កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់​ពី​បទ​គំរាមកំហែង​ប្រជាពលរដ្ឋ​ដោយ​អាវុធ​

កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់​ពី​បទ​គំរាមកំហែង​ប្រជាពលរដ្ឋ​ដោយ​អាវុធ​



ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​ធ្វើការ​ឃាត់ខ្លួន​ក្នុង ករណី​គំរាមកំហែង​ប្រជាពលរដ្ឋ​ដោយ​ប្រើប្រាស់​អាវុធ​ខ្លី​ខុសច្បាប់​នៅវេលា​ម៉ោង​១៦និង៣០​នាទី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ២០១៦​ ចំណុច​ភូមិ​ត​ងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែ​មិថុនា​ថា​ ការ​ឃាត់​ខ្លួន​មន្ត្រី​យោធា​ខាងលើ​នោះ​ធ្វើឡើង​ក្រោយពី​មានការ​រាយការណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ស្តីពី​ករណី​ដែល​មន្ត្រី​យោធា​រូប​នោះ​បាន​ធ្វើការ​គំរាមកំហែង​ប្រជាពលរដ្ឋ​ដោយ​ប្រើប្រាស់​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក​K59 ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​រួចមក​ទើប​សមត្ថកិច្ច អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​ធ្វើការ​ឃាត់ខ្លួន​ជាក់​ស្តែង​។

ប្រភព​បន្ត​ថា ​មន្ត្រី​យោធា​ម្នាក់​នោះ​ត្រូវ​បាន​ស្គាល់​ថា​ឈ្មោះ អ៊ុយ ចន្ថា ភេទ ប្រុស អាយុ៤៩ឆ្នាំ មុខរបរ មន្ត្រី​យោធា ឋានៈ​ព្រិន្ទបាលឯក អង្គភាព​វរៈ​ស៊ើប​ការណ៍​យោធភូមិភាគ​ពិសេស មាន​ទីលំនៅ ផ្ទះ​លេខ​៣៣៩ ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។

ក្រោយ​ការ​ឃាត់ខ្លួន​មន្ត្រី​យោធា​រូប​នោះ​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​បាន​ដូចជា អាវុធ​ខ្លី​ម៉ា​ក K59 លេខ​0199 បង់​01​គ្រាប់​ចំនួន​៣​គ្រាប់។

សូម​បញ្ជាក់​ផង​ដែរ​ថា ​មន្ត្រី​យោធា​ខាងលើ​ធ្លាប់​ត្រូវ​បាន កម្លាំង​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​ម្ដង​ ហើយ​ដោយ​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​លើ​ករណី​កែ្លង​បន្លំ​ឯកសណ្ឋាន​អាវយឺត​មាន​ឡូ​ហ្គូរ អាវុធហត្ថ​នឹង​ជេរប្រមាថ​ប្រជាពលរដ្ឋ​ផឹក​ស្រា​ស្រវឹង​ម្តង​រួច​មក​ហើយ​ថ្មីៗ​នេះ​។

ប៉ុន្តែ​មិនបាន​ប៉ុន្មា​ន​ថ្ងៃ​ផង​ មន្ត្រី​យោធា​រូប​នោះ​ពុំ​រាងចាល​ឡើយ​បែរជា​ប្រើប្រាស់​អាវុធ​ខុសច្បាប់​មក​គំរាមកំហែង​ពលរដ្ឋ​ក្នុងស្រុក​ភូមិ​ទៀត ​ក៏​ត្រូវ​ឃាត់ខ្លួន​ជា​លើក​ទី​២​ហើយ​បញ្ជូន​មក​ទីបញ្ជាការ​អាវុធហត្ថ​រាជធានី​ចាត់ការ​តាមច្បាប់​បន្ត​៕