ប្រជាពលរដ្ឋនៅតែបន្តការតវ៉ា មិនឱ្យសាងសងទំនប់ទឹកស្ទឹងស្រែងទី២

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ​ដែល​រង​ផល​ប៉ះពាល់​ដីស្រែ​ចំការ និង​លំនៅ​ដ្ឋា​ន​ចំនួន ៣​ស្រុក ក្នុង​ខេត្តឧត្តរមានជ័យ បន្ទាប់​ពី​ទំនប់​ទឹកស្ទឹង​ស្រែង​ទី​២ ត្រូវ
បាន​សាងសង់​រួច ដែល​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​មេត្តា​ជួយ​ព​ន្លឿ​ន​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ដល់​ពួក​គាត់​ជា​មុន​សិន​។ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បាន​រារាំង​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន ស៊ី​ណូ​ហា​យ​ត្រូ សារ​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ ដែល​ពួក​គាត់​បាន​យល់​ថា ទំនប់​ទឹកស្ទឹង​ស្រែង​ទី​២ កំពុង​តែ​សាងសង់​ជិត​រួច ហើយ​កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៦ ក្រុមការងារ​អន្តរក្រសួង​បាន​ចុះ​ពិនិត្យ​ផល​ប៉ះពាល់ និង​ជួប​សម្របសម្រួល ដោះស្រាយ​ផ្តល់​សំណង​ឱ្យ​ពួក​គាត់​ជា​មុន នៅ​ក្នុងភូមិ​ស្រះ​កែវ ក្នុង​ឃុំ​ពង្រ ស្រុក​ចុងកាល់ ដែល​រង​ការ​លិចលង់​លំនៅ​ដ្ឋា​ន និង​ស្រែ​ចំការ ខ្លាំង​ជាងគេ ក្នុង​ចំណោម​ភូមិ​ជា​ច្រើន​ភូមិ នៅ​ក្នុងស្រុក​អន្លង់​វែង និង​ក្រុង​សំរោង​។

ដោយ​ក្រុមការងារ​អន្តរក្រសួង​បាន​សន្យា​ថា ការ​ដោះស្រាយ​នេះ មិន​ឱ្យ​ហួស​នៅ​ក្នុង​ខែមិថុនា​នេះ តែ​ពួក​គាត់​រង់ចាំ​មិនឃើញ​មាន​ដំណោះស្រាយ​សំណង ហើយ​ក៏​ជិត​ដាច់​ខែមិថុនា ដែរ​។ ហើយ​ទើប​ពួក​គាត់​នាំ​គ្នា​មក​តវ៉ា ដើម្បី​ស្នើ ឱ្យ​រាជរដ្ឋាភិបាល ជួយ​ដោះស្រាយ​ជា​មុន​សិន​។ ដោយសារ​តែ​ស្ទាក់ស្ទើរ នៃ​ការ​រង​ចាំ​ដំណោះស្រាយ ទើប​ពួក​គាត់​មិន​ហ៊ាន ដាំ​ដុះ និង​ធ្វើស្រែ លើ​ដី​របស់​ពួក​គាត់ ដែល​អាច​រង​ការ​ខូចខាត​នៅ​ពេល​ទំនប់​ស្ទឹង​ស្រែង​ទី​២ ត្រូវ​បាន​បិទ ក្រោយ​ពេល​សាងសង់​រួច ហើយ​ក៏​ជិត​ផុត រដូវ​បង្កបង្កើន​ផល​របស់​ពួក​គាត់​ទៀត​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​ខេត្ត បាន​ចុះ​មក​សម្របសម្រួល ដោះស្រាយ​ជាមួយ​ពួក​គាត់​ចំនួន​១០​លើក​មក​ហើយ តែ​ពុំ​ឃើញ​មានការ​ផ្តល់​ជា​សំណង​ផល​ប៉ះពាល់​។​លោក ឆាង ឈី មេ​ភូមិ​ស្រះ​កែវ បាន​លើក​ឡើង​ថា អាជ្ញាធរ​មានការ​សោកស្តាយ ដែល​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​ស្រះ​កែវ ចំនួន ៣​ខ្នង បាន​លិចលង់​នៅ​ពេល​នេះ ដែល​ទំនប់​ទឹក​សាងសង​ជិត​រួច ហើយ​បន្ទាប់​ពី​ទំនប់​ទឹក​សាងសង​រួច លំនៅ​ដ្ឋា​ន ដីស្រែ​ចំការ​ប្រជា​ពលរដ្ឋ នឹង​ត្រូវ​លិចលង់​ជា​មិន​ខាន ហើយ​ទោះបីជា​ទំនប់​ទឹក​មាន​ទ្វារ​បិទ​បើក ក៏​នៅ​តែ​មិន​អាច​បង្ហូរទឹក​ឱ្យ​ផុត​ពី​ការ​លិចលង់​បាន​ដែរ​។ លោក​បាន​បញ្ជាក់​ថា ទំហំ​ផ្ទៃដី​ជាង ៦​ពាន់ ហិច​តា​នឹង​ត្រូវ​លិចលង់ បន្ទាប់​ពី​ទំនប់​ទឹកស្ទឹង​ស្រែង​ទី​២​នេះ​សាងសង់​រួច​។

អ្នក​ព័ត៌មាន​យើង​បាន​ជួប​បំភ្លឺ ពី​លោក ហួ​ន សុ​វ​ណ្ណា តំណាង​ចិន​ក្រុមហ៊ុន​ស៊ី​ណូ​ហា​យ​ត្រូ បាន​និយាយ​ថា បើ​ទោះបីជា​ប្រជាពលរដ្ឋ​រារាំង​គ្រឿងចក្រ​មិន​ឱ្យ​សាងសង់​ទំនប់ ក៏​ក្រុមហ៊ុន​នៅ​តែ​បន្ត​ការ​សាងសង់​ដដែល ព្រោះ​ក្រុមហ៊ុន​គ្រាន់តែ​ម៉ៅ​ការ​សាងសង់​ទំនប់​ទឹក លើ​គម្រោង​ទឹកប្រាក់​ចំនួន ៤៣​លាន ២​សែន​ដុល្លា ក្នុង​រយៈពេល ៣២​ខែ ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៥ បន្ទាប់​ពី​គម្រោង​ទំនប់​ស្ទឹង​ស្រែង​ទី​១ នៅ​ស្រុក​ស្រីស្នំ ខេត្តសៀមរាប លើ​គម្រោង​ទឹកប្រាក់​ចំនួន​៥៣​លាន​ដុល្លា​។

ដោយឡែក​បញ្ហា​ផល​ប៉ះពាល់ គឺ​ខាង​រាជរដ្ឋាភិបាល ជា​អ្នក​ដោះស្រាយ​ផល​ប៉ះពាល់ ហើយ​ខាង​ក្រុមហ៊ុន​គ្រាន់តែ​ទទួល​ការ​ម៉ៅ​ការ​សាងសង់​តែ​ប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ពួក​គាត់​នឹង​បណ្តាក់​គ្នា​ដេកចាំ​រារាំង​ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​មិន​ឱ្យ​សាងសង់ ទំនប់​តទៅ​ទៀត លុះត្រាតែ​ពួក​គាត់​ទទួល​បាន​សំណង​នៃ​ការ​ដោះ​ស្រា
យ​ជា​មុន​សិន​៕