នាយករដ្ឋមន្ត្រី​វៀតណាម​បន្ទោស​មន្ត្រី​ពុករលួយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បំផ្លាញ​ព្រៃ​ធម្មជាតិ​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-22-2016, 10:39 pm         235

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132នាយករដ្ឋមន្ត្រី​វៀតណាម​បន្ទោស​មន្ត្រី​ពុករលួយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បំផ្លាញ​ព្រៃ​ធម្មជាតិ​ ដើម​សប្តាហ៍​នេះ នាយករដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បានចេញ​បញ្ជា​ដាច់​ណាត់​មួយ​ដោយ​ហាមឃាត់​រាល់​ការកាប់​ព្រៃ​ធម្មជាតិ​ទាំងអស់​នៅ​ទូទាំងប្រទេស​វៀតណាម​។ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម​រូបនេះ​បន្ទោស​អំពើពុករលួយ​កើតឡើង​ក្នុងការ​ស្ថាប័ន​គ្រប់គ្រង​ព្រៃឈើ ហើយ​លោក​សង្កត់ធ្ងន់ថា វិធានការ​នេះ​ដាក់ចេញ​ដើម្បី​ទប់ស្កាត់​រាល់​ទង្វើ​លើ្ម​ស​របស់​មន្ត្រី​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​កាប់​ព្រៃ​ធម្មជាតិ​កន្លងមក​។​

​ដើម្បី​ទប់ស្កាត់​រាល់​ការ​លួច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​កាប់​ព្រៃ​ធម្មជាតិ​ដែល​កំពុង​រង​ការបំផ្លិចបំផ្លាញ​ស្រាប់​នោះ នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc បានសម្រេច​ដាក់បទបញ្ជា​ម៉ឺងម៉ាត់​មួយ​សំដៅ​បញ្ចប់​រាល់​ការកាប់​ព្រៃ​ធម្មជាតិ​ដែល​នៅសល់​ប្រហែល ២.២៥ លាន​ហិកតា​ទូទាំងប្រទេស​។

​យោងតាម​សារព័ត៌មាន Thanhnien ក្នុងពេល​ថ្លែង​សុន្ទរកថា​ទៅកាន់​មន្ត្រី​មូលដ្ឋាន​ក្នុង​កិច្ចប្រជុំ​នៅ​ខេត្ត Dak Lak លោក Nguyen Xuan Phuch បាន​សង្កត់ធ្ងន់ថា​៖​​« ចាប់ពី​ថ្ងៃនេះ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​លែងមាន​សិទ្ធិអំណាច​ចេញ​លិខិតអនុញ្ញាត​ឲ្យ​មាន​ការកាប់​ព្រៃ​ទៀតហើយ​។ វិធានការ​នេះ​មាន​គោលដៅ​ធ្វើយ៉ាងណា​ដើម្បី​ទប់ស្កាត់​ការបំពាន​គោលនយោបាយ​រដ្ឋ​ដោយ​លួច​បើកដៃ​ឲ្យ​ក្រុមហ៊ុន​ឈូសឆាយ​ព្រៃឈើ​ដើម្បី​ដាំ​ដើមឈើ​ធ្វើ​អាជីវកម្ម​វិញ​»​។​

​យោងតាម​របាយការណ៍​ក្រសួង​ក​សិស​កម្ម​និង​អភិវឌ្ឍ​ជនបទ​វៀតណាម  ចន្លោះ​ពី​ឆ្នាំ ២០១០​ដល់ ២០១៤ ព្រៃ​ធម្មជាតិ មាន​ទំហំ ១១​ម៉ឺន​ហិកតា ត្រូវបាន​គេ​ឈូសឆាយ​សម្រាប់​ដាំ​ដើមឈើ​ធ្វើ​អាជីវកម្ម ហើយ ៣៧០០០​ហិកតា​ផ្សេងទៀត​ត្រូវបាន​គេ​ឈូសឆាយ​សម្រាប់​សាងសង់​វា​រី​អគ្គិសនី​និង​ផ្លូវ​។ ក្រៅពីនេះ ព្រៃឈើ​មាន​ទំហំ ១២៣០០០​ហិកតា​ផ្សេងទៀត​ត្រូវបាន​គេ​កាប់បំផ្លាញ​ខុសច្បាប់​។​

​ក្រៅពី​បញ្ជាក់ប្រាប់​ពី​វិធានការ​ថ្មី​របស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា​កាប់​ព្រៃឈើ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម​ខាងលើ​ក៏បាន​បន្ទោស​ដល់​មន្ត្រី​ពាក់ព័ន្ធ​ដែល​ទទួលបន្ទុក​កិច្ចការ​គ្រប់គ្រង​ព្រៃឈើ ដែល​រវល់​ឈ្លក់​វង្វេង​ជាមួយ​អំពើពុករលួយ ហើយ​ឃុបឃិត​ជាមួយ​ក្រុម​រំលោភច្បាប់​នាំគ្នា​កាប់​ព្រៃឈើ​៕