Ronaldo ជួយឲ្យព័រទុយហ្គាល់ ឈានទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អចំនួន២គ្រាប់កាលពីថ្ងៃពុធ ដើម្បីបង្កើតប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍ Euro និងដើម្បីសង្គ្រោះក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិហុងគ្រី ដែលបានធ្វើឲ្យពួកគេឈានទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយ។

Ronaldo-ft16

ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លិប Real Madrid រូបនេះ បានក្លាយជាកីឡាករដំបូងគេក្នុងការស៊ុតបាល់បញ្ចូលទីក្នុងការប្រកួត Euro ជុំផ្តាច់ព្រ័ត្របួនលើកផ្សេងគ្នា និងក្នុងការប្រកួតជាលើកទី១៧របស់គេនៃយុទ្ធនាការជើងឯកអឺរ៉ុប។

ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ បានរកគ្រាប់បាល់បើកឆាកយ៉ាងល្អតាមរយៈការឆ្កិះបាល់ចូលទីដោយកែងជើងរបស់គេនៅនាទី ទី៥០ បន្ទាប់មកបានតែតបាល់បំប៉ោងសំណាញ់ទីយ៉ាងល្អក្នុងរយៈពេល១២នាទីក្រោយមក ដើម្បីតាមស្មើពីរលើកនាកីឡដ្ឋាន Stade de Lyon។

លទ្ធផលនេះបានធ្វើឲ្យក្រុមជ្រើសជាតិហុងគ្រី ឡើងឈរលេខមួយក្នុងពូល F ខណៈដែលក្រុមជ្រើសជាតិព័រទុយហ្គាល់ បានឈានទៅប្រកួតក្នុងវគ្គបន្តក្នុងនាមជាក្រុមមួយក្នុងចំណោមក្រុមឈរលេខ៣ដែលមានពិន្ទុខ្ពស់ជាងគេ ហើយបច្ចុប្បន្ន ពួកគេនឹងត្រូវជួបជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី នៅថ្ងៃសៅរ៍ ខាងមុខនេះ។

កីឡាករឆ្នើមប្រចាំការប្រកួត Ronaldo បាននិយាយថា៖ «វាគឺជាការប្រកួតដ៏រំភើបមួយ។ យើងត្រូវតែវាយបកដេញតាមពីក្រោយក្នុងការប្រកួតនេះ វាពិតជាស្វិតស្វាញ ប៉ុន្តែ គោលដៅរបស់យើងគឺការឈានទៅវគ្គបន្ត។ ខ្ញុំមិនអាចនិយាយថា ខ្ញុំមិនរីករាយនោះឡើយ ព្រោះទាំងនេះគឺជាកំណត់ត្រាដ៏ល្អ ប៉ុន្តែ គោលដៅជាអាទិភាពគឺការឈានទៅប្រកួតក្នុងវគ្គ១៦ក្រុមចុងក្រោយ»៕

ប្រភពព័ត៌មាន៖ Channel News Asia