ជំហាន​ដំបូង​​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​នៃ​កំណែទម្រង់​ គឺ​ត្រូវ​​ទទួល​ស្គាល់​​បញ្ហា

តើ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ជោគជ័យ​ខ្លាំង​ចំពោះ​កំណែទម្រង់​ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន​ដែរ​ឬទេ?

រហូត​មក​ទល់​ពេល​នេះ កំណែទម្រង់​បាន​ចេញ​ល​ទ្ធ​​ផល​មួយ​ចំនួន ​ដែល​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​ និង​មន្ត្រី​តូចតាច ដូច​ជា​ការ​ដំឡើង​ប្រាក់ខែ​ និង​ការ​បើក​ប្រាក់ខែ​ទៀងទាត់​ ព្រមទាំង​សេវាកម្ម​មួយ​ចំនួន​ ក៏​បាន​កែប្រែ​ដែរ​ ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​​ចុះ សំណួរ​នៅ​តែ​មាន​ថា ​តើ​ជោគជ័យ​នៃ​កំណែទម្រង់​រហូត​មក​ទល់​ពេល​នេះ​ នឹង​អាច​គ្រប់គ្រាន់​ដើម្បី​ដណ្តើម​ការ​គាំទ្រ​ពី​អ្នកបោះឆ្នោត​ដែរ​ឬទេ?

ដើម្បី​កំណែទម្រង់​បាន​ជោគជ័យ​កាន់តែ​ខ្លាំង វា​ចាំបាច់​ណាស់​ដែល​គេ​​ត្រូវ​ទទួលស្គាល់​បញ្ហា​ទាំងអស់​ និង​ភាព​ធ្ងន់ធ្ងរ​របស់​វា​ ដែល​នាំ​ដល់​ការ​មិន​សប្បាយចិត្ត​របស់​ប្រជាជន​ពិសេ​ស​អ្នក​ក្រីក្រ ​។ បញ្ហា​ប្រាក់ខែ​ទាប បញ្ហា​ការ​ចំណាយ​ខ្ពស់​នៅ​ក្នុង​ជីវភាព​រស់នៅ បញ្ហា​​​ដីធ្លី បញ្ហា​ពុក​រលួយ បញ្ហា​សេវាកម្ម​សាធារណ​:​មិនសូវ​មាន​ប្រ​សិ​ទ្ធ​​ភាព ត្រូវ​បាន​គេ​យល់​ថា​ ធ្វើឱ្យ​​កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ ដែល​មាន​ជា​មធ្យម​៧​ភាគរយ​ ក្នុង​មួយ​ឆ្នាំ​បាន​ផ្តល់​ផល​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ។

រដ្ឋាភិបាល​ត្រូវ​តែ​ជោគជ័យ​ខ្លាំង ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ ដើម្បី​អាច​ទាក់ទាញ​ការ​គាំទ្រ​របស់​ប្រជាជន​កម្ពុជា​ ។ ដូច្នេះ វា​នឹង​តម្រូវ​អោយ​មាន​ផែនការ​យុទ្ធ​សាស្ត្រ​លម្អិត​ និង​ការ​អនុវត្ត​ជាក់ស្តែង​ ប្រកបដោយ​ប្រ​សិ​ទ្ធ​ភាព​ ចំពោះ​បញ្ហា​ទាំង​អស់នេះ​ ដើម្បី​ជា​ប្រយោជន៍​ ដល់​មនុស្ស​ទាំងអស់​ ។ នៅ​ពេល​ដែល​មាន​គោលដៅ​ និង​ពេលវេលា​ច្បាស់លាស់​​នៃ​ការ​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ​​ហើយ ប្រជាជន​នឹង​ចាប់ផ្តើម​មានការ​ទុកចិត្ត​មក​លើ​រដ្ឋាភិបាល ​និង​គណបក្សកាន់អំណាច​ ។ ប៉ុន្តែ​បើសិនជា​ការ​ដោះស្រាយ​បញ្ហា​ទាំង​អស់នេះ​ បាន​ទទួលផល​តិចតួច​វិញ​​នោះ វា​ប្រហែលជា​នឹង​ធ្វើ​ឱ្យ​​មានការ​ពិបាក​ នៅ​ក្នុង​ការ​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាជន​កម្ពុជា ​។

នៅ​ក្នុ​ង​​ន័យ​​នេះ វា​មាន​សារសំខាន់​ណាស់ ​ដែល​រដ្ឋាភិបាល​ត្រូវ​ទទួលស្គាល់​រាល់​បញ្ហា​ទាំងអស់ ​ដែល​កើត​មាន​ហើយ ​បន្ទាប់​មក​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់នោះ​​​ឱ្យ​អស់​ល​ទ្ធ​​ភាព​ ដើម្បី​បាន​លទ្ធ​​ផល​មួយ ​ដែល​មានការ​ពេញចិត្ត​ពី​ប្រជាជន ​៕