គ្រូស្នេហ៍ (ភាគ​ទី​៤)

ភាគ​ទី​៤
ចិត្ត​ខ្ញុំ​កំពុង​គ្រឺត​ក្នាញ់​គេ ស្រាប់​តែ​គេ​ឆាត​មក។
«Hi»
​នេះ​លេង​មែន​ទែន​ហើយ​តើ? ​មិន​ត្រឹមតែ​ Accept​ ភ្លាម ថែមទាំង​ Chat​ មក​ភ្លែត!
​ខ្ញុំ​ក្ដៅ​ចិត្ត​ព្រោះ​ប្រចណ្ឌ​ពេញ​បន្ទុក។ ​ដៃ​ខ្ញុំ​សរសេរ​តប​ទៅ​វិញ៖
«​កូន​អ្នក​ណា​គេ​ស្អាត​ម៉េះ?!»
​គេ​មិន​ឆ្លើយ​សំណួរ​ខ្ញុំ ​តែ​សួរ​វិញ​ទៀត៖
«​បង​ឯង​ធ្លាប់​យល់សប្ដិ​របៀប​ខ្ញុំ​មែន​អត់​? ​ធ្លាប់​មាន​អារម្មណ៍​ដូច​ស្គាល់​អ្នក​ណា​ម្នាក់​មែន​អត់​? តែ​មិន​ដឹង​គេ​ជា​អ្នកណា?»

ខ្ញុំ​លែង​ខឹង​ ហើយ​អាណិត​គេ​ភ្លាម គឺ​អាណិត​សឹង​តែ​មិន​ទប់​ចិត្ត​មិន​ឱ្យ​នឹក​គេ​បាន​សោះ។
​ខ្ញុំ​ងប់​នឹង​ភាព​ស្លូតត្រង់​របស់​គេ។ ​ខ្ញុំ​ដឹង​ថា​គេ​ឆាត​ឆាប់​យ៉ាង​នេះ​ មក​តែ​ពី​គេ​អន្ទះសា​ចង់​ដឹង​ពី​ប្រុស​ម្នាក់​ដែល​បាន​ចូល​មក​ដិតដាម​ក្នុង​ជីវិត​គេ​ បាន​សេចក្ដី​ថា​ គេ​ក៏​កំពុង​រស់នៅ​ជាមួយ​ស្នេហា​នោះ​ដូច​ខ្ញុំ​ដែរ ​គ្រាន់តែ​ថា​ខ្ញុំ​នេះ​បាន​ដឹង​ពី​ហេតុ​ផល​គេ​វិញ គេ​មិន​ដឹង​អី​សោះ តែ​គេ​ប្រហែល​ជា​នៅ​ចងចាំ​ព្រាលៗ​ស្លាកស្នាម​ស្នេហា​ដ៏​ផ្អែមល្ហែម​របស់​យើង។

 

«​ធ្លាប់​អី? ​កំពុង​តែ​មាន​អារម្មណ៍​បែប​នេះ​រាល់ថ្ងៃ!»
​ខ្ញុំ​ឆ្លើយ​យ៉ាង​ប្រញាប់។ ​គេ​តប​មក​វិញ​ទៀត៖
«​មែន? ​ហើយ​បង​អាច​ប្រាប់​ខ្ញុំ​បាន​ទេ?»
«​អត់​បាន​ទេ! ខ្ជិល​និយាយ​ឆាត​ណាស់! ចាំ​ជួប​គ្នា​ខាង​ក្រៅ​និយាយ​ត​ទល់​ម៉ង​ទៅ​ស្រួល​ជាង!»
«បាន!»
​គេ​ឆ្លើយ​រហ័ស​ណាស់ ​ធ្វើ​ឱ្យ​ចិត្ត​ខ្ញុំ​រឹតតែ​ភ្លើតភ្លើន​ ប៉ុន្តែ​រំពេច​នោះ គេ​ដូរ​ចិត្ត​ ហើយ​ឆាត​ត្រឡប់​មក​ទៀត៖
«ភ្លេច! ម៉ាក់​ខ្ញុំ​មិន​ឱ្យ​ចេញ​ពី​ផ្ទះ​ទេ​បង!»

 

​ខ្ញុំ​នឹក​អាណិត​គេ​ក្ដុកក្ដួល​ចិត្ត​ជា​ខ្លាំង។ ​ខ្ញុំ​សរសេរ​វិញ​យ៉ាង​ញាប់៖
«​ហេតុ​អី? យើង​ធ្វើ​អី​ខុស?! ដឹង​ទេ​ថា​ឃុំ​មនុស្ស​វា​ខុស​ច្បាប់?!​ យើង​ធំ​ហើយ​ម៉េច​ព្រម​ឱ្យ​គេ​ឃុំ​?»
«​មិនមែន​ទេ! ​មក​ពី​ខ្ញុំ​ខ្លួនឯង​មាន​ជំងឺ បាន​ជា​មិន​អាច​បណ្ដោយ​ឱ្យ​ទៅ​ណា​តែ​ឯង​បាន​!»
​ចិត្ត​ខ្ញុំ​កាន់តែ​វេទនា​ ពេល​ឮ​ពី​ស្ថានភាព​រស់នៅ​របស់​គេ​។​ បើ​មិន​ដោយសារ​ខ្ញុំ គេ​មាន​ប្ដី​ជា​អ្នក​មាន​ក្លាយ​ជា​អ្នកស្រី​តូច​មាន​សេរីភាព ​មាន​អ្វី​គ្រប់​យ៉ាង​បាត់​ទៅ​ហើយ​។​ ពេល​នេះ គេ​បាត់បង់​ខ្លួន​ប្រាណ បាត់​បង់​គូ​ដណ្ដឹង បាត់បង់​សេរីភាព​ជា​មនុស្ស​ធម្មតា កេរ្តិ៍​ឈ្មោះ​និង​អនាគត តើ​ខ្ញុំ​រ៉ាប់រង​រួច​ទេ​ ប៉ះប៉ូវ​សង​គេ​ដោយ​របៀប​ណា​។

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

គ្រូស្នេហ៍ (ភាគ​ទី​៤)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