្ចាត់​ក្រុម​ដែ​ស្ហ មិនមែន​រដ្ឋាភិបាល​បាល​លោក អាសាដ​។ គេ​ចង់​មានន័យថា អាមេរិក​កំពុង​ធ្វើសង្គ្រាម​ខុស​គោលដៅ និង​កំណត់​សត្រូវ​ខុស​។ 

​យ៉ាងណាក៏ដោយ វា​មាន​ហេតុផល​ច្រើន ដែល​អាច​ទាញ​ការ​សន្និដ្ឋានបានថា អាមេរិក​មិន​ផ្លាស់ប្តូរ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ខ្លួន​ហើយ​ត្រលប់​ទៅ​ផុងខ្លួន​ក្នុង​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី​វិញ​ឡើយ​។

២.​ហេតុអ្វី​ការប្រើ​កម្លាំង​ទ័ព​ទម្លាក់​អាសាដ​របស់​ក្រុង​វ៉ាស៊ីនតោន​មិនអាច​កើតឡើង​ពេលនេះ ?
​ដូច​លើកឡើង​ខាងដើម​ស្រាប់ អ្នកការទូត​អាមេរិក​ចង់​ឲ្យ​ប្រើ​កម្លាំង​ទ័ព​ដើម្បី​យកឈ្នះ​រដ្ឋាភិបាល​ស៊ី​រី ដូច​អាមេរិក​ធ្លាប់ធ្វើ​នៅ​អ៊ីរ៉ាក់ និង​លី​ប៊ី​។ ចាំ​ឈ្នះ​ហើយ ចាំ​គិតគូរ​រឿង​រៀបចំ​រដ្ឋាភិបាល​និង​ស្តារ​ប្រទេសជាតិ​ឡើងវិញ​តាម​ក្រោយ ព្រោះ​អ្នកឈ្នះ​អាច​កំណត់​អ្វី​គ្រប់យ៉ាង​បាន​ស្រួល​។ ប៉ុន្តែ​វា​មិន​ស្រួល​ដូច​គិត​ទេ​ដឹង​។ រដ្ឋាភិបាល​ស៊ី​រី មិន​ដូច​រដ្ឋាភិបាល​អ៊ីរ៉ាក់​សម័យ សា​ដាម ហ៊ូ​សេន ឬ​លី​ប៊ី​សម័យ​ហ្កា​ដា​ហ្វី​ទេ​។ មាន​ហេតុផល​ច្រើន​ដែល​ប​ន្ទុ​ច​បង្អាក់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិន​ឲ្យ​ប្រើប្រាស់​យោធា​ក្នុង​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ដើម្បី​បញ្ចប់​បញ្ហា​ហើយ​ហេតុផល​ទាំងនោះ​មានដូចជា​៖

​ក​.​អន្តរាគមន៍​យោធា​អាមេរិក​នៅ​ស៊ី​រី​មិន​ជួយ​អ្វី​ទាំងអស់
​ជម្លោះ​កើតឡើង​ជាង​៥​ឆ្នាំ​នឹងមិន​ចប់​ដោយសារ​ការទម្លាក់​រដ្ឋា​ភិ​បាល អាសាដ​ឡើយ​។ ជម្លោះ​ប្រដាប់អាវុធ​នេះ​វា​ស្មុគស្មាញ​ជាង​អ្វីដែល​មើលឃើញ​ជាក់ស្តែង​។ ភាគី​ជម្លោះ​ច្រើន​មាន​ទាំង​ក្រុម​ភេរវជន​ទៀត ហើយ​មានការ​លូកលាន់​ពី​មហាអំណាច​និង​ប្រទេស​ធំ​ច្រើន​ទៀត​។ ដូច្នេះ ក្រៅពី​បន្ត​ប្រើ​ដំណោះស្រាយ​នយោបាយ ការប្រើប្រាស់​ទ័ព​កម្ចាត់​ភាគី​ម្ខាង​មិនមែនជា​មធ្យោបាយ​ជួយ​បញ្ចប់​បញ្ហា​ឡើយ​។

​ខ​.​លោក អូ​បា​ម៉ា​ជិត ផុត​អាណត្តិ​ហើយ​
​រឿង​ដែល​គេ​មិនអាច​ប្រកែក​បាន​ដែលថា ហេតុផល​មួយ​ដែល​ជំរុញ​ឲ្យ​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​ប្រុងប្រយ័ត្ន​ក្នុងការ​ទម្លាក់​លោក អាសាដ គឺ អាណត្តិ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជិត​ផុត​ហើយ ហើយ​អាមេរិក​កំពុង​មរ​មា​ញឹក​រឿង​បោះឆ្នោត​រើស​ប្រធានាធិបតី​។ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នៅសល់​ពេល​ប្រហែល ៦​ខែ​ប៉ុណ្ណោះ​ក្នុងការ​កាន់តំណែង​។ ដូច្នេះ​ការផ្លាស់ប្តូរ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​យោធា​នៅក្នុង​ជម្លោះ​ស៊ី​រី​វា​ជា​រឿង​មិនអាច​ទៅរួច​ឡើយ ព្រោះ​វា​ជា​យុទ្ធសាស្ត្រ​រយៈពេល​វែង​។ តែ​វា​អាច​កើតឡើង ក្នុងករណី​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក្លាយជា​ប្រធានាធិបតី​អាមេរិក​។​

