ប្រទេស​ស៊ុយ​ អ៊ែត​ បាន​សន្យា​គាំទ្រ​បេក្ខភាព​កម្ពុជា​ក្នុង​ក្រុមប្រឹក្សា​សង្គម​សេដ្ឋកិច្ច​របស់ អ.ស.ប

ប្រទេស​ស៊ុយ​ អ៊ែត​ បាន​សន្យា​គាំទ្រ​បេក្ខភាព​កម្ពុជា​ក្នុង​ក្រុមប្រឹក្សា​សង្គម​សេដ្ឋកិច្ច​របស់ អ.ស.ប



ភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​សំដែង​ការគួរសម និង ជម្រាបលា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុ​ជានា​ល្ងាច​ថ្ងៃ​ទី២២ ខែមិថុនា នៅ​វិមាន​សន្តិភាព​លោកស្រី អាណា ម៉ាច ហ៊ុល​ហ្គា​ដ (Anna Maj Hultgard) ឯកអគ្គរាជទូត​ប្រទេស​ស៊ុយ​អ៊ែត​បាន​អះអាង​ថា ​ស៊ុយ​អ៊ែត និង​គាំទ្រ​បេក្ខភាព​របស់​ប្រទេស​កម្ពុជា​ក្នុង​ក្រុមប្រឹក្សា​សង្គម​សេដ្ឋកិច្ច​របស់​អង្គការសហប្រជាជាតិ។

លោក កៅ គឹម​ហ៊ួ​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ជំនួប​នោះ​លោកស្រី​អាណា ម៉ាច​ហ៊ុល​ហ្គា​ដ បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា ឆ្នាំនេះ​គឺជា​ឆ្នាំ​ដែល​ប្រទេស​ស៊ុយ​ អ៊ែត ​ដាក់​បេក្ខភាព​ដើម្បី​ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​គ្រោង​បោះឆ្នោត​នៅ​ថ្ងៃ​ទី ២៨ ខែមិថុនា នេះ​នៅ​អង្គការសហប្រជាជាតិ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ​កម្ពុជា​គាំទ្រ​បេក្ខភាព​របស់​ប្រទេស​ស៊ុយ ​អ៊ែត។

ជា​មួយ​គ្នា​នេះ​លោកស្រី​ទូត​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​ស៊ុយ​ អ៊ែត​ ក៏បាន​គាំទ្រ​បេក្ខភាព​របស់​ប្រទេស​កម្ពុជា​បេក្ខភាព​ក្រុមប្រឹក្សា​សង្គម​សេដ្ឋកិច្ច​របស់​អង្គការសហប្រជាជាតិ​ផង​ដែរ។

នៅ​ក្នុង​ជំនួប​នោះ​លោកស្រី​ទូត​បាន​សំដែង​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​ហើយ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​និង​ស៊ុយ​អ៊ែត។

សម្តេច​តេ​ជោ​មានប្រសាសន៍ថា សម្តេច​មានការ​រីករាយ​និង​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ព្រោះ​ប្រទេស​កម្ពុជា និង ស៊ុយ​អ៊ែត​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​យូរ​មក​ហើយ​រួម​ទាំង​ពេលវេលា​ដែល​ប្រទេស​កម្ពុជា​រង​សម្ពាធ​នៃ​ទណ្ឌកម្ម​ដែល​ពេលនោះ​ស៊ុយ​អ៊ែត បាន​ជួយ​កម្ពុជា​។

លោក កៅ គឹមហួន បាន​បន្ត​ថា ​នៅ​ក្នុង​អាណត្តិ​នេះ​លោកស្រី​បាន​ជួយ​រៀបចំ​ឲ្យ​សម្តេច​ក្រឡាហោម ស ខេង បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ស៊ុយ ​អ៊ែត ​ហើយ​លោកស្រី​បាន​ចូលរួម​យ៉ាង​សក​កម្ម​ក្នុង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស នៅ​ប្រទេស​កម្ពុជា​។ ដោយឡែក​នៅ​ពេល​ថ្មីៗ​នេះ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ស៊ុយ​ អ៊ែត​ បាន​ដាក់​ចេញ​នូវ​គំនិត​ផ្តួច​ផ្តើម​ជា​សកល​មួយ​តាម​ផ្នែក​សង្គម ដោយ​គាំទ្រ​ធ្វើ​យ៉ាង​ណា​ឲ្យ​ខាង​រដ្ឋាភិបាល វិស័យ​ឯកជន និង ពលករ មាន​ទំនាក់ទំនង​ល្អ​ធ្វើការ​ជាមួយគ្នា​ដើម្បី​ឲ្យ​បរិយាកាស​ការងារ​ប្រសើរឡើង​ហើយ​កម្ពុជា បាន​ចាត់​ទុក​នេះ គឺជា​បទពិសោធន៍​ដ៏​សំខាន់​។

នាយករដ្ឋមន្ត្រី​ស៊ុយ ​អ៊ែត ​ក៏បាន​អញ្ជើញ​សម្តេច​តេ​ជោ ហ៊ុន សែន ចូលរួម​ក្នុង​គំនិត​ផ្តួច​ផ្តើម​នេះ​ហើយ​សម្តេច​តេ​ជោ​បាន​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​នេះ​ដោយ​កន្លងមក​ប្រទេស​កម្ពុជា​ក៏បាន​បង្កើត​យន្តការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ​ផងដែរ។

សម្តេច​តេ​ជោ​បាន​អះអាង​ថា ​សម្តេច​ត្រៀម​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ស៊ុយ ​អ៊ែត នៅ​ក្នុង​កិច្ចប្រជុំ​កំពូល អាស៊ី អ៊ឺរ៉ុប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ម៉ុង​ហ្កោ​លី​នា​ពេល​ខាងមុខ។

នៅ​ក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង លោកស្រី​ក៏បាន​ផ្លាស់​ប្តូ​រមតិ​គ្នា​ជុំវិញ​បញ្ហា​អន្តរ ជាតិ​មួយ​ចំនួន​រួម​ទាំង​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក សមុទ្រ​ចិន​ខាងត្បូង ស្ថានភាព​នៅ​អឺរ៉ុប​ជាដើម៕