ផ្អើល​គ្លីនិក គង់ ធី ព្រែក​ឯង ! បុរស​ម្នាក់​ដួល​ស្លាប់​ក្នុង​បន្ទប់ទឹក

រាជធានី​ភ្នំពេញ ៖ បុរសអ្នក​រត់​តាក់​ស៊ី​​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់​ចុកពោះ​ខ្លាំង​ពេក​ ចូល​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង តែ​គ្រូពេទ្យ​មិន​ទាន់បាន​ពិនិត្យ​ផង ក៏​សុំ​ចូល​បន្ទប់ទឹក​ស្រាប់តែ​ខ្យល់គ​ដួល​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹកតែ​ម្តង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥ និង​៥៥​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ នៅ​គ្លីនិក​ឯកជន​យីហោ «​បន្ទប់​ពិគ្រោះ​ព្យាបាល​ជម្ងឺ គង់ ធី ព្រែក​ឯង​» ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​២ ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ទួល​តា​បាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ។

ជន​រង​គ្រោះ​មានឈ្មោះ ពុន រស្មី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី ស្នាក់​នៅ​ភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ ស្រុកលើ​ដែក ខេត្តកណ្ដាល ។

តាម​សំដី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សាក្សី​ម្នាក់​បាន​និយាយ​ថា គាត់​កំពុង​តែ​មក​ពិនិត្យ​ជំងឺ​នៅ​គ្លីនិក​ខាងលើ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ខាងលើ​បាន​ចុះ​ពីលើ​រថយន្ត​តាក់ស៊ី​រួច​ដើរ​ចូល​ទៅ​ក្នុង​គ្លីនិក ដោយ​ប្រាប់​គ្រូពេទ្យ​ថា ចុកពោះ​ខ្លាំង​ណាស់ ពេល​នោះ​ដែរ​គ្រូពេទ្យ​កំពុង​តែ​រវល់​ពិនិត្យ​អ្នកជំងឺ​ផ្សេង​ទៀត​មិន​ទាន់​បាន​ពិនិត្យ​ជន​រង​គ្រោះ​ទេ ហើយ​ជន​រង​គ្រោះ​រូប​នោះ​បាន​ដើរទៅ​អង្គុយ​លើ​គ្រែពេទ្យ បន្ទាប់​មក​បាន​សុំ​គ្រូពេទ្យ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ស្រាប់តែ​ចូល​ទៅ​បាត់​ឈឹង​តែ​ម្តង ។

តាម​សម្តី​គ្រូពេទ្យ​ប្រចាំ​នៅ​គ្លីនិក​ខាងលើ​បាន​និយាយ​ថា រូប​គាត់​បានឃើញ​ជន​រង​គ្រោះ​ខាងលើ​បាន​ដើរ​ចូល​មក​ក្នុង​គ្លីនិក​របស់​គាត់ តែ​មិនដឹង​ថា ជន​រង​គ្រោះ​នោះ​ជិះ​អ្វី​មក​នោះ​ទេ នៅ​ពេល​ចូល​មក​ជន​គ្រោះ​បាន​ប្រាប់​ថា​ ចុកពោះ​ខ្លាំង​ណាស់ ពេល​រូប​គាត់​ជា​គ្រូពេទ្យ​កំពុង​ជាប់ដៃ​ពិនិត្យ​អ្នកជំងឺ​ដទៃ​ទៀត ក៏​បាន​ឲ្យ​ជន​រង​គ្រោះ​ទៅ​អង្គុយ​លើ​គ្រែ​សិន ពេល​នោះ​ជន​រង​គ្រោះ​បាន​ដើរ​ចូល​ទៅ​ក្នុង រួច​បាន​សុំ​លោកគ្រូ​ពេទ្យ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ។ ពេល​នោះ​ដែល​ជន​រង​គ្រោះ​បាន​ចូល​ទៅ​បន្ទប់ទឹក​បាត់​​ឈឹង លឺ​តែ​សំឡេង​ទឹក​ហូរ ហើយ​រូប​គាត់​ក៏​មិន​ទាន់​បាន​ចាក់​ថ្នាំ​អ្វី​ទៅ​លើ​ជន​រង​គ្រោះ​នោះ​ដែរ ។ ខណៈ​មិនឃើញ​ជន​រង​គ្រោះ​ចេញពី​បន្ទប់ទឹក​វិញ ដូច្នេះ​រូប​គាត់​នឹង​ប្រពន្ធ​គាត់​ឆ្ងល់ ប្រពន្ធ​បាន​ដេញ​គាត់​ជា​ប្តី​​ឲ្យ​ទៅ​មើល តែ​គាត់​ជា​គ្រូពេទ្យ​បាន​ប្រកែក​ថា អ្នក​ណា​ទៅ​មើល​គេ​ដែល​កំពុង​បត់ជើង​នោះ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​ឆ្ងល់​មិនឃើញ​ជន​រង​គ្រោះ​ចេញពី​បន្ទប់ទឹក​វិញ រូប​គាត់​ជា​គ្រូពេទ្យ​បាន​ដើរ​ចូល​ទៅ​ក្នុង​មើល​ក្នុង​បន្ទប់ទឹក ក៏​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​ទៅ​ហើយ ដោយ​ដួល​ទាំង​ស្រាតខោ​វែង​ចេញ​អស់​នៅ​សល់​តែ​ខោ​ជើង​ខ្លី ។ នៅ​ពេល​នោះ​ដែរ​រូប​គាត់​ជា​គ្រូពេទ្យ​បាន​ផ្តល់​ដំណឹង​ទៅ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន និង​ទំនាក់ទំនង​ទៅ​រក​សាច់ញាតិ​ឲ្យ​មក​មើល​ជន​រង​គ្រោះ លុះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ឃើញ​ដូច្នេះ​ក៏​បាន​ទំនាក់ទំនង​ទៅ​ខាង​ចក្ខុ​ឲ្យ​មក​ធ្វើ​កោសល្យវិច័យ​មើល​ថា តើ​សព​នេះ​មាន​ស្នាម​ចាក់​ថ្នាំ​ដែរ​ឬ​អត់? លុះ​សមត្ថកិច្ច​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​រួច ឃើញ​ថា​គ្មាន​ស្នាម​ចាក់​ថ្នាំ​ទៅ​លើ​សព​ជន​រង​គ្រោះ​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​ថា សព​នេះ​ស្លាប់​ដោយសារ​ខ្យល់គ រួច​ហើយ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ៕