​គ​.​ទម្លាក់​អាសាដ​ជួយ​ក្រុម​ភេរវជន​?
​អាមេរិក​បន្ត​ចោទសួរ ពេល​និយាយ​ដល់​ការប្រើប្រាស់​កម្លាំង​កម្ចាត់​រដ្ឋាភិបាល​លោក អាសាដ ថា​តើ​អ្នកណា​នឹង​កេងចំណេញ​ក្រោយ​កម្ចាត់​កងកម្លាំង​អាសាដ​។ វា​ជា​រឿង​ពិត​ដែលថា ទាំង​អាមេរិក ទាំង​ក្រុម​ឧទ្ទាម និង​កងកម្លាំង​អាសាដ​មាន​សត្រូវ​រួម​គឺ​ក្រុម​ភេរវជន​។ បើ​បំផ្លាញ​កម្លាំង​អាសាដ​នៅពេលនេះ មិន​ខុសពី​ជួយ​ត្រួស​ត្រាយផ្លូវ​ឲ្យ​ក្រុម​ភេរវជន​ទាញយក​ប្រយោជន៍​ឡើយ​។ វិបត្តិ​លី​ប៊ី និង​អ៊ីរ៉ាក់ នៅតែ​ជា​មេរៀន​ថ្មីៗ​ដែល​អាមេរិក​មិនអាច​បោះបង់​បាន​នៅឡើយ​។

​ឃ​. បើ​អន្តរាគមន៍​ប៉ះទង្គិច​ជាមួយ​ទ័ព​រុស្ស៊ី​នៅ​ទីនោះ​ស្រាប់​
​បញ្ហា​ធំ​មួយទៀត​គឺ ការ​ឈានដល់​ប៉ះទង្គិច​ជាមួយ​ទ័ព​រុស្សី​នៅ​ស៊ី​រី​។ រុស្ស៊ី​ទោះ​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ មិនអាច​ឲ្យ​អាមេរិក​ធ្វើតាម​ចិត្ត​និង​ទម្លាក់​អាសាដ ពី​តំណែង​ឡើយ​។ រុស្ស៊ី ជា​គ្រោះថ្នាក់​សម្រាប់​អន្តរាគមន៍​យោធា​អាមេរិក ព្រោះ​រុស្ស៊ី​មាន​មូលដ្ឋាន​ទ័ពអាកាស ដោយមាន​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង និង​មាន​ប្រព័ន្ធ​ការពារ​អាកាស S-400 ជាច្រើន​គ្រឿង​នៅ​ស៊ី​រី​ទៀត​។  ក្រោយ​លឺដំណឹង​ស្នើសុំ​ប្រើ​កម្លាំង​ទ័ព​របស់​អ្នកការទូត​អាមេរិក រុស្ស៊ី​ក៏ដូចជា​ត្រៀមលក្ខណៈ​ដែរ ព្រោះ​ប៉ុន្មាន​ថ្ងៃមុន​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ស្រាប់តែ​ទៅ​ទស្សនកិច្ច​ស៊ី​រី និង​ជួប​ជាមួយ​លោក អាសាដ​ទៀត​។ ដូច្នេះហើយ​បានជា អាមេរិក​គិតគូរ​ដោយ​ប្រុងប្រយ័ត្ន​បំផុត ព្រោះ​អាមេរិក​លែង​ជា​មហាអំណាច​តែមួយ​ដែល​ជាន់​មជ្ឈិមបូព៌ា​ផ្អៀង​ហើយ ហើយ​វា​ក៏​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​ទ័ព​អាមេរិក​ដែរ​។ នេះ​ក៏ដោយ​សារ រុស្ស៊ី​មានប្រៀប​ជាង​អាមេរិក​បន្តិច​ហើយ​ក្នុងការ​ដោះស្រាយ​ក្នុង​ជម្លោះ​ស៊ី​រី ក្រោយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បញ្ជូន​ទ័ព​ទៅ​គាំទ្រ​រដ្ឋាភិបាល​លោក អាសាដ​។ រុស្ស៊ី​សម្រេច​ជោគជ័យ​ក្នុង​ការដាក់​គំនៀប​ឲ្យ​អាមេរិក​ចាប់ដៃ​ខ្លួន​បង្កើត​បទ​ឈប់​បាញ់ និង​ចុងក្រោយ​កំណត់​ភាគី​ដែល​ត្រូវ​ចូល​តុ​ចរចា​នៅ​ហ្សឺ​ណែវ​។